អាជ្ញាធររាយការណ៍ថា មនុស្ស១៥នាក់រងរបួសកាលពីថ្ងៃទី២៩ តុលា ដោយសារភ្លើងឆាបឆេះយន្តហោះមួយគ្រឿងនៅឯព្រលានយន្តហោះ FORT LAUDERDALE រដ្ឋផ្លរីដាភាគអាគ្នេយ៍សហរដ្ឋអាមេរិក ញ៉ាំងឱ្យមានការផ្អាកការហោះហើរនៅទីនោះមួយរយៈ ។
ក្នុងសេចក្តីប្រកាសមួយក្រុមហ៊ុនម្ចាស់យន្តហោះនេះនិយាយថា ពេលដែលយន្តហោះប៊ូអីុង៧៦៧មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ DYNAMIC INTERNATIONAL AIRWAYS កំពុងរត់លើផ្លូវ ដើម្បីហោះឡើងពីព្រលានយន្តហោះ FORT LAUDERDALE ទៅកាន់ទីក្រុងការ៉ាកាស់ ស្រាប់តែយន្តហោះមានបញ្ហាត្រង់រេអាក់ទ័រមួយ ។ ក្រុមយានិកអនុវត្តនីតិវិធីបន្ទាន់ពន្លត់ម៉ាស៊ីន ហើយជម្លៀសមនុស្សចេញពីយន្តហោះ ដើម្បីធានាសន្តិសុខមនុស្សទាំងអស់ជិះក្នុងយន្តហោះនេះ ។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកនេះបញ្ជាក់ថា យន្តហោះនឹងធ្វើការហោះហើរធម្មតាឡើងវិញនាថ្ងៃទី៣០ តុលា ។
បន្ទាប់ពីឧប្បត្តិហេតុនេះមក ការិយាល័យប៉ូលិសតំបន់ BROWARD ដែលមានព្រលានយន្តហោះនោះគូសបញ្ជាក់តាម TWITTER ថា រេអាក់ទ័ររបស់យន្តហោះមួយមានភ្លើងឆេះរួចមនុស្សជិះក្នុងយន្តហោះត្រូវជម្លៀសចេញ ហើយមានអ្នករបួសច្រើននាក់ ។
ក្នុងសន្និសីទសារព័ត៌មានមួយបណ្តាអ្នកទទួលខុសត្រូវតំបន់ BROWARD រៀបរាប់ថា មនុស្ស១៥នាក់រងរបួស ក្នុងនោះម្នាក់របួសធ្ងន់រួចអ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ BROWARD HEALTH MEDICAL CENTER ព្យាបាលការរលាកភ្លើង ។ អ្នកទទួលខុសត្រូវទាំងនេះបញ្ជាក់ថា អ្នកដំណើរ១០១នាក់ និងបណ្តាសមាជិកក្រុមយានិកស្ថិតក្នុងយន្តហោះជើងហោះហើរ៤០៥ ទៅកាន់ទីក្រុងការ៉ាកាស់ ដោយអះអាងថា ឧប្បត្តិេហតុនេះកើតឡើងនាវេលាម៉ោង១២និង៣០នាទីម៉ោងក្នុងស្រុក ។
យោងតាមទូរទស្សន៍ក្នុងស្រុក WPBP ថា មានការធ្លាយប្រេងកំណត់ឃើញមុនយន្តហោះត្រូវភ្លើងឆាបឆេះ ។ តាមរូបថត និងវីដេអូគេឃើញផ្សែងខ្មៅយ៉ាងក្រាស់ហុយចេញពីយន្តហោះឆេះ ៕
ចែករំលែកព័តមាននេះ