ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់បានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័មបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៨ តុលា ២០១៥ ចំណុចព្រំប្រទល់ឃុំអូរប្រាសាទនិងឃុំរហាត់ទឹក ស្ថិតក្នុងភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីលោកអនុសេនីយ៍ឯក ឡា រៀម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរប្រាសាទ បានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ សុផល សុផានិត ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានពីឪពុកម្តាយក្មេងរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុកូនប្រុសគាត់បានជិកង់ដើរលេង លុះពេលល្ងាចស្រាប់តែទទួលដំណឹងពីក្មេងក្នុងភូមិជាមួយមកប្រាប់គាត់ថាកូនគាត់លង់ទឹក ពេលគាត់ទៅដល់ក៏ឃើញកូនគាត់បានស្លាប់បាត់បង់ជីវិតរួចទៅហើយ គាត់មានកូនប្រុសចំនួន២នាក់ កូនដែលលង់ទឹកស្លាប់នេះគឺជាកូនទី១ ។
សមត្ថកិច្ចបានបញ្ជាក់ថា តាមការសន្និដ្ឋានក្មេងរងគ្រោះដំបូងលេងនៅទឹករាក់ទេ ពេលលេងយូរៗទៅប៉ះកន្លែងជំរាក់ទឹកជ្រៅក៏រអិលជើងបណ្តាលឲ្យលង់ស្លាប់តែម្តង ។ សាកសពត្រូវបានប្រគល់ជូនឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះអាល័យ ៕


ចែករំលែកព័តមាននេះ