ប្រទេសវៀតណាម ៖ ការវិនិយោគផ្ទាល់ពីបរទេសរបស់ (FDI) ដែលមានតម្លៃ១៩,២ពាន់លានដុល្លារអាមេរិក បានហូរចូលទៅក្នុងប្រទេសវៀតណាម តាំងពីថ្ងៃទី២០ តុលា ដែលកើនឡើងជាង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
យោងតាមការិយាល័យស្ថិតិទូទៅ (GSO) ឱ្យដឹងថា ប្រទេសវៀតណាមមានគម្រោងវិនិយោគផ្ទាល់ពីបរទេសថ្មីៗចំនួន១.៦៥៧ គម្រោង ខណៈដើមទុនបានចុះបញ្ជីសរុបមានជាង១២,៤ពាន់លានដុល្លារអាមេរិក កើនឡើង២៧% និង២៥% ។ ជាមួយគ្នានេះ ទឹកប្រាក់ចំនួន១១,៨ពាន់លានដុល្លារអាមេរិកត្រូវបានចំណាយ និងកើនឡើងដល់១៦,៣% បើធៀបនឹងឆ្នាំមុន ។
វិស័យឧស្សាហកម្មកែច្នៃ និងផលិតកម្មនៅតែជាគោលដៅចម្បងសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ដែលមានទឹកប្រាក់១២,២ពាន់លានដុល្លារអាមេរិក ឬជាង៦៤% នៃការវិនិយោគផ្ទាល់ពីបរទេស ដែលបានចុះបញ្ជីក្នុងចំណោមប្រទេសកំពុងវិនិយោគនៅវៀតណាម ។ ចំណែកវិស័យអចលនទ្រព្យបានក្លាយជាគោលដៅទី៣ ដែលមានតម្លៃដើមទុនចុះបញ្ជីសរុប២,១ពាន់លានដុល្លារអាមេរិក ។
យោងតាម GSO ដដែលឱ្យដឹងថា ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមានទំហំទឹកប្រាក់ជាង២,៥ពាន់លានដុល្លារអាមេរិកត្រូវបានចុះបញ្ជី ចំណែកខេត្តត្រាវិញ (Tra Vinh) ជាខេត្តដែលមានសក្ដានុពលមួយក្នុងការរកចំណូលពីការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសក្នុងចំណោមខេត្ត-ក្រុងចំនួន៤៧ ផ្សេងទៀត ។
មិនតែប៉ុណ្ណោះ ក៏មានខេត្ត និងទីក្រុងជាច្រើនទៀតដែលមិនទាន់មានការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៥ ។ បញ្ហានេះត្រូវបានដោះស្រាយដោយទីភ្នាក់ងារវិនិយោគបរទេសស្ថិតក្រោមចំណុះក្រសួងផែនការ និងវិនិយោគកាលពីខែមុន ។
ប្រទេសម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់កំពូលក្នុងការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាមក្នុងចំណោមប្រទេស៥៩ ផ្សេងទៀត ដែលមានការវិនិយោគទឹកប្រាក់២,៤ពាន់លានដុល្លារអាមេរិក បន្ទាប់មកប្រទេសកូរ៉េមានទឹកប្រាក់វិនិយោគជាង២.០០០លានដុល្លារអាមេរិក ចក្រភពអង់គ្លេស១,២ពាន់លានដុល្លារអាមេរិក និងជប៉ុន១,១ពាន់លានដុល្លារអាមេរិក ។
វៀតណាមរំពឹងថា នឹងអាចទាក់ទាញការវិនិយោគចុះបញ្ជីនៅឆ្នាំនេះឱ្យបាន២៣ពាន់លានដុល្លារ និងដើមទុនចំណាយ១២,៥ពាន់លានដុល្លារ ។
កាលពីឆ្នាំមុន ប្រទេសនេះបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមានទឹកប្រាក់ប្រមាណជា២០លានដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ