ខេត្តស្វាយរៀង ៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយរវាងរថយន្តបាឡែន និងម៉ូតូបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសដាច់ដៃត្រឹមក្លៀកសន្លប់ស្តូកស្តឹងគួរឲ្យញាក់សាច់ សមត្ថកិច្ចមិនទាន់យកជនរងគ្រោះចេញពីកន្លែងកើតហេតុផង ស្រាប់តែមានយុវជនម្នាក់ទៀតជិះម៉ូតូយ៉ាងលឿនពីកើតទៅលិចគេចជនរងគ្រោះដែលដេកសន្លប់លើថ្នល់ក៏ជ្រុលចង្កូតទៅបុកគូទរថយន្តម៉ាកហ៊ីយ៉ាន់ដាយពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ រីឯជនរងគ្រោះទី១បានស្លាប់នៅពាក់កណ្តាលផ្លូវ ខណៈសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៩ តុលា ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៦_១៥៧ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ។
មន្ត្រីនគរបាលក្រុងបាវិត បានឲ្យដឹងថា អ្នកដែលស្លាប់ទាំង២នាក់ខាងលើនេះ ម្នាក់ ឈ្មោះ ឈុន ខ្លឹម ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិតក្រុងបាវិត ជិះម៉ូតូម៉ាកយ៉ាន់ម៉ាហាស៊ីរូស ពណ៌ខ្មៅ គ្មានស្លាលេខ ពីលិចទៅកើត យ៉ាងលឿន លុះមកដល់កន្លែងកើហេតុក៏បុកជាមួយរថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២X-៧០៧៤ បញ្ច្រាសទិសពីកើតទៅលិចពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូគាបដាច់ដៃឆ្វេងត្រឹមក្លៀកនិងបោកក្បាលទៅលើថ្នល់ជាតិរបួសធ្ងន់សន្លប់ស្តូកស្តឹង រីឯអ្នកបើកបររថយន្តបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ភ្លាមៗ ។
ចំណែកម៉ូតូជនរងគ្រោះនៅកណ្តាលថ្នល់ បន្ទាប់មកក៏មានយុវជនម្នាក់ទៀត ឈ្មោះ អ៊ឹម សាផាន់ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយស្រុកស្វាយទាប ជិះម៉ូតូម៉ាកវីស្តុនគ្មានស្លាកលេខ បើកបរពីកើតទៅលិចយ៉ាងលឿនក៏វ៉ាក់នឹងជនរងគ្រោះទី១ដែលសន្លប់នៅកណ្តាលថ្នល់ ក៏បើកម៉ូតូគេចជ្រុលចង្កូតទៅបុកគូទរថយន្តហ៊ីយ៉ាន់ដាយពីក្រោយពេញទំហឹងបណ្តាលឲ្យបោកក្បាលទៅនឹងរថយន្តផុងលលាដ៍ស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឲ្យញាក់សាច់ ។ រីឯអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ក៏រត់គេចខ្លួនភ្លាមៗបន្សល់ទុករថយន្តនៅកន្លែងដែរ ។ សមត្ថកិច្ចមកដល់ហៅរថយន្តសាមុយដឹកជនរងគ្រោះទី១ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែស្លាប់នៅពាក់កណ្តាលផ្លូវ ។
សពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្តសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលក្រុងបាវិត ដើម្បីដោះស្រាយតាមនីតិវិធី និងបន្តស្រាវជ្រាវរកអ្នកបើកបររថយន្តទាំង២គ្រឿងឲ្យមកទទួលខុសត្រូវ និងដោះស្រាយតាមច្បាប់ ៕



ចែករំលែកព័តមាននេះ