រាជធានីភ្នំពេញ ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអប់រំកម្ពុជាកំពុងធ្វើការកំណែទម្រង់ទាក់ទងគុណភាពអប់រំ ពិសេសកម្រិតមធ្យមសិក្សា ខណៈពេលសមាហរណកម្មអាស៊ាន នឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ ។ តួយ៉ាង ឆ្នាំសិក្សា២០១៤-២០១៥នេះ កម្ពុជាមានសាលាមត្តេយ្យចំនួន៦.២២៤កន្លែង បឋមសិក្សាមាន៧.០៥១កន្លែង មធ្យមសិក្សាមាន១.៧៤០កន្លែង ក្នុងនោះអនុវិទ្យាល័យមានចំនួន១.២៤៩ និងវិទ្យាល័យចំនួន៤៥៥កន្លែង ទាំងរដ្ឋ និងឯកជន ។ ទាំងនេះ សបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រឹងគុណភាពអប់រំ ។ ដើម្បីឲ្យដឹងថា វិស័យឯកជនបានត្រៀមខ្លួន និងមានយុទ្ធសាស្ត្រយ៉ាងណា លោក ឃឹម ផុន នាយកប្រតិបត្តិអីុនធីស៊ីគ្រុប បានផ្តល់នូវបទសម្ភាសន៍ដាច់ដោយឡែកមួយ ជាមួយអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ច (Kb) របស់កោះសន្តិភាព ។
តើលោកយល់យ៉ាងដូចម្ដេចចំពោះប្រព័ន្ធអប់រំទូទៅនៅប្រទេសកម្ពុជា ? តើវាឆ្លើយតបនឹងតម្រូវការ ទីផ្សារដែរឬទេ ?
ពាក់ព័ន្ធនឹងប្រព័ន្ធអប់រំនៅកម្ពុជា ពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់ដូចជាមានសន្ទុះ និងរីកចម្រើនខ្ពស់ គួបផ្សំនឹងប្រទេសចូលសមាហរណកម្មអាស៊ានផង ទាំងរដ្ឋទាំងឯកជនបាននិងកំពុងយកចិត្តទុកដាក់ទៅលើការពង្រឹងគុណភាពអប់រំនេះ ។ ផ្នែកឯកជនកំពុងស្វែងរកវិធីក្នុងការពង្រឹងគុណភាព ចំណែករដ្ឋដូចគ្នាដែរ ។ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងអប់រំបានកំណែទម្រង់លើប្រព័ន្ធអប់រំជាច្រើនទាក់ទងនឹងការកែប្រព័ន្ធប្រឡង និងសមត្ថភាពគ្រូផ្សេងៗ ក្នុងន័យមួយថា នៅពេលណាដែលប្រទេសយើងកំពុងស្ថិតនៅដំណាក់កាលប្រកួតប្រជែង ទាំងរដ្ឋទាំងឯកជនត្រូវតែប្រឹងទាំងអស់គ្នា ។ អ្វីដែលកត់សម្គាល់មួយទៀត រដ្ឋនិងឯកជន ហាក់ដូចជាចាប់ដៃគ្នាប្រកួតប្រជែង ក្នុងន័យគោលដៅរួមគ្នា មិនមែនប្រកួតប្រជែងដើម្បីឈ្នះចាញ់ទេ តែធានាបានគុណភាពនៅថ្ងៃអនាគត ។ សរុបមកវិញ ខ្ញុំគិតថា ៣ឆ្នាំចុងក្រោយនេះ វិស័យអប់រំនៅស្រុកខ្មែរហាក់ដូចជាមានសន្ទុះខ្លាំងណាស់ ទាំងអ្នកកំពុងបម្រើការក្នុងវិស័យអប់រំបច្ចុប្បន្ន ទាំងអ្នកវិនិយោគថ្មីៗ កំពុងប្រឹងដើម្បីពង្រឹងគុណភាពផងដែរ ។ ការអប់រំ គឺជាការងារមួយសំខាន់ដែលជំរុញការអភិវឌ្ឍប្រទេសយើង ដរាបណាយើងមានធនធានមនុស្សល្អៗ ។
ចំពោះតម្រូវការទីផ្សារក្នុងប្រទេស ភាគច្រើនយើងអាចទទួលបាន មានន័យថា សិស្សនិស្សិតយើងដែលចេញពីមហាវិទ្យាល័យ គាត់អាចនឹងមានឱកាសការងារធ្វើក្នុងក្របខ័ណ្ឌប្រទេសយើងបាន ប៉ុន្តែបើសិនជាយើងមើលពីទីផ្សារក្នុងតំបន់វិញ យើងនៅមានកម្រិតនៅឡើយ ។ បើសិនជាប្រៀបធៀប យើងប្រហែលជាចាញ់គេ ដោយសារប្រព័ន្ធអប់រំនៅប្រទេសគេដើរមុនយើង ធនធានរបស់គេត្រៀមរួចហើយសម្រាប់ឆក់យកឱកាសនេះ ។ ដោយឡែក ប្រទេសយើងទើបតែចាប់ផ្តើម និងបានកំពុងតែត្រៀមខ្លួនទេ ដូច្នេះខ្ញុំសន្និដ្ឋានជារួមបានថា យើងអាចឆ្លើយតបតម្រូវការក្នុងប្រទេស ប៉ុន្តែឆ្លើយតបនៅកម្រិតអាស៊ាន ហើយយើងនៅមានកម្រិតនៅឡើយ មិនទាន់អាចប្រកួតប្រជែងបានទេ ទោះបីជានៅក្នុងស្រុកយើងក៏ដោយ នៅពេលជ្រើសរើសបុគ្គលិក ក៏មានការជួបប្រទះផលលំបាកមួយចំនួនដែរ ។
នៅពេលកម្ពុជាចូលសមាហរណកម្មអាស៊ាន តើលោកសម្លឹងឃើញយ៉ាងណាដែរចំពោះ ឱកាស ហានិភ័យ និងបញ្ហាប្រឈមនានានៃការអប់រំនៅប្រទេសកម្ពុជា ?
យើងមិនយូរទេ នៅដើមឆ្នាំ២០១៦ យើងនឹងសមាហរណកម្មអាស៊ាននេះហើយ ។ ចំពោះផ្នែកធនធានមនុស្សឬការអប់រំ យើងហាក់ដូចជាមិនទាន់ត្រៀមខ្លួនរួចជាស្រេចទេ ដើម្បីចាប់យកឱកាសនេះ ។ បើសិនជាយើងបៀបធៀបប្រទេសក្នុងតំបន់អាស៊ាន ហាក់ដូចជាគេបានពង្រឹងប្រព័ន្ធអប់រំ និងធនធានមនុស្សរួចជាស្រេចដើម្បីឆក់យកឱកាស ប៉ុន្តែនៅពេលដែលយើងចូលក្រោយគេ យើងមានកម្រិតទាប ជាងគេ តែយ៉ាងណាក្នុងរយៈពេលប៉ុន្មានចុងក្រោយវិស័យអប់រំបាននិងកំពុងយកចិត្តទុកដាក់ ដើម្បីប្រកួតប្រជែងនឹងគេ ។ បើសិនជាយើងនិយាយពីហានិភ័យ នៅពេលដែលយើងមិនបានត្រៀមខ្លួន យើងនឹងជួបហានិភ័យមួយចំនួនទាក់ទងការប្រកួតប្រជែងគុណភាពក្នុងតំបន់។ តាមបទពិសោធន៍ ក្នុងទស្សនកិច្ចសាលានៅក្រៅប្រទេសឃើញថា សមត្ថភាពសិស្សរបស់យើង កម្រិតប្រហាក់ប្រហែលនឹងគេដែរ តែដោយសារការបំពាក់សម្ភារសិក្សា ធ្វើឲ្យយើងនៅមានកម្រិត ។ បើសិនជាយើងពង្រឹងពីពេលនេះទៅ ក្នុងរយៈពេលពីរទៅបីឆ្នាំទៀត យើងនឹងមានលទ្ធភាពក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ហើយពេលនោះ វាជាឱកាសរបស់យើង ។
នៅក្នុងប្រព័ន្ធអប់រំប្រទេសកម្ពុជា តើអ្វីជាចំណុចខ្វះខាតទាំងរដ្ឋ និងឯកជន ត្រូវវិនិយោគបន្ថែម ?
ធាតុពិតទៅ នៅក្នុងវិស័យអប់រំ គុណភាពអប់រំគឺពឹងផ្អែកទាំងស្រុងលើគ្រូបង្រៀន។ ដើម្បីពង្រឹងគុណភាពអប់រំ គឺដាច់ខាតត្រូវពង្រឹងគុណភាពគ្រូបង្រៀន នៅពេលណាយើងអាចពង្រឹងគុណភាពគ្រូ នោះយើងអាចពង្រឹងគុណភាពសិស្សបាន ។ នៅក្នុងវិស័យឯកជន យើងមានឱកាសពង្រឹងគុណភាពគ្រូ យើងមានឱកាសក្នុងការបំពាក់សម្ភារទំនើបមួយចំនួន ។ បន្ទាប់ពីគុណភាពគ្រូបង្រៀន គឺកម្មវិធីសិក្សារបស់សាលាដែលឆ្លុះបញ្ចាំងពីតម្រូវការទីផ្សារ និងថ្នាក់អាស៊ាន ព្រមទាំងថ្នាក់អន្តរជាតិ ។
មួយវិញទៀត គឺសម្ភារដែលបំពាក់ក្នុងប្រព័ន្ធ ហើយវាជាផ្នែកមួយសំខាន់ក្នុងការពង្រឹងគុណភាព ។ ក្រៅពីនេះ គឺបរិយាកាសក្នុងសាលាដែលប្រកបការប្រកួតប្រជែង ការចូលរួមរបស់សិស្ស និងមាតាបិតាសិស្ស ព្រមទាំងការចូលរួមរបស់សហគមន៍ ។ ក្រៅពីនេះ ការពង្រឹងវិន័យដែលជាផ្នែកមួយប៉ះពាល់ដល់គុណភាពសិក្សារបស់កូនសិស្ស នៅពេលណាសិស្សមិនមានវិន័យ សិស្សរៀនមិនចេះទេ ។ ជារួម ចំណុចខ្វះខាតប្រព័ន្ធអប់រំប្រទេសកម្ពុជាគឺសមត្ថភាពគ្រូ និងភាពពេញចិត្តក្នុងបង្រៀន ជាមួយកម្មវិធីសិក្សាដែលឆ្លើយតបនឹងថ្នាក់តំបន់ និងអន្តរជាតិ ។
តើកត្តាអ្វីខ្លះដែលជំរុញផ្នែកឯកជនមកវិនិយោគលើវិស័យសាធារណៈដូចជាការអប់រំ ?
ប្រសិនជាយើងនិយាយពីការវិនិយោគ គឺយើងគិតទៅដល់ពីភាពចំណេញ តែអាជីវកម្មក្នុងវិស័យអប់រំ គឺមានទំនួលខុសត្រូវខ្ពស់ ។ អ្នកដែលវិនិយោគក្នុងវិស័យអប់រំ ត្រូវគិតថាតើយើងហ៊ានធានា និងទទួលខុសត្រូវព្រេងវាសនារបស់កូនសិស្សដែរឬទេ បើសិនមិនដូច្នេះទេ អ្នកវិនិយោគលើវិស័យមួយនេះនឹងបរាជ័យជាមិនខាន។ ខ្ញុំឯកភាពលើវិស័យឯកជនចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគលើវិស័យអប់រំគឺ ៖
-ទី១ ដោយសារកំណើនតម្រូវការលើវិស័យនេះ មានន័យថា ផ្នត់គំនិតរបស់មាតាបិតាចាប់ផ្តើមផ្លាស់ប្តូរ ចាប់ផ្តើមឲ្យតម្លៃទៅការងារអប់រំពីមួយឆ្នាំទៅមួយឆ្នាំ និងចាប់ផ្តើមគិតថាអប់រំគឺជាផ្នែកមួយដ៏សំខាន់សម្រាប់កូនរបស់គាត់ គាត់ចាំបាច់ត្រូវវិនិយោគលើការអប់រំសម្រាប់អនាគតរបស់កូនគាត់ ដែលនេះឆ្លុះបញ្ចាំងពីសក្តានុពលភាពនៃអាជីវកម្មលើផ្នែកអប់រំ ។
-ទី២ បើសិនជានិយាយពីការងារសង្គម ការវិនិយោគ ក្នុងវិស័យអប់រំមិនត្រឹមតែទទួលបានផលចំណេញ តែបានចូលរួមចំណែកក្នុងការអភិវឌ្ឍ ធនធានមនុស្ស ។ រដ្ឋកំពុងបានធ្វើហើយ ចុះបើសិនមិនមានឯកជន រដ្ឋក៏ធ្វើបានដែរ តែឯកជនចូលចំណែកបន្ថែមទៀត ។ ពេលខ្លះ តំបន់ខ្លះរដ្ឋធ្វើមិនដល់ តែឯកជនធ្វើបាន ក្នុងន័យថា សិស្សានុសិស្សទាំងអស់ត្រូវទទួលបានការអប់រំ។
-ទី៣ វិស័យអប់រំគឺជាវិស័យអាទិភាពបំផុតក្នុងអភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជាសេដ្ឋកិច្ចជាតិ ។
តើសាលាសុវណ្ណភូមិមានយុទ្ធសាស្ត្រអ្វីខ្លះ ក្នុងការប្រកួតប្រជែងជាមួយសាលាដទៃដើម្បីរក្សាជំហររបស់ខ្លួនក្នុងទីផ្សារនេះ ?
អ្វីដែលសាលាសុវណ្ណភូមិគិតចាំបាច់ដំបូងបំផុត ដើម្បីធានាបាននិរន្តរភាព ក៏ដូចធានាបានគុណភាព និងប្រកួតប្រជែងថ្នាក់ជាតិផង និងថ្នាក់តំបន់ផង គឺ ៖
-យុទ្ធសាស្ត្រទី១ យើងបានពង្រឹងលើធនធានដែលយើងមាន ដូចជាអគារ និងសម្ភារមួយចំនួន ។ ការអប់រំពាក់ព័ន្ធនឹងពេលវេលា ដូច្នេះយើងចង់ដោះស្រាយអ្វីដែលពាក់ព័ន្ធនឹងពេលវេលាទាំងអស់ អគារស្ទើរតែ៩០ភាគរយជាអគាររបស់យើង ជារួមយុទ្ធសាស្ត្រទី១គឺធ្វើយ៉ាងណាឲ្យអគារទាំងអស់ក្លាយជាអគាររបស់សុវណ្ណភូមិ ដែលបង្ហាញពីភាពរឹងមាំ ។
-យុទ្ធសាស្ត្រទី២ ដោយសារយើងចូលអាស៊ាន យើងបានពង្រីកទំនាក់ទំនងជាមួយសាលាអន្តរជាតិមួយចំនួននៅក្រៅប្រទេស ក្នុងន័យមួយថា យើងត្រូវរៀនពីគេ គេត្រូវរៀនពីយើង ហើយយើងចែករំលែកគ្នា ។ ឆ្នាំ២០១៥នេះ យើងបានចុះហត្ថលេខាជាមួយសាលាពីរ គឺសាលានៅប្រទេសនូវែលសេឡង់ និងនៅប្រទេសថៃ ។
– យុទ្ធសាស្ត្រទី៣ យើងបានពង្រឹងគុណភាពគ្រូ ដោយបង្កើតក្រុមបច្ចេកទេសពង្រឹងទាំងគ្រូ ភាសាខ្មែរ និងគ្រូភាសាអង់គ្លេស ។ នៅសាលាសុវណ្ណភូមិមានមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូភាសាអង់គ្លេសដែលបង្កើតឡើងក្នុងគោលដៅពង្រឹងសមត្ថភាពគ្រូ មិនត្រឹមតែគ្រូនៅសាលាសុវណ្ណភូមិ តែគ្រូមកពីគ្រប់ទិសទី។ ចំណុចចុងក្រោយ គឺពង្រឹងលើសម្ភារដែលយើងយល់ថាវាត្រូវឆ្លើយតបនឹងតម្រូវការរបស់កូនសិស្ស និងភាពរីកចម្រើនរបស់សង្គមរបស់យើង ដែលបច្ចុប្បន្នសាលាកំពុងបំពាក់សម្ភារទំនើបៗ ។
តើលោកមានគោលដៅយ៉ាងដូចម្ដេចក្នុងការអភិវឌ្ឍវិស័យអប់រំ ?
ជាគោលដៅរបស់យើង ខ្ញុំគិតថាមិនខុសពីគោលដៅរបស់វិស័យសាធារណៈទេ ដែលយើងធ្វើការងារក្នុងវិស័យអប់រំដូចគ្នា គឺគោលដៅរួមគ្នា ។ គោលដៅរបស់យើងគឺពង្រឹងគុណភាពកូនសិស្សរបស់យើង ដែលពង្រឹងរហូតកូនសិស្សរបស់យើងអាចប្រកួតប្រជែងថ្នាក់តំបន់បាន។ ក្នុងការពង្រឹងសមត្ថភាពនេះ សាលាសុវណ្ណភូមិបាននិងកំពុងអភិវឌ្ឍន៍កម្មវិធីមួយថ្មីទៀត នៅក្នុងកម្មវិធីមានស្រាប់របស់ខ្លួន ។ កម្មវិធីមានស្រាប់នៅទីនេះមានពីរ គឺបង្រៀនចំណេះដឹងទូទៅខ្មែរពីមត្តេយ្យដល់ថ្នាក់ទី១២ ដែលយក កម្មវិធីរបស់រដ្ឋទាំងស្រុង និងមួយទៀតបង្រៀនភាសាអង់គ្លេសទូទៅ ។ ឥឡូវនេះ ក្រោយពីដឹងថាយើងនឹងចូលអាស៊ានក្នុងពេលឆាប់ៗ យើងបានសិក្សាបង្កើត និងអភិវឌ្ឍន៍កម្មវិធីថ្មីមួយទៀតដែលយើង ច្របាច់ចូលគ្នាក្នុងគោលដៅមួយនៅពេលមួយដែលយើងចូលអាស៊ាន កូនសិស្សយើងចេះភាសាទូទៅ គឺមិនអាចប្រកួតប្រជែងជាមួយប្រទេសក្នុងអាស៊ានបានទេ ។ ចំពោះការពង្រីកអាជីវកម្ម សាលាសុវណ្ណភូមិមានគម្រោងពង្រីក៤នៅភ្នំពេញ និងសៀមរាប សរុបទាំងអស់យើងនឹងមាន២៤សាលា៕
ចែករំលែកព័តមាននេះ