ប្រទេសចិនបានប្រកាសពីការបញ្ចប់នយោបាយដ៏ចម្រូងចម្រាស់នៃការមានកូនតែម្នាក់ ដែលនយោបាយនេះមានជាធរមានចាប់តាំងពីជាង៣ទសវត្សមកហើយ ដោយអនុញ្ញាតឱ្យប្តីប្រពន្ធមួយគូមានកូន២នាក់ ។ នេះជារបត់ប្រវត្តិសាស្ត្រមួយទាមទារដោយបញ្ហាប្រជាសាស្ត្រ និងសេដ្ឋកិច្ច ដើម្បីប្រឈមមុខនឹងការកើនឡើងខ្ពស់នៃមនុស្សចាស់ ក្នុងចំណោមប្រជាជនចិន និងសេចក្តីត្រូវការនៃកំណើនសេដ្ឋកិច្ច ។
យោងតាមសេចក្តីប្រកាសរបស់បក្សកុំមុយនីស្តចិន អានតាមទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃទី២៩ តុលា ថា ការសម្រេចចិត្តនេះត្រូវបានធ្វើដើម្បីលើកស្ទួយលំនឹងក្នុងការអភិវឌ្ឍន៍ប្រជាសាស្ត្ររបស់ចិន ហើយឆ្លើយតបចំពោះភាពចាស់នៃប្រជាជនចិន ។
ការបន្ទន់នយោបាយកម្រិតកំណើតដែលជារឿយៗនាំឱ្យមានការរំលូតកូនចោលដោយចាប់បង្ខំ ត្រូវបានរង់ចាំបន្ទាប់ពីការអំពាវនាវជាច្រើនក្នុងន័យនេះរបស់បណ្តាអ្នកជំនាញការ ឬបណ្តាស្ថាប័នស្រាវជ្រាវ ។
ការសម្រេចចិត្តនេះ ត្រូវបានធ្វើកាលពីថ្ងៃទី២៩ តុលា នាឱកាសសន្និបាតពេញអង្គលើកទី៥របស់គណៈកម្មាធិការកណ្តាលបក្សកុំមុយនីស្តចិន បន្ទាប់ពីការរួមប្រជុំ៤ថ្ងៃផ្តោតលើការអនុម័តផែនការ៥ឆ្នាំលើកទី១៣ (២០១៦-២០២០) ។
ប្រទេសចិនបានដាក់ការកម្រិតកំណើតកាលពីដំណាច់ទសវត្សឆ្នាំ៧០ ដើម្បីទប់កំណើនប្រជាសាស្ត្រដែលជំរុញក្រោមការដឹកនាំរបស់ម៉ៅ សេទុង (១៩៤៩-១៩៧៦) ។ ក៏ប៉ុន្តែភាពចាស់នៃប្រជាជនកើតមានដោយសារនយោបាយនេះ រួមទាំងការបាត់លំនឹងរវាងបុរស និងនារី ដែលពេលនេះចោទជាការប្រឈមយ៉ាងធំមួយចំពោះអាជ្ញាធរ ។ ក្នុងឆ្នាំ២០១៤ យោងតាមស្ថិតិ គិតជាមធ្យមមានក្មេងប្រុសកើត១១៦នាក់ សម្រាប់ក្មេងស្រី១០០នាក់ ហើយបើគិតពីចំនួនមនុស្សប្រុស និងស្រី គិតជាមធ្យមបុរស១០៥នាក់ សម្រាប់នារី១០០នាក់ ។
យោងតាមការសិក្សាផ្លូវការជាច្រើនថា បុរសចិនដល់ទៅ៣០លាននាក់ពុំមានលទ្ធភាពរកប្រពន្ធបាន ។ បែបនេះនាំឱ្យមានវិបត្តិអ្នកនៅលីវ ដែលញ៉ាំងឱ្យមានការចាប់រំលោភ អស្ថេរភាពធ្វើឱ្យអាជ្ញាធរឈឺក្បាល ។
ទោះបីយ៉ាងណា ក្នុងចំណោមជនជាតិភាគតិច៥៥ក្រុមរបស់ប្រទេសស្ទើរទាំងអស់ពុំប៉ះពាល់ដោយការកម្រិតកំណើតឡើយ ហើយប្រជាជនចិននៅជនបទមួយគ្រួសារអាចមានកូន២នាក់រួចទៅហើយ ប្រសិនបើកូនដំបូងជាកូនស្រី ។ ការសម្រាលការកម្រិតរឿងកូនត្រូវបានប្រកាសកាលពីដំណាច់ឆ្នាំ២០១៣ ដោយអនុញ្ញាតឱ្យគ្រួសារមួយមានកូន២នាក់ ប្រសិនបើក្នុងចំណោមឪពុក និងម្តាយមានម្នាក់ជាកូនទោល ។ ក៏ប៉ុន្តែលទ្ធភាពនេះនៅតែពុំសម្រេចបានការកើននៃកំណើត ដែលអាជ្ញាធររបស់ចិន មានប្រជាជនច្រើនជាងគេលើពិភពលោកដល់១,៣៧ពាន់លាននាក់ចង់បាន ៕
ចែករំលែកព័តមាននេះ