អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថានប្រកាសកាលពីថ្ងៃទី២៩ តុលា ថា តុល្យការនៃជនរងគ្រោះដោយសារការរញ្ជួយដីកម្លាំង៧,៥រីស្ទ័រ ដែលវាយប្រហារប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី២៦ តុលា កន្លងមកនេះ អ្នកស្លាប់ឡើងដល់២៧២នាក់ ។
យោងតាមអាជ្ញាធរប្រទេសនេះថា មនុស្សយ៉ាងតិច២.១២៣នាក់រងរបួស ហើយផ្ទះ២៥.៣៦៤ខ្នង រងការបំផ្លាញដោយការរញ្ជួយដី ។ មនុស្ស២២៥នាក់ស្លាប់នៅខេត្ត KHYBER PARKHTUNKHWA ភាពពាយ័ព្យប្រទេស ២០នាក់ស្លាប់នៅតំបន់កុលសម្ព័ន្ធនានាក្នុងភាគពាយ័ព្យ ១០នាក់ស្លាប់ នៅ GILGIT BALTISTAN ៥នាក់ស្លាប់នៅខេត្ត PUNJAB និង២នាក់ស្លាប់នៅតំបន់កាស្មៀរប៉ាគីស្ថាន ។
ភ្លាមៗក្រោយការរញ្ជួយដី កងទ័ពប៉ាគីស្ថាន និងបណ្តាស្ថាប័នជួយសង្គ្រោះស៊ីវិល ក៏ដូចជាអឌ្ឍចន្ទក្រហមប៉ាគីស្ថានបានធ្វើប្រតិបត្តិការក្នុងតំបន់រងការប៉ះពាល់ ហើយជួយបញ្ជូនអ្នករបួស ៕
ចែករំលែកព័តមាននេះ