ខេត្ដសៀមរាប ៖ រថយន្ដបែនដឹកដីមួយគ្រឿងម៉ាកTITAN ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ធំ ៣A .០៤៤៩ បើកក្នុងល្បឿនលឿនពេលមកដល់ចំណុចផ្លូវកោងមិនប្រយ័ត្នជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យធ្លាក់អ្នកជិះខាងក្រោយរដូករណែលពេញផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់-ស្រាល៥នាក់ត្រូវគេបញ្ជូនមកកាន់មន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ តុលា ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ក្នុងភូមិសាលា ឃុំកំពង់ក្តី ស្រុកជីក្រែង ខណៈរថយន្តដឹកដីនោះដឹកបងប្អូនទៅបង់សំណាញ់។
លោកវរសេនីយ៍ទោ តូច សាកល អធិការនគរបាលស្រុកជីក្រែងបានប្រាប់ថា ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់ឃើញជនរងគ្រោះដេករដូករណែលតាមផ្លូវ ហើយក៏ហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ។
លោកបានបន្តថា ជនរងគ្រោះបាននាំគ្នាជិះឡានដើរលេង និងមកបង់សំណាញ់មានគ្នាចំនួន១០នាក់ ដោយសារអ្នកបើកបរបើកលឿនពេកដល់ផ្លូវកោងមិនប្រយ័ត្នបណ្តាលឱ្យជ្រុលចង្កូតទៅបុករបងផ្ទះអ្នកភូមិរហូតដល់ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល៥នាក់៕
ព័ត៌មានលម្អិតនឹងផ្សាយលើទំព័រកាសែតកោះសន្តិភាព







ចែករំលែកព័តមាននេះ