រណសិរ្សថ្មីមួយទៀតបានបើកសម្រាប់ភាពតានតឹងខាងការទូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ។ យន្តហោះរុស្ស៊ី២គ្រឿងត្រូវស្ទាក់ដោយបណ្តាយន្តហោះប្រដេញអាេមរិក និងកូរ៉េខាងត្បូង ពេលយន្តហោះទាំង២នេះហោះហើរមកក្បែរនាវាផ្ទុកយន្តហោះអាេមរិក USS RONALD REAGAN ក្នុងសមុទ្រជប៉ុន ។ នេះជាសេចក្តីរាយការណ៍កាលពីថ្ងៃទី២៩ តុលា របស់សេតវិមាន និងមន្ទីរប៉ង់តាហ្គោន ។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក JEFF DAVIS គូសបញ្ជាក់ថា នាវាផ្ទុកយន្តហោះ RONALD REAGAN បានបញ្ចេញយន្តហោះប្រដេញធុន F/A-18 ចំនួន៤គ្រឿងដើម្បីស្ទាក់និងអមយន្តហោះរុស្ស៊ីទាំង២គ្រឿងនោះ ។ លោកបញ្ជាក់ថា យន្តហោះរុស្ស៊ីទាំង២គ្រឿងបានហោះមកក្បែរនាវាផ្ទុកយន្តហោះឃ្លាតគ្នាចម្ងាយតែ១ម៉ាយ ។ យន្តហោះរុស្ស៊ីទាំង២គ្រឿងគឺធុន TU-142 BEAR មានម៉ាស៊ីន៤ប្រើហោះត្រួតពិនិត្យតាមសមុទ្រ និងជាយន្តហោះតស៊ូប្រឆាំងនាវាមុជទឹកដែលហោះយ៉ាងទាបកម្ពស់ត្រឹម១៥០ម៉ែត្រ ។
អ្នកនាំពាក្យបន្តថា ពុំមានអ្វីបញ្ជាក់ថា យន្តហោះរុស្ស៊ីទាំង២គ្រឿងនេះចោទជាការគំរាមកំហែងមួយភ្លាមៗឡើយ ក៏ប៉ុន្តែនេះជានីតិវិធីប្រតិបត្តិការស្តង់ដាមួយសម្រាប់បណ្តាយន្តហោះអាេមរិកស្ទាក់អមគ្រប់យន្តហោះទាំងអស់ដែលហោះមកក្បែរបណ្តានាវាចម្បាំងអាមេរិក ។
ចំណែកអ្នកនាំពាក្យសេតវិមាន លោក JOSH EARNEST បញ្ជាក់ថា ឧប្បត្តិហេតុនេះកើតមានក្នុងឱកាសនៃសមយុទ្ធយោធាចូលរួមដោយកងម៉ារីនអាមេរិក និងកងទ័ពកូរ៉េខាងត្បូង ។ យន្តហោះរុស្ស៊ីទាំងនេះដំបូងត្រូវស្ទាក់ដោយបណ្តាយន្តហោះយោធាកូរ៉េខាងត្បូង ដែលធ្វើប្រតិបត្តិការក្នុងតំបន់ ៕
ចែករំលែកព័តមាននេះ