រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃអាទិត្យនេះ កីឡាករជើងខ្លាំងដែលជាម្ចាស់ខ្សែក្រវាត់ម៉ន សាម៉េត នឹងឡើងប៉ះប្រកួតជាមួយកីឡាករជើងខ្លាំងមកពីប្រទេសឡាវ ដើម្បីការពារមុខមាត់ក្នុងនាមជាកីឡាករល្អម្នាក់ ។ រីឯជើងខ្លាំងព្រំ សំណាង ក៏ត្រូវប្រកួតជាមួយកីឡាករថៃផងដែរនៅក្នុងព្រឹត្តិការណ៍កំពូលអ្នកប្រដាល់របស់ស្រាបៀរប្លេកខេត ចាប់ពីម៉ោង៨យប់តទៅ នៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ។
គូប្រកួតរបស់ម៉ន សាម៉េត គឺកីឡាករឡាវឈ្មោះ Soper Sam ដែលត្រូវគេស្គាល់រួចមកហើយថាជាជើងខ្លាំង និងមានសមត្ថភាពល្អម្នាក់ ។ ផ្អែកតាមប្រវត្តិកីឡាករឡាវរូបនេះ គឺគេធ្លាប់ប្រកួត១០៤លើក ឈ្នះ៩២លើក ចាញ់១០លើក និងស្មើ២លើក ក្នុងពេលដែលភាពរស់រវើកក្នុងការវាយប្រកួតរបស់គេក៏មានកម្រិតល្អទាំងបច្ចេកទេស និងកម្លាំងស៊ុហ្វ ។ មន្ត្រីអ្នករៀបចំការប្រដាល់បានអះអាងថា Soper Sam គឺជាកីឡាករវ័យក្មេងល្អម្នាក់នៅក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ យ៉ាងណាក៏ដោយ ទាំងលោកថៃ អ៊ូ ដែលជាអ្នកដឹកនាំកីឡាករបរទេសឲ្យមកប្រកួត និងលោកញាណ សុធី អ្នកគ្រប់គ្រងកម្មវិធីប្រដាល់នៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ សុទ្ធតែមិនហ៊ានប្រាកដចិត្តថាគេឈ្នះ ម៉ន សាម៉េត នោះទេ ដោយសារតែកីឡាករកម្ពុជារូបនេះ ក្រៅពីជាជើងខ្លាំងប្រចាំនៅក្នុងក្លិបការិយាល័យទី៥កងទ័ពជើងគោក ក៏ជាម្ចាស់ខ្សែក្រវាត់មួយរូបផងដែរនៅក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមដូចគ្នា ។ នេះជាការប៉ះគ្នាលើកដំបូងរវាងកីឡាករជើងខ្លាំងទាំងពីរដែលនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ប្រដាល់អន្តរជាតិរបស់ស្រាបៀរ Black Cat នៅរៀងរាល់២សប្ដាហ៍ម្ដង ដែលមានអ្នកទស្សនាទន្ទឹងរង់ចាំមើលបើធៀបនឹងព្រឹត្តិការណ៍ប្រដាល់អន្តរជាតិផ្សេងទៀត ។ មន្ត្រីទទួលបន្ទុកនៅក្នុងការប្រកួតបានត្រឹមតែអះអាងថា អ្នកទាំងពីរនឹងបើកឆាកប្រយុទ្ធឱ្យអស់ពីសមត្ថភាពនៅយប់ថ្ងៃអាទិត្យប៉ុណ្ណោះ ដោយសារតែភាគីកម្ពុជា មិនចង់បាក់មុខក្នុងនាមជាម្ចាស់ខ្សែក្រវាត់ ហើយភាគីខាងឡាវ មិនចង់រងភាពអាម៉ាស់ដូចគ្នាក្នុងនាមជាជើងខ្លាំងវ័យក្មេង។
កីឡាករម៉ន សាម៉េត ធ្លាប់ប្រកួតបាន១២៩លើក ឈ្នះ៩៩លើក ចាញ់២៧លើក និងស្មើ៣លើក ។ គេក៏ធ្លាប់វាយឈ្នះកីឡាករថៃរាប់មិនអស់ផងដែរចាប់តាំងពីបានគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់ក្នុងនាមជាកីឡាករប្រដាល់ម្នាក់។ លោកម៉ាង ម៉ន ជាឪពុក និងគ្រូបង្វឹក ហាក់មានទំនុកចិត្តខ្ពស់សម្រាប់ការប្រកួតយប់ថ្ងៃអាទិត្យ ដោយសារតែកូនប្រុសរបស់លោកបានហ្វឹកហាត់ត្រៀមខ្លួនដិតដល់មុនថ្ងៃឡើងប្រកួត។ មិនខុសគ្នាដែរ កីឡាករSoper Sam ត្រូវអ្នកតាមដានការប្រដាល់ភាគច្រើនសម្លឹងឃើញថាមិនមែនជាកីឡាករដែលមានសមត្ថភាពគួរឱ្យខ្លាចរហូតដល់ថ្នាក់ជើងខ្លាំងម៉ន សាម៉េត យកឈ្នះមិនបាននោះទេ ។ លោកញាណ សុធី ហាក់មានទំនុកចិត្តចំពោះកីឡាករកម្ពុជារូបនេះច្រើនជាងកីឡាករឡាវដូចគ្នា ប៉ុន្តែលោកថៃ អ៊ូ បានអះអាងថា ឱ្យរង់ចាំមើលសមត្ថភាពពិតរបស់កីឡាករទាំងពីរច្រើនជាង ដោយសារតែលោកជឿថាកីឡាករSoper Sam ក៏មានថ្វីដៃមិនពិបាកឈ្នះម៉ន សាម៉េត ដូចគ្នា។
នៅក្នុងព្រឹត្តិការណ៍ «កំពូលអ្នកប្រដាល់របស់ស្រាបៀរប្លេកខេត» នៅយប់នោះដែរ ក៏មានការប្រកួតរវាងកីឡាករព្រំ សំណាង មកពីក្លិបកងទ័ពឆត្រយោង៩១១ និងកីឡាករថៃឈ្មោះ Phach Bopha ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាមផងដែរ ។ ការប្រកួតគូនេះ ដ្បិតថាមិនមានភាគីណាមួយមានតំណែងជាម្ចាស់ខ្សែក្រវាត់ដូចម៉ន សាម៉េត ប៉ុន្តែបើសំដៅដល់ការចាប់អារម្មណ៍គឺខ្លាំងជាងគូខាងលើទៅទៀត។ កីឡាករព្រំ សំណាង ពិតជាខ្លាំងធ្លាប់ឈ្នះ កែវ រំចង់ ហើយការប្រកួតកន្លងមករបស់គេ ក៏កម្រនឹងធ្វើឱ្យមហាជនខកចិត្តដែរ ។ ប៉ុន្តែការប៉ះជាមួយកីឡាករ Phach Bopha គឺមិនមែនងាយស្រួលនោះទេ ដោយសារកីឡាករថៃរូបនេះធ្លាប់ប្រកួត១១៩លើក ឈ្នះ៨៩លើក ចាញ់១៨លើក និងស្មើ២លើក ក្នុងពេលដែលគេទើបតែឡើងប្រកួតបាន៧០លើក ឈ្នះ៦០លើក ចាញ់៨លើក និងស្មើ២លើក គឺចាញ់ប្រៀបកីឡាករថៃ២ដង ។
មិនខុសពីការចាប់អារម្មណ៍ចំពោះការប្រដាល់នៅក្នុងព្រឹត្តិការណ៍របស់ស្រាបៀរប្លេកខេតខាងលើ នៅថ្ងៃអាទិត្យស្អែកប៉ុន្តែនៅពេលព្រឹកវិញ ក៏មានការប្រកួតអន្តរជាតិរវាងកីឡាករកម្ពុជា និងថៃចំនួន៣គូផងដែរ ។ កីឡាករជើងខ្លាំង ឡុង សុភី មកពីក្លិបសាលវ័ន្ដកីឡា ត្រូវឡើងប្រកួតជាមួយកីឡាករថៃឈ្មោះ Tom Tam ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។ កីឡាករ ពេជ្រ ម្ទេសខ្មាំង មកពីក្លិបអារុណរះកីឡា ត្រូវគេផ្គូផ្គងឲ្យប្រកួតជាមួយកីឡាករថៃឈ្មោះ Deth Div ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម និងកីឡាករហ៊ឹម សារី មកពីក្លិបតាព្រហ្មមានជ័យ ឡើងប្រកួតជាមួយកីឡាករថៃឈ្មោះ Phuo Loung ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ ជំនួបរបស់កីឡាករទាំង៦ត្រូវគេប៉ាន់ស្មានថា នឹងមានកម្រិតទាក់ទាញក្នុងចំណោមអ្នកទស្សនាការប្រដាល់មិនអន់ដូចគ្នា ជាពិសេសវត្តមានរបស់កីឡាករជើងខ្លាំងឡុង សុភី នោះតែម្ដង ។ កីឡាករ Tom Tam ធ្លាប់ប្រកួតបាន៨៨លើក ឈ្នះ៧៣លើក ចាញ់១៥លើក មិនដែលស្មើ និងផ្ដួលគូប្រកួតឲ្យសន្លប់បានចំនួន២៣លើក ។ កីឡាករ Deth Div ធ្លាប់ប្រកួតបាន៥៨លើក ឈ្នះ៥៤លើក ចាញ់៤លើក មិនដែលស្មើ និងកីឡាករថៃ PhuoLoung ធ្លាប់ប្រកួតបាន៧៩លើក ឈ្នះ៥៩លើក ចាញ់១៦លើក និងស្មើ២លើក ។ នេះជាតួលេខដែលបង្ហាញច្បាស់ថា កីឡាករថៃគឺជាជើងចាស់ ហើយមានបទពិសោធន៍ខ្ពស់នៅលើសង្វៀន ៕


ចែករំលែកព័តមាននេះ