ខេត្តកំពត ៖ មន្ត្រីយោធាម្នាក់បើករថយន្តម៉ាកកាមរីមួយគ្រឿង បានបុកជាមួយបង្គោលខ្សែខេមហ្វូនបាក់ បណ្តាលឱ្យស្លាប់ភ្លាមៗ ហើយរថយន្តរងការខូចខាតស្ទើរទាំងស្រុង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២យប់ថ្ងៃទី៣០ តុលា ២០១៥ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះម៉ាច ចន្ថា អាយុ៣៥ឆ្នាំ ជាមន្ត្រីយោធា មានស្រុកកំណើតនៅទីរួមស្រុកកំពង់ត្រាច បើករថយន្តម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ 2-1119 ។
ប្រភពបន្តថា ជនរងគ្រោះបានបើករថយន្តក្នុងទិសដៅពីលិចទៅកើតតែម្នាក់ឯង ដែលត្រូវគេដឹងថា ទើបត្រឡប់មកពីពិធីភ្ជាប់ពាក្យបងប្អូននៅសេះស ក្នុងសង្កាត់អូរក្រសា ក្រុងកែប ។ បើតាមការអះអាងរបស់សាច់ញាតិឱ្យដឹងទៀតថា គឺជនរងគ្រោះមានអាការៈស្រវឹង ហើយត្រូវបងប្អូនហាមមិនឱ្យបើករថយន្តដែរ ប៉ុន្តែជនរងគ្រោះនៅតែមានះបើកមកតាំងពីខេត្តកែប រហូតមកដល់ចំណុចផ្លូវកោងក្នុងភូមិអូរច្រនៀង ក៏រេទៅបុកបង្គោលពីខាងឆ្វេងដៃ បន្ទាប់មករេទៅស្តាំវិញធ្លាក់ចូលស្រែ និងបុកជាមួយបង្គោលខេមហ្វូនជាពីកំណាត់ បណ្តាលឱ្យស្លាប់ក្នុងរថយន្តតែម្តង ។




ចែករំលែកព័តមាននេះ