តុលាការអចិន្ត្រៃយ៍ក្រុងឡាអេប្រកាសកាលពីថ្ងៃទី២៩ តុលា ពីសមត្ថកិច្ចរបស់ខ្លួន ដើម្បីកាត់ក្តីតាមពាក្យបណ្តឹងរបស់ហ្វ៊ីលីពីនប្រឆាំងចិន ចំពោះការទាមទារដែនដីក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ។
ការសម្រេចចិត្តនេះជាការវាយបកមួយលើក្រុងប៉េកាំងខាងផ្លូវតុលាការ ដោយតុលាការនេះបដិសេធការអះអាងទាំងឡាយរបស់ចិន ដែលថា ជម្លោះតាមការពិតទាក់ទិននឹងអធិបតេយ្យភាពដែនដីរបស់ខ្លួន ។
តុលាការនេះបញ្ជាក់ថា សវនាការថ្មីៗនឹងធ្វើដើម្បីសិក្សាពីការអះអាងទាំងឡាយរបស់ហ្វ៊ីលីពីន ។ ចិនបានធ្វើពហិការនីតិវិធីនោះ ហើយបដិសេធរាល់សមត្ថកិច្ចរបស់តុលាការក្នុងសំណុំរឿងនេះ ។
ក្រុងប៉េកាំងទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរទាំងអស់ដោយបដិសេធការទាមទាររបស់វៀតណាម ហ្វ៊ីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី ព្រុយណេ លើផ្នែកមួយចំនួន ។
តុលាការអចិន្ត្រៃយ៍ក្រុងឡាអេសម្រេចថា ខ្លួនមានសមត្ថកិច្ចកាត់ក្តីការទាមទារទាំងឡាយរបស់ក្រុងម៉ានីល យោងតាមអនុសញ្ញា អ.ស.ប ស្តីពីច្បាប់សមុទ្រ ដោយបញ្ជាក់ថា ការសម្រេចចិត្តរបស់ចិនមិនចូលរួមក្នុងសវនាការនឹងពុំអាចដកហូតយុត្ថាធិការរបស់ខ្លួនឡើយ ។
សហរដ្ឋអាេមរិកស្វាគមន៍ចំពោះការសម្រេចចិត្តនេះ ដោយពន្យល់ថា ខ្លួនចង់ឱ្យមានដំណោះស្រាយដោយសន្តិវិធីនៃសំណុំរឿងនោះ តាមផ្លូវការទូត ឬតាមរយៈបណ្តាស្ថាប័នអន្តរជាតិដូចជាតុលាការអចិន្ត្រៃយ៍ក្រុងឡាអេជាដើម ។
តុលាការអចិន្ត្រៃយ៍ក្រុងឡាអេបង្កើតឡើងកាលពីឆ្នាំ១៨៩៩ ដើម្បីសម្រួលការដោះស្រាយដោយសន្តិវិធីនៃបណ្តាជម្លោះរវាងរដ្ឋនានា បណ្តាអង្គការ និងបុគ្គលឯកជន ។ ចិន និងហ្វ៊ីលីពីនស្ថិតក្នុងចំណោមសមាជិកទាំង១១៧ប្រទេសរបស់តុលាការនេះ ៕
ចែករំលែកព័តមាននេះ