រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ដណ្ដើមក្រវាត់គោជល់ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅលើសង្វៀនស៊ីធីអិនថ្ងៃសៅរ៍ទី៣១ តុលា នេះ បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រហើយ ។ កីឡាករ យ៉េន ឌីណា មកពីក្លិបអប្សរាក្បាច់គុនខ្មែរ ត្រូវប្រកួតជាមួយកីឡាករឡាវ ឈ្មោះឆ្នាក់ឆ័យ សារ៉ាភីយីម ដណ្ដើមយកចំណាត់ថ្នាក់លេខ១ ចំណែកកីឡាករសុខ សុវណ្ណ មកពីក្លិបកងពលធំអន្តរាគមន៍លេខ៨ភ្នំទ្រព្យ ជួបប្រកួតជាមួយកីឡាករឡាវដូចគ្នាឈ្មោះ វ៉ាន់មីឈោគ សសាគុណថង ដណ្ដើមយកចំណាត់ថ្នាក់លេខ៣ ។
ឌីណា និងឆ្នាក់ឆ័យ សុទ្ធតែជាកំពូលអ្នក ប្រដាល់ដែលមានល្បិចប្រកួតនៅលើសង្វៀនក្រាស់ឃ្មឹកពេញខ្លួនដូចគ្នា ។ មុននឹងឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមយកចំណាត់ថ្នាក់លេខ១ ឌីណា បានផ្ដួលកីឡាករ វ៉ាន់មីឈោគ សសាគុណថង ឱ្យសន្លប់នៅក្នុងទឹកទី២ ។ ចំណែក ឆ្នាក់ឆៃ បានយកឈ្នះកីឡាករសុខ សុវណ្ណ ដោយពិន្ទុ ។ ដូច្នេះសម្រាប់ការជួបគ្នារវាង កីឡាករទាំងពីរលើកនេះ អត់មានអ្នកណាម្នាក់ហ៊ានទាយទុកមុនពីលទ្ធផលចុងក្រោយបានឡើយ ។ ប៉ុន្តែកាលនៅវគ្គប្រកួតជម្រុះវិលជុំក្នុងពូលកន្លងមក ឆ្នាក់ឆ័យ ធ្លាប់ត្រូវ ឌីណា វាយឱ្យសន្លប់នៅលើសង្វៀនក្នុងទឹកទី៤រួចម្ដងមកហើយ។ ដូច្នេះសម្រាប់ការប្រកួតលើកនេះ ឌីណា មានសង្ឃឹមច្រើនក្នុងការដណ្ដើមយកតំណែងជាម្ចាស់ជើងឯក ។ ចំណែក ឆ្នាក់ឆ័យ ក៏មិនអន់ប៉ុន្មានដែរ នៅក្នុងវគ្គជម្រុះកន្លងមក គេចាញ់តែឌីណា ម្នាក់ប៉ុណ្ណោះ។ ដូច្នេះ បើឌីណា ហ៊ានតែមើលស្រាលលើគេច្បាស់ជាស៊យធំមិនខាន ។
ដោយឡែក ការប្រកួតរវាងសុខ សុវណ្ណ និង វ៉ាន់មីឈោគ សសាគុណថង វិញនោះ គេមានជំនឿចិត្តលើកីឡាករកម្ពុជាច្រើនជាង ដោយសារនៅក្នុងវគ្គជម្រុះវិលជុំកន្លងមក សុខ សុវណ្ណ បានវាយកីឡាករថៃរូបនេះឱ្យសន្លប់នៅក្នុងទឹកទី៤ រួចម្ដងមកហើយ ។ ចាំមើលលើកនេះ សុខ សុវណ្ណ អាចផ្ដួលគូប្រកួតដែលធ្លាប់ចាញ់ខ្លួនបានដោយរបៀបណា ?


ចែករំលែកព័តមាននេះ