រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី៣១ ដែលជាថ្ងៃចុងក្រោយក្នុងខែតុលា កីឡាករជើងខ្លាំង និងល្បីឈ្មោះនៅកម្ពុជា ពេជ្រ សីហា នឹងត្រូវឡើងប្រកួតជាមួយម្ចាស់ខ្សែក្រវាត់មកពីថៃ ដែលមានថ្វីដៃប្រកួតលេចធ្លោម្នាក់ ។ នេះជាការប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នៅពេលរសៀលនៅក្នុងព្រឹត្តិការណ៍ប្រដាល់ K.Cement។
ការប៉ះប្រកួតដែលមានការចាប់អារម្មណ៍មិនតិចភាគរយនៅក្នុងចង្កោមអ្នកស្នេហាកីឡាប្រដាល់នេះ គឺដោយសារតែជើងខ្លាំងពេជ្រ សីហា ដែលអ្នកណាក៏ស្គាល់ថា ជាគ្រាប់ពេជ្ររបស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវគេឲ្យសាកល្បងកណ្ដាប់ដៃជាលើកដំបូងជាមួយកីឡាករថៃឈ្មោះ Debanchong Fartex ដែលគេស្គាល់យូរមកហើយថា ជាម្ចាស់ខ្សែក្រវាត់ និងល្បីឈ្មោះនៅក្នុងប្រទេសថៃ ។ អ្នកទាំងពីរនឹងឡើងប្រកួតគ្នានៅក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ដោយមានការរំពឹងថានឹងធ្វើឲ្យមានលទ្ធផលកក្រើកមិនធម្មតានៅលើសង្វៀនទាំងមូល ។ កីឡាករថៃមិនធ្លាប់មកប្រកួតនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែមានការដឹងឮជាទូទៅថាខ្លាំង ដោយសារតែក្នុងបណ្ដាញ YouTube សុទ្ធតែមានបង្ហោះពីការប្រកួតដ៏ខ្លាំងក្លារបស់គេ ។ ទាំងដៃទាំងជើង និងកែងរបស់កីឡាកររូបនេះ សុទ្ធតែមានចំណុចពិសេសដែលសបញ្ជាក់ថា កីឡាករ ពេជ្រ សីហា ពិតជាតឹងតែង និងមិនងាយឈ្នះដោយស្រួលបានទេ ហើយស្រួលមិនស្រួលនឹងក្លាយជាអ្នកអាម៉ាស់វិញផង ។
លោកថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃឲ្យមកប្រកួតបានអះអាងថា កីឡាករ Debanchong Fartex ក្លាយជាម្ចាស់ខ្សែក្រវាត់ និងឈរក្នុងតំណែងជាកីឡាករល្បីនៅក្នុងប្រទេសថៃយូរឆ្នាំមកហើយ ដោយប៉ុន្មានខែចុងក្រោយគេក៏បានបញ្ចេញថ្វីដៃធ្វើឲ្យមានការកត់សម្គាល់កាន់តែខ្លាំង ។ ជាក់ស្ដែងក្នុងពេលមុននេះ គេក៏បានយកឈ្នះកីឡាករបរទេសដែលទៅប្រកួតក្នុងប្រទេសថៃ និងបានចេញប្រកួតក្រៅស្រុកត្រឡប់មកវិញជាមួយជ័យជម្នះគួរឲ្យកត់សម្គាល់ផងដែរ បើទោះជាគេមិនដែលបង្ហាញមុខនៅក្នុងប្រទេសកម្ពុជា ។ កីឡាករថៃរូបនេះមានស្ថិតិប្រកួតបាន៩៩ដង ឈ្នះ៧៩ដង ចាញ់១៦ដង និងស្មើ៤ដង ដែលមានន័យថាប្រវត្តិឡើងរេញរបស់គេគឺមិនធម្មតាឡើយ បើមិនទាន់គិតដល់តំណែងជាម្ចាស់ខ្សែក្រវាត់ ។
ក្រុមអ្នករង់ចាំតាមដានការប្រកួតមិនសូវទុកចិត្តប៉ុន្មានទេថា ពេជ្រ សីហា អាចឈ្នះការប្រកួតនៅរសៀលស្អែក បើទោះជាគេមានប្រវត្តិឡើងរេញច្រើនជាងកីឡាករថៃ ។ កីឡាករកម្ពុជាធ្លាប់ប្រកួតបាន១១២ដង ឈ្នះ៩០ដង ចាញ់១៤ដង និងស្មើ៦ដង ប៉ុន្តែសមត្ថភាពចុងក្រោយរបស់គេមិនសូវនឹងនរនោះទេ គឺពេលខ្លះក៏ល្អ និងពេលខ្លះក៏ធ្វើឲ្យអ្នកទស្សនាខកចិត្ត ។ យ៉ាងណាក៏ដោយ ពេជ្រ សីហា ទំនងមិនចាញ់ការប្រកួតនោះទេ ដោយសារតែគេក៏បានត្រៀមខ្លួនរួចស្រេចទៅហើយ ព្រមជាមួយនឹងការប្រកាសស្វាគមន៍ដល់ម្ចាស់ខ្សែក្រវាត់មកពីថៃជាគូប្រកួតនោះផង។ ម្យ៉ាងចាប់តាំងពីបានល្បីឈ្មោះ គេមានប្រវត្តិល្អជាមួយថៃ១៩លើកមកហើយក្នុងចំណោម២៥លើកដែលបានឡើងប្រកួតឈ្នះ១៦លើក ស្មើ៣លើក និងចាញ់៦លើកនាពេលកន្លងមក ។ ពេជ្រ សីហា គឺជាកីឡាករដែលមានកណ្ដាប់ដៃខ្លាំង និងទាត់់ល្អ ឈ្នះកីឡាករថៃឈ្មោះ Jongang Fight ក្នុងការប្រកួតលើកចុងក្រោយ ដែលកីឡាករថៃរូបនេះ ក៏មានការបញ្ជាក់ថាមិនអន់មកពីទីក្រុងបាងកកដូចគ្នា ។
នៅក្នុងការប្រកួតនោះដែរ កីឡាករ សារឿន ច័ន្ទ មកពីក្លិបសម្រែករាជសីហ៍ ត្រូវគេឲ្យប៉ះគ្នាជាមួយកីឡាករថៃ Pha Ravy ដែលជាជើងខ្លាំងម្នាក់ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះធ្លាប់មកកាន់កម្ពុជា និងឡើងប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍២ដងរួចមកហើយ ដោយការប្រកួតលើកទី១បានឈ្នះឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដោយពិន្ទុ និងលើកទី២បានផ្ដួលកីឡាករផន ផល្លា មកពីក្លិបតាព្រហ្មមានជ័យក្នុងទឹកទី៣ម្ដងទៀត ដែលពួកគេសុទ្ធតែជាធនធានកីឡាករខ្លាំងនៅកម្ពុជា ។
លោកញាណ សុធី អ្នករៀបចំការប្រកួតប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងប្រាប់ថា កីឡាករសារឿន ច័ន្ទ មិនទាន់សង្ឃឹមថាមានលទ្ធផលខុសគ្នាពីមិត្តរួមក្រុមនោះទេ ក្នុងពេលដែលជើងខ្លាំងកម្ពុជា២រូបគឺ ឃីម បូរ៉ា និងផន ផល្លា សុទ្ធតែធ្លាប់ចាញ់ ។ ថ្វីដ្បិតកីឡាករថៃមិនមានខ្សែក្រវាត់ក្នុងដៃ ប៉ុន្តែលោកថាកីឡាករថៃរូបនេះមានសមត្ថភាពល្អគួរឲ្យភ្ញាក់ផ្អើល ។ លោកថា Pha Ravy ធ្លាប់ប្រកួតបាន៦១ដង ឈ្នះ៥៥ដង និងចាញ់៦ដង ខណៈដែលសារឿន ច័ន្ទ ក៏មានតួលេខប្រកួតខ្ពស់ជាងគឺ៦៨ដង ឈ្នះ៥៩ដង ចាញ់៨ដង និងស្មើ១ដង។ ទោះបីយ៉ាងណា លោកស្នើឲ្យរង់ចាំអ៊ុតមើលការប្រកួតជាជាងការព្យាករក្នុងពេលដែលកីឡាករគូនេះ សុទ្ធតែមានចំណុចពិសេស និងខ្លាំងប្រហែលគ្នា ។ សារឿន ច័ន្ទ ធ្លាប់ប្រកួតជាមួយថៃ៩លើក ក្នុងនោះឈ្នះ៧លើក និងចាញ់២លើក ។
ដោយឡែកនៅថ្ងៃសៅរ៍នោះដែរ នៅលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក៏មានការប្រកួតរវាងកីឡាករល្អៗក្នុងស្រុកផងដែរ ចាប់ពីម៉ោង៥ល្ងាចតទៅនៅក្នុងសាលកីឡាជ្រោយចង្វា៕
ចែករំលែកព័តមាននេះ