ផ្សារលើ អនឡាញ ដើរតួនាទីសំខាន់ក្នុងពេលបិទខ្ទប់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារលើ អនឡាញ ដើរតួនាទីសំខាន់ក្នុងពេលបិទខ្ទប់

4 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ការបិទខ្ទប់ដើម្បីការពារជំងឺកូវីដ ១៩ នាពេលកន្លងមកនេះ ហាក់បានជំរុញឲ្យពលរដ្ឋប្រើប្រាស់សេវាអុីនធឺណែតនៅក្នុងជីវភាពប្រចំាថ្ងៃច្រើនឡើងហើយសកម្មភាពជាងមុន ។ មែនទែនទៅចាប់តំាងពីមានការវាយលុកពីជំងឺកូវីដ ១៩ ជាសកលមក…

រាជធានីភ្នំពេញ ៖ ការបិទខ្ទប់ដើម្បីការពារជំងឺកូវីដ ១៩ នាពេលកន្លងមកនេះ ហាក់បានជំរុញឲ្យពលរដ្ឋប្រើប្រាស់សេវាអុីនធឺណែតនៅក្នុងជីវភាពប្រចំាថ្ងៃច្រើនឡើងហើយសកម្មភាពជាងមុន ។ មែនទែនទៅចាប់តំាងពីមានការវាយលុកពីជំងឺកូវីដ ១៩ ជាសកលមក ការសិក្សាដោយផ្ទាល់ ការធ្វើការងារ ឬប្រកបមុខជំនួញជូញដូរជាច្រើនបានប្តូរមកដំណើរការតាមអនឡាញ ។ អនឡាញបានដើរតួនាទីកាន់តែសំខាន់ នៅក្នុងពេលដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល បានអនុវត្តវិធានការបិទខ្ទប់នោះ ។

អ្នកស្រី បុប្ផា ពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញ ដែលបានឆ្លងកាត់ការអនុវត្តវិធានការរដ្ឋបាល បិទខ្ទប់នាពេលកន្លងមកបានមើលឃើញថា សេវាអនឡាញហាក់មានការរីកចម្រើននៅពេលដែលមានការបិទខ្ទប់នេះ ។ ជាពិសេសអ្នកស្រីសង្កេតឃើញថា អនឡាញបានក្លាយជាទីផ្សារលក់ដូរទំនិញដ៍សកម្ម នៅពេលផ្សារលក់ដូរជាច្រើននៅភ្នំពេញ ត្រូវបានអាជា្ញធរ ផ្អាកសកម្មភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នោះ។

Picture

“យើងដឹងហើយថាអាជ្ញាធរបានបិទការលក់ដូរនៅតាមផ្សាររដ្ឋ និងផ្សារមិនរៀបរយស្ទើរទាំងអស់ នៅភ្នំពេញ ជាបណ្តោះអាសន្ន ។ សម្រាប់ខ្ញុំនៅពេលផ្សារបានបិទទ្វារនោះ ខ្ញុំងាកមកទិញទំនិញតាមអនឡាញ ហើយការលក់ដូរតាមអនឡាញពេលបិទខ្ទប់នេះ មានគ្រប់មុខ លក់បន្លែ លក់សាច់ លក់អង្ករ លក់អាហារចម្អិនស្រាប់ រហូតដល់មានលក់បង្អែម លក់គ្រឿងសម្អាង និងលក់សម្លៀកបំពាក់ជាដើម ។ ដូច្នេះខ្ញុំយល់ថា ផ្សារអនឡាញដើរតួនាទីសំខាន់ណាស់នៅពេលបិទខ្ទប់កន្លងមកនេះ» ។

Picture

រដ្ឋាភិបាលបានអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេលបីសប្តាហ៍ ចាប់ពីថ្ងៃទី ១៥ មេសា ។ ក្រៅពីទីក្រុងសំខាន់ពីរនេះ នៅតំបន់ខ្លះ តាមខេត្តមូយចំនួន ក៍បានអនុវត្តវិធានការបិទខ្ទប់នេះដែល ដូចជាក្រុងព្រះសីហនុជាដើមនោះ ។ ការបិទខ្ទប់ ដែលអនុញ្ញាតឲ្យនៅមានសេវាដឹកជញ្ជួនអាហារ ស្បៀង គ្រឿងហូបចុកដល់ផ្ទះពលរដ្ឋនោះ បានធ្វើឲ្យអាជីវកម្មអនឡាញរីកដុះដាលឡើង ជាពិសេសគេសង្កេតឃើញថា ភោជណីដ្ឋាន អាហារដ្ឋានជាច្រើន ជំនួសឲ្យការបិទទ្វារទំាងស្រុងនោះ ពួកគេបានបន្តបើកអាជីវកម្ម ជាមួយសេវាវេចខ្ទប់ ដឹកជញ្ជួនដល់ដៃអតិថជន ដែលកំពុងសម្រាក់តាមផ្ទះនោះតែម្តង ។ ទោះរហូតមដល់ពេលនេះ ស្ថានការណ៍ឆ្លងកូវីដ ១៩ ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហាក់មានការថយចុះបន្តិចក្តី តែវិធានការបិទខ្ទប់ នៅតែបន្តនៅតាមតំបន់ ភូមិខ្លះដែលអាជ្ញាធរបានកំណត់ថាជាកន្លែងមាន ហានិភ័យខ្ពស់នោះ ហើយផ្សាររដ្ឋនិងផ្សារមិនរៀបរយជាច្រើននៅតែបន្តផ្អាកសកម្មភាពលក់ដូរទៅមុខទៀត ជាពិសេសនៅភ្នំពេញ ដែលជាប្រការធ្វើឲ្យផ្សារអនឡាញ នៅតែមានតួនាទីសំខាន់ ក្នុងការផ្គត់ផ្គង់អាហារ និងសម្ភារៈប្រចំាថ្ងៃដល់ពលរដ្ឋ នៅគ្រាកូវីដវាយលុកនេះ ៕