ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​មេគណ​ដឹកនាំ​ព្រះសង្ឃ​200​អង្គ​និមន្ត​បិណ្ឌបាត​ថ្ងៃ​ចេញ​ព្រះ​វស្សា

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​តាំងពី​បុរាណកាល​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ឱ្យ​តែ​ដល់​ថ្ងៃ​ចេញ​ព្រះ​វស្សា​ម្តង​ៗ គេ​សង្កេត​ឃើញ​ព្រះសង្ឃ​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​នានា និមន្ត​បិណ្ឌបាត​តាម​ទំនៀមទម្លាប់​មិន​ដែល​អាក់ខាន​ទ្បើ​យ ។

ខេត្តកំពង់ចាម ៖ តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​តាំងពី​បុរាណកាល​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ឱ្យ​តែ​ដល់​ថ្ងៃ​ចេញ​ព្រះ​វស្សា​ម្តង​ៗ គេ​សង្កេត​ឃើញ​ព្រះសង្ឃ​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​នានា និមន្ត​បិណ្ឌបាត​តាម​ទំនៀមទម្លាប់​មិន​ដែល​អាក់ខាន​ទ្បើ​យ ។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​២៩ តុលា នៅ​ជុំវិញ​ផ្សារ​ធំ​ក្រុង​កំពង់ចាម មាន​ព្រះសង្ឃ​រហូត​ដល់​២០០​អង្គ និមន្ត​បិណ្ឌបាត​ដោយ​មាន​ពុទ្ធបរិស័ទ​ក្មេង​ចាស់​ប្រុស​ស្រី ចូលរួម​សស្រាក់សស្រាំ​ដាក់​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ក្នុង​មនោសញ្ចេតនា​ជ្រះថ្លា​យ៉ាង​ផុលផុស ។

ព្រះ​ឧត្តម​ប្រីជា អន ធាង​អាន ព្រះ​មេគណ​ខេត្ត គង់នៅ​វត្ត​សុ​ទស្សនា​រាម​ជ្រោយ​ថ្ម មាន​ថេរ​ដីកា​ថា ដោយ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ក្រុង​កំពង់ចាម ក៏​ដូច​ជា​លោក​វរសេនីយ៍ត្រី ស៊ឹង ចាន់​អូន អធិការ​នគរបាល​ក្រុង​កំពង់ចាម បាន​ចាត់​ឱ្យ​កម្លាំង​នគរបាល​ចរាចរណ៍​ក្រោម​ឱវាទ​ជា​ច្រើន​នាក់ ជួយ​សម្រួល​ការពារ​ចាប់តាំងពី​វត្ត​ជ្រោយ​ថ្ម រហូត​ទៅ​ដល់​ផ្សារ​ធំ​ក្រុង​កំពង់ចាម​។ ចំពោះ​ព្រះសង្ឃ​ទាំង​២០០​អង្គ គឺ​និមន្ត​មក​ពី​វត្ត​ជ្រោយ​ថ្ម ១៥០​អង្គ វត្ត​បឹង​កុក​១០​អង្គ វត្ត​ដីដុះ​១០​អង្គ វត្ត​អង្គរ​ក្នុង​១០​អង្គ វត្ត​អង្គរ​ក្រៅ​១០​អង្គ និង​វត្ត​បឹង​ស្នាយ​១០​អង្គ ដោយ​មិន​បានឱ្យ​លើស​ពី​នេះ​ទេ  ដែល​ចំនួន​នេះ​សម​ល្មមទៅ​នឹង​លទ្ធភាព​របស់​ពុទ្ធបរិស័ទ​ដាក់​ចង្ហាន់ ដើម្បី​ចៀសវាង​កុំឱ្យ​មានការ​ខ្វះខាត ។

ពិធី​ចេញ​ព្រះ​វស្សា​ឆ្នាំ​២០១៥ ត្រូវ​បាន​ធ្វើ​នៅ​ថ្ងៃ​២​រោច ខែអស្សុជ គឺ​ដោយសារ​តែ​នៅ​ក្រុង​កំពង់ចាម មាន​ពិធី​ប្រណាំងទូក​.​ង បណ្ដែតប្រទីប និង​ការ​តាំងពិព័រណ៍​រយៈពេល​២​ថ្ងៃ (២៧​ និង​២៨​តុលា​) ដែល​បាន​ធ្វើ​ទ្បើ​ង​ក្នុង​ភាព​អធិកអធម មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ តាម​រយៈ​ការ​បាញ់​កាំជ្រួច​ជាដើម ។

ព្រះ​អង្គ​សប្បាយ​ព្រះ​ទ័យ ដោយ​បានឃើញ​ទូក​.​ង​ឈ្មោះ​«​ចៅ​ពេជ្រ​កុមារ​បុប្ផា​ជ្រោយ​ថ្ម​» ជាប់​ចំណាត់ថ្នាក់​លេខ​១ សម្រាប់​ទៅ​ចូលរួម​ប្រណាំង​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ខាង​មុខ ។ ព្រះ​អង្គ​បញ្ជាក់​ថា ទូក​.​ង​នេះ​បាន​ស្ថាបនា​នៅ​ឆ្នាំ​១៩៩១ ដោយ​មានការ​ជួ​​យ​ជ្រោមជ្រែង​ពី​លោក ហ៊ុន ណេ​ង អតីត​អភិបាលខេត្ត និង​សព្វ​ថ្ងៃជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​នៅ​តែ​បន្ត​ជួយ​រហូត​មក ។

ព្រះ​ឧត្តម​ប្រីជា អន ធាង​អាន មាន​ថេរ​ដីកា​ទៀត​ថា ក្រោម​ការ​យកចិត្តទុកដាក់​របស់​លោក លន់ លឹ​ម​ថៃ អភិបាលខេត្ត ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ បាន​ធ្វើ​ឱ្យ​ពិធី​ប្រណាំងទូក​.​ង​ខាងលើ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ទាំង​២​ថ្ងៃ និង​ប្រកប​ភាព​ជោគជ័យ​ត្រ​ចេះ​ត្រចង់ ។ ដោយសារ​កត្តា​នេះ​ហើយ ទើប​ពិធី​ចេញ​ព្រះ​វស្សា​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​២​រោច​វិញ និង​មាន​ព្រះសង្ឃ​២០០​អង្គ​និមន្ត​បិណ្ឌបាត ៕