ខេត្តកំពង់ឆ្នាំង ៖ គោយន្តមួយគ្រឿងដឹកឈើធ្ងន់ និងវែងពេក លុះដល់ផ្លូវចុះចំណោត ត្រូវអ្នកបើកបរទប់ចង្កូតមិនឈ្នះ ក៏ជ្រុលទៅបុកចូលក្នុងផ្ទះលក់បាយមួយកន្លែង និងបុកម៉ូតូ១គ្រឿង បណ្តាលឱ្យរងការខូចខាត ។ បន្ទាប់មកម្ចាស់គោយន្ត បានព្រមសងការខូចខាតដល់ម្ចាស់ផ្ទះអស់៩០ម៉ឺនរៀល ទើបសមត្ថកិច្ចឱ្យរួចខ្លួន ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៦ និង១៥នាទីល្ងាចថ្ងៃទី២៩ តុលា ២០១៥ ស្ថិតនៅចំណុចផ្លូវដាច់កំពង់ផែយឿត្រី ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលផ្សារឆ្នាំងបានឱ្យដឹងថា ម្ចាស់គោយន្តដឹកឈើខាងលើនេះឈ្មោះប្រាក់ ចន្ធី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិអណ្តូងរនុក ឃុំតាងិលស្រុកកំពង់លែង ។ មុនពេលកើតហេតុ រូបគាត់និងប្តី រួមទាំងប្អូនប្រុសបានឡើងទៅទិញឈើ សម្រាប់ធ្វើផ្ទះពីភូមិក្តុល ឃុំគ្រាំងស្គារ ស្រុកទឹកផុស ដឹកតាមគោយន្ត២គ្រឿងយកមកមាត់ទន្លេផ្សារក្រោម ដើម្បីចុះកាណូតដឹក បន្តឆ្លងទន្លេទៅផ្ទះនៅស្រុកកំពង់លែង។
ប៉ុន្តែពេលបើកគោយន្តដឹកឈើចុះចំណោតផ្លូវដាច់នៅចំណុចខាងលើ ដោយសារតែគោយន្ត១គ្រឿងរបស់គាត់ដឹកឈើវែងៗធ្ងន់ពេក ទប់ចង្កូតមិនឈ្នះ ក៏ជ្រុលចង្កូតបុកម៉ូតូ១គ្រឿង និងបុកចូលក្នុងផ្ទះស្ត្រីលក់បាយឈ្មោះជឹម ភៀច អាយុ៦០ឆ្នាំ នៅផ្នែកខាងឆ្វេងផ្លូវ បណ្តាលឱ្យគ្រែដាក់បាយ សម្ល លក់ ចានឆ្នាំងកែវ និងសម្ភារមួយចំនួនទៀតរលំបែកបាក់ខូតខាតអស់ និងសំណាងផងដែរ បានរត់គេចទាន់។
ក្រោយពេលកើតហេតុ ភាគីម្ចាស់ផ្ទះម្ចាស់ និងម៉ូតូ បានធ្វើការសម្របសម្រួលជាមួយម្ចាស់គោយន្តនៅមុខសមត្ថកិច្ច ដោយភាគីម្ចាស់គោយន្តបានសងម្ចាស់ផ្ទះលក់បាយ៨០ម៉ឺនរៀល និងសងម្ចាស់ម៉ូតូ១០ម៉ឺនរៀល តាមការទាមទាររបស់ភាគីរងគ្រោះទើប បញ្ចប់រឿង ។







ចែករំលែកព័តមាននេះ