ប្រទេសថៃ ៖ ធនាគារពិភពលោក (WB) បានរៀបចំចំណាត់ថ្នាក់អំពីភាពពិបាក និងងាយស្រួលនៃការធ្វើពាណិជ្ជកម្មក្នុងប្រទេសប្រចាំឆ្នាំ២០១៦ ។ ក្នុងនោះបានបង្ហាញឲ្យឃើញថា ប្រទេសថៃបានរំកិលចុះពីលេខរៀងទី៤៦ មកនៅទី៤៩វិញ ប៉ុន្តែស្ថិតក្នុងលំដាប់ទី៣ ក្នុងសមាគមអាស៊ាន បន្ទាប់ពីសិង្ហបុរី និងម៉ាឡេស៊ី ដោយសារតែថៃមានការពិបាកក្នុងការសុំអនុញ្ញាត និងឥណទានមានភាពយឺតយ៉ាវ ។
លោក អូរី សាកៅ នាយកធនាគារពិភពលោកប្រចាំប្រទេសថៃ បានបង្ហាញរបាយការណ៍ស្តីពីការលំបាក និងងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មទាំងឡាយនៅលើ
ពិភពលោកថា ៖ «ថៃបានទទួលចំណាត់ថ្នាក់ជាប្រទេសដែលមានលក្ខណៈងាយស្រួលធ្វើពាណិជ្ជកម្មនៅក្នុងឆ្នាំ២០១៦ និងស្ថិតលំដាប់ទី៤៩ ក្នុងចំណោម១៨៩ប្រទេសនៅទូទាំងពិភពលោក ដោយមានពិន្ទុ៧១.៤២លើគ្រប់ផ្នែក ដោយទាបជាងឆ្នាំមុនស្ថិតនៅលំដាប់ទី៤៦ ។ លើសពីនេះ ក៏ជាប្រទេសមួយក្នុងចំណោម៥០ប្រទេសដែលមានបម្រែបម្រួលការធ្វើពាណិជ្ជកម្មក្នុងរយៈពេល១ឆ្នាំកន្លងមកដែរ» ។
ស្របពេលជាមួយគ្នានេះ ថៃនៅតែជាប់ចំណាត់ថ្នាក់ទី៣ក្នុងអាស៊ាន ខណៈពេលសិង្ហបុរីស្ថិតនៅលំដាប់ទី១ ជាប់ៗគ្នានៅទូទាំងពិភពលោកជាឆ្នាំទី១០ ចំណែកប្រទេសដទៃទៀត ដូចជា ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទី១៨, ហ្វ៊ីលីពីន១០៣ និងឥណ្ឌូណេស៊ីទី១០៩ ។
លោក អូរី សាកៅ មានប្រសាសន៍បន្តថា ៖ «សូចនាកររបស់ថៃមួយផ្នែកធំបានធ្លាក់ចុះ ពីភាពងាយស្រួលក្នុងការស្នើសុំ និងការអនុម័តសេវាឥណទាននៅមានការយឺតយ៉ាវ» ។
ការស្នើសុំឱ្យមានដំណើរការអាជីវកម្មនៅថៃ ត្រូវប្រើរយៈពេលលើសពី២០ថ្ងៃ ខណៈដែលប្រទេសដទៃទៀតបានចំណាយពេលតិចជាងនេះ។ ការស្នើសុំលិខិតអនុញ្ញាតឱ្យបង្កើតក្រុមហ៊ុនពី SME នៅពេលមានបញ្ហានៅឡើយ គឺប្រើរយៈពេលយូរ ដោយមិនប្រាកដចិត្តថា នឹងទទួលបានភាពយុត្តិធម៌ឬអត់ ? គឺនៅតែគ្មានជំនឿពីវិនិយោគិន ។
នាយកធនាគារពិភពលោកប្រចាំនៅប្រទេសថៃ បានបញ្ជាក់ថា ៖ «ការធ្លាក់ចំណាត់ថ្នាក់ទាបបែបនេះ ព្រោះធនាគារពិភពលោកបានកែប្រែវិធីសាស្ត្រ ស្ទាបស្ទង់ បុ៉ន្តែគេយល់ថា ថៃនៅតែជាប្រទេសគួរឱ្យចាប់អារម្មណ៍មួយលើការវិនិយោគទុន» ។
លោកស្រី វ័នណាផន ទេពហាស់ឌីន អយុធ្យា ទីប្រឹក្សាផ្នែកអភិវឌ្ឍន៍បានបង្ហាញថា ៖ «ថៃនៅតែមានពិន្ទុខ្ពស់ចាត់ទុកថា ល្អជាងឆ្នាំកន្លងមក ។ ប៉ុន្តែលោកស្រី ក៏ទទួលស្គាល់ថា នៅមានកត្តាជាច្រើនទៀត ដែលថៃបានផ្លាស់ប្តូរយឺតយ៉ាវជាងការកំណត់ ប៉ុន្តែថៃត្រូវតែយកវិបត្តិទាំងនោះធ្វើជាឱកាសក្នុងការកែទម្រង់ឱ្យបានឆាប់លើគុណភាពនៃការប្រតិបត្តិរបស់មន្ត្រីដែលពាក់ព័ន្ធឱ្យកាន់តែប្រសើរឡើង» ៕
ចែករំលែកព័តមាននេះ