រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក PHILIP HAMMOND គូសបញ្ជាក់កាលពីថ្ងៃទី២៨ តុលា ថា ប្រតិបត្តិការយោធារបស់ក្រុមចម្រុះអារ៉ាប់នៅយេម៉ែនឈានដល់ទីបញ្ចប់ហើយ ។ លោកស្នើឱ្យជំរុញការខិតខំប្រឹងប្រែងសម្រាប់ដំណោះស្រាយនយោបាយមួយនៃជម្លោះក្នុងប្រទេសនេះ ។
ក្រុមចម្រុះយោធាអារ៉ាប់នាំមុខដោយអារ៉ាប៊ី សាអ៊ូឌីត ចាប់តាំងពីខែមីនាមក បានធ្វើយុទ្ធនាការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លានៅប្រទេសយេម៉ែនជិតខាងប្រឆាំងបណ្តាទីតាំងរបស់ពួកឧទ្ទាមស៊ីអីុតហ៊ូធី មកពីសហគមន៍ស៊ីអីុតហ្សៃអីុឌីត ។ ចាកចេញពីទីតាំងរបស់ពួកគេនៅភាគខាងជើងយេម៉ែន ពួកឧទ្ទាមនេះចាប់តាំងពីខែកក្កដា ឆ្នាំ២០១៤ មក ដណ្តើមត្រួតត្រាតំបន់យ៉ាងច្រើននៃប្រទេសពិសេសរដ្ឋធានីសាណា ។
បន្ទាប់ពីជួបពិភាក្សានៅទីក្រុងរីយ៉ាដជាមួយព្រះមហាក្សត្រសាល់ម៉ាន និងបណ្តាសមាជិកគ្រួសាររាជវង្សអារ៉ាប៊ីសាអ៊ូឌីត មក លោក HAMMOND គូសបញ្ជាក់ថា ដំណាក់កាលយោធានៃយុទ្ធនាការនេះឈានដល់ទីបញ្ចប់ហើយ ដោយកងកម្លាំងចម្រុះបង្កើតទីតាំងយោធាគ្របដណ្តប់ក្នុងប្រទេស ។
លោក HAMMOND គូសបញ្ជាក់ថា ការសន្ទនារបស់លោកនៅអារ៉ាប៊ី សាអ៊ូឌីត ផ្តោតសំខាន់លើភាពចាំបាច់ជំរុញការចរចានយោបាយរវាងបណ្តាភាគីច្បាំងគ្នានៅយេម៉ែន ហើយនាំពួកឧទ្ទាមហ៊ូធី និងបណ្តាសម្ព័ន្ធមិត្តមកចូលរួមក្នុងការចរចា ។
ចំណែករដ្ឋមន្ត្រីការបរទេសអារ៉ាប៊ី សាអ៊ូឌីត លោក ADEL AL JUBEIR វិញ ក្នុងសន្និសីទសារព័ត៌មានមួយជាមួយសមភាគីអង់គ្លេសថ្លែងថា យុទ្ធនាការរបស់ក្រុមចម្រុះហាក់ដូចជាកំពុងឈានទៅបញ្ចប់ ហើយលោកសម្តែងសុទិដ្ឋិនិយមលើច្រកចេញនៃការចរចារវាងបណ្តាភាគីយេម៉ែន ។
សេចក្តីថ្លែងការណ៍ទាំងនេះធ្វើឡើង ខណៈ អ.ស.ប កំពុងជំរុញការខិតខំប្រឹងប្រែងខាងការទូតសំដៅដោះស្រាយវិបត្តិក្នុងប្រទេសនេះ ។ បេសកជនពិសេស អ.ស.ប ប្រចាំយេម៉ែនលោក ISMAIL OULD CHEIKH AHMED ប្រកាសកាលពីថ្ងៃទី២៣ តុលា កន្លងមកនេះ នៅមុខក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ថា លោកនឹងរៀបចំការចរចារវាងបណ្តាភាគីក្នុងជម្លោះ ។ លោកអះអាងថា ពួកឧទ្ទាមហ៊ូធី និងសម្ព័ន្ធមិត្ត ក្នុងនោះរួមមានពួកអ្នកគាំទ្រអតីតប្រធានាធិបតី លោកអាលី អាប់ដាល់ឡាហ៍សាឡេហ៍ ពេលនេះនិយាយយ៉ាងច្បាស់ថា ពួកគេត្រៀមអនុវត្តដំណោះស្រាយលេខ២២១៦ របស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងនោះរួមមានការដកថយពីបណ្តាទីក្រុងសំខាន់ៗ ដែលពួកគេដណ្តើមកាន់កាប់ ហើយប្រគល់ឱ្យរដ្ឋរាល់អាវុធធុនធ្ងន់ ដែលរឹបអូសយកបាន ។
ចំណែកឯរដ្ឋាភិបាលរបស់ប្រធានាធិបតី លោកអាបដ៍រ៉ាបូ ម៉ាន់សួរ ហាឌី វិញ ប្រកាសថា ខ្លួននឹងបញ្ជូនគណៈប្រតិភូមួយ ដើម្បីចូលរួមក្នុងការចរចាសន្តិភាព ។
ការប៉ុនប៉ង២លើកមកហើយនាំបណ្តាភាគីយេម៉ែនមកកាន់តុចរចាទទួលបរាជ័យរួចទៅហើយ កាលពីខែមិថុនា និងកាលពីខែកញ្ញា ចំណែកជម្លោះបណ្តាលឱ្យមនុស្សស្លាប់ជាង៥.០០០នាក់ រងរបួស២៥.០០០នាក់ ចាប់តាំងពីដំណាច់ខែមីនាមក ។
នៅលើទីលានកងទ័ពរដ្ឋាភិបាលកំពុងជួបការលំបាកកាលពីថ្ងៃទី២៨ តុលា នៅទីក្រុង TAEZ ជាទីក្រុងធំទី៣របស់ប្រទេស ហើយពុំអាចរុលទៅមុខឆ្ពោះទៅភាគកណ្តាលប្រទេស បន្ទាប់ពីវាយដណ្តើមកាន់កាប់ខេត្ត៥នៅភាគខាងត្បូងមក ។
យោងតាមប្រភពយោធា បណ្តាយន្តហោះរបស់ក្រុមចម្រុះ បានទម្លាក់អាវុធ និងគ្រាប់រំសេវឱ្យពួកយុទ្ធជនរដ្ឋាភិបាលនៅក្រុង TAEZ ដែលជាប់ក្នុងការឡោមព័ទ្ធរបស់ពួកឧទ្ទាមហ៊ូធី ៕
ចែករំលែកព័តមាននេះ