រាជធានីភ្នំពេញ ៖ សហគមន៍សេដ្ឋកិច្ចអាស៊ាននឹងចាប់ដំណើរការនៅចុងឆ្នាំនេះហើយ។ រាល់លំហូរមុខទំនិញក្នុងប្រទេសនីមួយៗ នឹងមានការប្រែប្រួលតាមរយៈការដឹកជញ្ជូនតាមប្រព័ន្ធគមនាគមន៍ពីប្រទេសមួយទៅប្រទេសមួយទៀត ។ សម្រាប់ប្រទេសកម្ពុជា ការបើកផ្លូវរថភ្លើងអាស៊ាននេះ អាចបង្កឲ្យមានហានិភ័យភូតគាមអនាម័យ និងខូចខាតដំណាំកសិកម្ម ប្រសិនបើគ្មានវិធានការទប់ស្កាត់ជាមុន ។ នេះបើតាមប្រសាសន៍របស់ប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលបានប្រាប់សារព័ត៌មានកោះសន្ដិភាព កាលពីម្សិលមិញ ។
លោកបណ្ឌិត ហ៊ាន វណ្ណហន ប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ មានប្រសាសន៍ថា ៖ «អាស៊ាននឹងបើកផ្លូវរថយន្ត ផ្លូវរថភ្លើងភ្ជាប់ពីចិន សិង្ហបុរី ថៃ និងម៉ាឡេស៊ី ដោយត្រូវឆ្លងកាត់ប្រទេសកម្ពុជាផងដែរ ។ ពេលណាសហគមន៍សេដ្ឋកិច្ចអាស៊ានបើកឡើង វានឹងក្លាយជាសហគមន៍តែមួយ មានន័យថា អាចធ្វើចរាចរណ៍ដោយសេរីនៃទំនិញ និងរាល់ផលិតផលកសិកម្ម រាប់ទាំងកម្លាំងពលកម្មមកពីស្រុកចិន ម៉ាឡេស៊ី ថៃ និងគ្រប់ជ្រុងនៃពិភពលោក នឹងមានសកម្មភាពកើនឡើងជាងពេលមុនៗ ។ អុីចឹងហើយគ្រប់ផលិតផលទាំងអស់ជាហានិភ័យចម្លងមកនូវសមាសភាពចង្រៃនឹងបំផ្លាញផលិតផលកសិកម្មរបស់យើង នឹងកើនឡើង» ។
លោកបន្តទៀតថា ៖ «ការឆ្លងរាលដាលនូវសមាសភាពចង្រៃនេះ កាលពីមុនកម្ពុជាមិនធ្លាប់មានហានិភ័យទេ ប៉ុន្តែឥឡូវផ្លូវក៏ស្រួល ច្បាប់ក៏ធូររលុង ធ្វើឲ្យសមាសធាតុចង្រៃចូលមកកម្ពុជាបាន ។ នេះហើយហៅថា ការកើនឡើងនូវហានិភ័យនៃការរាលដាលឆ្លងសមាសភាពភូតគាមអនាម័យ ។ មកដល់ពេលនេះ យើងត្រូវយល់ថា សត្វល្អិតចង្រៃ និងជំងឺនៅមិនទាន់មានលក្ខណៈស្មើគ្នានៅឡើយទេ ។ មេរោគខ្លះនៅត្រង់នេះ ត្រង់នោះនៅឡើយ ។ បុ៉ន្តែនៅពេលមានការដឹកចុះឡើងៗពីកន្លែងមួយទៅកន្លែងមួយទៀត យូរៗទៅអ្វីដែលយើងមិនធ្លាប់មាន វានឹងមកដល់យើង ។ ឧទាហរណ៍ ខ្យងមាស តាំងពីជីដូន ជីតាយើងមកមិនធ្លាប់មានទេ បុ៉ន្តែស្រាប់តែពេលនេះមាននៅកម្ពុជា ដោយវាស៊ីបំផ្លាញស្រូវកសិករខ្មែរយើង ។ សួរថា តើយើងអាចកម្ទេចខ្យងនេះបានទេ ? ហើយត្រូវចំណាយប្រាក់ប៉ុន្មានលានដុល្លារដើម្បីកម្ទេចវាឲ្យអស់ពីស្រុកខ្មែរ ? ធ្វើអត់បានទេ ល្អហើយដែលខ្យងមាសស៊ីស្រូវមានពន្លកស្រួចៗ (ខ្ចី) ឬស្លឹកពីរឬបី វាស៊ីលែងកើត បុ៉ន្តែបើវាស៊ីដល់ស្រូវធំទៀត នោះហើយជាមហន្តរាយដែលនឹងកាន់តែធំ។ ចុះទៅថ្ងៃអនាគត បើវាមានបួនឬប្រាំមុខថ្មីៗទៀត អាហ្នឹងយើងលែងចាំបាច់ធ្វើស្រែហើយ ។ អ្វីទៅដែលហៅថា ស្រុកកសិកម្ម ? ហើយមាន៨៥% ជាកសិករនឹងទៅជាយ៉ាងម៉េច ? តើយើងគួររៀបចំធ្វើអ្វីខ្លះ ចាប់ពីពេលនេះតទៅ» ។
លោកបន្ថែមថា ៖ «ដើម្បីការពារបញ្ហានេះ យើងត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹងបន្ថែមទៀត ជាពិសេសខាងគយ ។ ឧទាហរណ៍ ថ្មីៗនេះខាងសហគមន៍អឺរ៉ុបបានផ្ញើលិខិតមកថា មានក្រុមហ៊ុនមួយដឹកបន្លែទៅប្រទេសបារាំង ។ ឥឡូវនេះសហគមន៍អឺរ៉ុបបានព្រមានមកកម្ពុជា ទាក់ទងនឹងបន្លែដែលមានទម្ងន់ប្រហែល៣០គីឡូក្រាម ដោយសារគយនៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិអនុញ្ញាតឲ្យចេញ ហើយពេលគេបញ្ជាក់មក គឺអត់មានឯកសារពីខាងយើងទេ មានតែឯកសារផ្ញើតាមយន្តហោះ ។ អីុចឹងហើយអ្នកដំណើរនៅព្រលានយន្តហោះ ដែលគាត់យកផ្លែត្របែកមួយថ្នក់ទៅ ឬដូចថ្ងៃមុន គេយកបន្លែ៣០គីឡូក្រាមទៅហ្នឹង វាមិនមែនជាកំហុសរបស់គាត់ទេ ហើយក៏មិនមែនការខូចខាតដែរ ។ បើសិនជាគេយកបន្លែ ឬផ្លែឈើទាំងនោះទៅកម្ទេចចាល វាជាការខូចខាតរបស់កម្ពុជាទាំងមូល គេនឹងបិទបន្លែយើងមិនឲ្យនាំទៅប្រទេសគេ ព្រោះយើងយកទៅដោយចម្លងសត្វល្អិត (បន្លែមានសត្វល្អិត)។ គេយកបន្លែចេញទៅ គេអត់សុំយើង អត់ឲ្យយើងពិនិត្យ ឬក៏ចេញក្រដាសស្នាមឱ្យទេ ប៉ុន្តែនៅពេលគេចាប់ គេបានបញ្ជូនដំណឹងអំពីភាពមិនអនុលោមមកយើងជាផ្លូវការ ហើយគេអាចបិទបន្លែនៅស្រុកខ្មែរទាំងមូលមិនអនុញ្ញាតឱ្យនាំចូលទៅប្រទេសគេទេ ដោយសារតែកំហុសរបស់បុគ្គលមួយ ឬនីតិបុគ្គលមួយ» ។
ជាដំណោះស្រាយ លោកបណ្ឌិត ហ៊ាន វណ្ណហន បង្ហាញថា ៖ «ការទប់ស្កាត់កុំឲ្យមានការកើនឡើងនូវហានិភ័យភូតគាមអនាម័យនេះ យើងត្រូវមានសមត្ថកិច្ចត្រួតពិនិត្យតាមច្រកព្រំដែន មានសិទ្ធិគ្រប់គ្រាន់ និងបច្ចេកទេសច្បាស់លាស់ មិនមែនមានតែសិទ្ធិ ហើយគ្មានជំនាញបច្ចេកទេសទេ ។ សមត្ថកិច្ចអាចមើលជំងឺទាំងនោះដឹង ហើយបច្ចុប្បន្នយើងកំពុងស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីជំរុញឲ្យមានការដាក់នៅតាមច្រកទ្វារព្រំដែន ។ ខ្ញុំនឹងបង្កើតជាសាខាតំបន់ដើម្បីសម្រួលដល់ការនាំចេញ ព្រោះពាណិជ្ជកម្មសេរី គឺជាការដកចេញនូវរបាំងពន្ធគយ ហើយដាក់ចូលវិញនៅរបាំងភូតគាមអនាម័យនេះ ។ ដូច្នេះបើយើងមិនយកអ្នកជំនាញទៅទប់ស្កាត់ទេ គឺយើងនឹងចាញ់ប្រៀបគេហើយ ព្រោះគេបិទយើង តែយើងចំហគេ» ។
ការរាលដាលឆ្លងនៃហានិភ័យភូតគាមអនាម័យនេះ បើតាមលោកបណ្ឌិត ហ៊ាន វណ្ណហន គូសបញ្ជក់ថា ៖ «យើងត្រូវរូតរះទាំងការងារកំពុងតែធ្វើ និងការងារដែលមាន ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ មុននឹងបើកទីផ្សារសហគមន៍សេដ្ឋកិច្ចអាស៊ាន ព្រោះពេលនោះទំនិញមានការហូរចូលទៅវិញទៅមក ។ អ្វីដែលយើងបារម្ភបំផុតនោះ គឺបើសិនជាយើងរៀបចំមិនត្រឹមត្រូវ គេហូរមកយើងបាន ប៉ុន្តែយើងហូរទៅគេវិញអត់បាន» ។
បើយោងតាមមន្ត្រីទទួលបន្ទុកផ្នែកផ្លូវដែកកម្ពុជាឱ្យដឹងថា ៖ «កម្ពុជានឹងបញ្ចប់គម្រោងសាងសង់ផ្លូវដែកតភ្ចាប់ពីខេត្តបន្ទាយមានជ័យទៅដល់ខេត្តស្រះកែវ ប្រទេសថៃនាចុងឆ្នាំនេះ ដើម្បីសម្រួលដល់ផែនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច និងបង្កើនទំហំពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ» ។
នាយកនៃនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក លី បូរិន បានមានប្រសាសន៍នាពេលថ្មីៗនេះថា ៖ «កំណាត់ផ្លូវដែកកម្ពុជា មានប្រវែង៤២គីឡូម៉ែត្រចាប់ពីក្រុងសិរីសោភ័ណទៅដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានរួចរាល់ជាស្ថាពរហើយ ។ ដោយឡែក ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងតែរៀបចំដាក់ឲ្យដេញថ្លៃសាងសង់ផ្លូវដែកមួយខ្សែមានចម្ងាយ៦គីឡូម៉ែត្រ ចាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ស្ថានីយអារញ្ញប្រាថេត ខេត្តស្រះកែវរបស់ថៃ នាចុងឆ្នាំនេះ» ៕
ចែករំលែកព័តមាននេះ