ការចរចាអន្តរជាតិដើម្បីប៉ុនប៉ងស្វែងរកដំណោះស្រាយនយោបាយមួយចំពោះជម្លោះនៅស៊ីរី ចាប់ផ្តើមធ្វើកាលពីថ្ងៃទី២៩ តុលា នៅទីក្រុងវីយែន ជាមួយការចូលរួមរបស់អីុរ៉ង់ដែរ ។
បណ្តាអ្នកចូលរួមក្នុងការចរចាធំនេះ ពុំផ្តោតលើកិច្ចព្រមព្រៀងប្រាកដប្រជាណាមួយឡើយ ទាក់ទិនដល់អនាគតនៃរបបលោកបាចា អាល់អាសាដ ក៏ប៉ុន្តែវត្តមានរបស់បណ្តាអ្នកដែលមានជំហរផ្ទុយគ្នាយ៉ាងខ្លាំងលើសំណុំរឿងស៊ីរីត្រូវបានគេមើលឃើញថាជាការរីកចម្រើនមួយ ។
ប្រមុខការទូតអាមេរិក លោកចន ឃ័ររី នាថ្ងៃទី២៩ តុលា បានជួបពិភាក្សានៅរដ្ឋធានីអូទ្រីសជាមួយតំណាង២រូប ដែលគាំទ្រយ៉ាងខ្លាំងដល់របបក្រុងដាម៉ាស់ គឺសមភាគីអីុរ៉ង់ លោក MOHAMMAD JAVAD ZARIF និងសមភាគីរុស្ស៊ី លោកស័រហ្គេយឡាវរ៉ូវ មុនកិច្ចប្រជុំបើកទូលាយនាព្រឹកថ្ងៃទី៣០ តុលា ដែលមានតំណាងការទូតតំបន់ និងអឺរ៉ុបចូលរួមដែរប្រមាណជា២០រូប ដើម្បីលើកឡើងពីទស្សនវិស័យនៃជម្លោះដែលបណ្តាលឱ្យមនុស្សស្លាប់ជាង២៥០.០០០នាក់ ហើយចាប់តាំងពីឆ្នាំ២០១១មក ។
លោកចន ឃ័ររី យល់ឃើញថា ឥឡូវជាពេលត្រូវផ្តល់ឱ្យអុីរ៉ង់ចូលរួមក្នុងតុចរចាដែរ ដែលជាជំហរគួរឱ្យកត់សម្គាល់មួយរបស់អាមេរិក ដែលរហូតមកទល់ពេលនេះតែងប្រឆាំងនឹងគំនិតបែបនោះ ។
ចូលរួមក្នុងការចរចានេះក្រៅពីប្រមុខការទូតអាមេរិក រុស្ស៊ី អារ៉ាប៊ី សាអ៊ូឌីត និងតួកគី មានសមភាគីលីបង់ និងអេហ្ស៊ីប ហើយរដ្ឋមន្ត្រីការបរទេសបារាំង អង់គ្លេស អាល្លឺម៉ង់ ព្រមទាំងប្រមុខការទូតអឺរ៉ុបក៏ចូលរួមដែរ ។
ចំពោះការវាយប្រហារតាមអាកាសរបស់រុស្ស៊ីរយៈពេល៣សប្តាហ៍មកហើយនៅស៊ីរី បើតាមព័ត៌មាននានាដែលអង្គការសិទ្ធិមនុស្សស៊ីរីOSDH ប្រមូលបាននៅលើទីលានថា ពួកឧទ្ទាមនិយមកណ្តាល ឬសម្ព័ន្ធមិត្តក្រុមរណសិរ្សអាល់ណូស្ត្រា សាខាអាល់កៃដានៅស៊ីរី២៧៩នាក់ ជនស៊ីវិល១៨៥នាក់ ក្នុងនោះមានកុមារ៤៨នាក់ នារី៤៦នាក់ ព្រមទាំងពួកជីហាដក្រុមរដ្ឋអ៊ិស្លាម១៣១នាក់ត្រូវស្លាប់ ។
យោងតាម OSDH បើប្រៀបធៀបគ្នាទៅនឹងការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះនាំមុខដោយសហរដ្ឋអាេមរិករយៈពេលជាង១ឆ្នាំបន្តិច បណ្តាលឱ្យមនុស្ស៣.៦២៨នាក់ស្លាប់ ក្នុងនោះ៣.២៧៦នាក់ ជាសមាជិកក្រុមរដ្ឋអិុស្លាម និង១៤៦នាក់មកពីក្រុមរណសិរ្សអាល់ណូស្ត្រា និងក្រុមអិុស្លាមនិយមឯទៀតៗ ។ ចំណែកជនស៊ីវិល២០៦នាក់ក៏ត្រូវស្លាប់ដែរ ដោយការទម្លាក់គ្រាប់បែករបស់ក្រុមចម្រុះ ៕
ចែករំលែកព័តមាននេះ