ខេត្តតាកែវ ៖ ជនសង្ស័យជួញដូរគ្រឿងញៀនដ៏ធំ២នាក់ប្តីប្រពន្ធត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង១៦ និង៤៥នាទី ថ្ងៃទី២៧ តុលា ២០១៥ នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។
ប្រភពពីមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោក ជ័យ ឫទ្ធី ព្រះរាជអាជ្ញារងខេត្ត បានចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនដុះស្លែ២នាក់ប្តីប្រពន្ធ ដែលមិនដែលមានសមត្ថកិច្ចណាហ៊ានបង្ក្រាបជាយូរឆ្នាំមកហើយ ។ ជនសង្ស័យទាំង២នាក់មានឈ្មោះ ម៉េង ម៉ន់ អាយុ៤២ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ គាវ គឿន អាយុ៣៧ឆ្នាំ រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។
មន្ត្រីអាវុធហត្ថដដែលបានឲ្យដឹងទៀតថា ខណៈពេលចាប់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជា លុយខ្មែរ៧០ម៉ឺនរៀល លុយវៀតណាម១លានដុង ម៉ាទឹកកក២កញ្ចប់តូច (ម៉ាទឹកកកមានច្រើនតែត្រូវជនសង្ស័យទម្លាក់ចោលក្នុងបង្គន់អស់) ដាវសាមូរ៉ៃ៤ ទូរស័ព្ទ១០គ្រឿង និងម៉ូតូស្កុបពី ពណ៌ស អត់ស្លាកលេខ១គ្រឿង ។
ជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួររួចដាក់គុកបណ្ដោះអាសន្នដើម្បីធ្វើការស្រាវជ្រាវបន្តទៀត ៕


ចែករំលែកព័តមាននេះ