អ្នកជំងឺកូវីដទី២ សម្រាលកូន នៅមន្ទីរពេទ្យមេគង្គកំពង់ចាម
- ភ្នំពេញ
ខេត្តកំពង់ចាម៖ ក្រុមគ្រូពេទ្យជួរមុខប្រកបដោយភាពក្លាហាន និងមានទំនួលខុសត្រូវខ្ពស់ បានជួយស្ត្រីកម្មការិនីម្នាក់ នៅស្រុកកងមាស ដែលមានផ្ទៃពោះគ្រប់ខែ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសំរាក នៅបន្ទប់ដាច់ដោយឡែក ក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដោយសារផ្ទុកកូវីដដ-១៩។ បន្ទាប់មក ក៏ឈឺពោះ ហើយត្រូវបានក្រុមគ្រូពេទ្យ បញ្ជូនមកសម្រាកនៅមន្ទីរពេទ្យមេគង្គ ក្រុងកំពង់ចាម។ កាលពីរសៀលថ្ងៃទី១២ឧសភា ស្ត្រីរូបនោះ ក៏សម្រាលបានកូនម្នាក់ ដោយមានសុខភាពល្អ ទាំងម្ដាយ និងទាំងកូន។
លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម មានប្រសាសន៍ថា ស្ត្រី ដែលសម្រាលកូននោះ ឈ្មោះ សាក់ យាង អាយុ ២៨ឆ្នាំ មកពីភូមិទី៦ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បានចូលមកសំរាកពេទ្យ ដោយសារមានវិជ្ជមានកូវីដ១៩ និងមានផ្ទៃពោះ ៨ខែកន្លះ។ នៅថ្ងៃទី១២ ឧសភា ចាប់ផ្តើមឈឺពោះ ខាងមន្ទីរពេទ្យ ក៏បានបញ្ជូនមកមន្ទីរពេទ្យមេគង្គ។ លុះម៉ោង ប្រហែល ២ និង ១០នាទី រសៀល ស្ត្រីរូបនេះ បានសំរាលកូនស្រី មានទំងន់ ៣គីឡូក្រាម។ ក្រោយ សំរាល ស្ត្រី និងទារិកា មានសុខភាពល្អធម្មតា ដោយក្រុមពេទ្យឆ្មប កំពុងតែយកចិត្តទុកដាក់ធ្វើយ៉ាងណា ឲ្យសុខភាពទាំងម្ដាយ និងកូន បានល្អប្រសើរ។
ក្រុមគ្រូពេទ្យ បានឲ្យដឹងថា នេះគឺជាស្ត្រីទី២ ហើយ ដែលបានសម្រាលកូននៅមន្ទីរពេទ្យមេគង្គកំពង់ចាម។
ក្នុងទឹកចិត្តអាណិតអាសូរ គ្រូពេទ្យ និងឆ្មប បានជួយថែទាំ ដោយមិនគិតពីការនឿយហត់ ទោះបីជាត្រូវប្រឈមនឹងបញ្ហាយ៉ាងណាក៏ដោយ គឺត្រូវតែពុះពារជម្នះរាល់ឧបសគ្គ ក្នុងការសង្គ្រោះជីវិតមនុស្ស។ គឺពិតជាអាណិតណាស់ រាល់ស្ត្រី ដែលឆ្លងទន្លេ ធម្មតាមានប្តី ឬម្តាយ នៅដេកកំដរ មើលថែទាំ តែស្ត្រី ដែលផ្ទុកជំងឺកូវីដម្នាក់នេះ គ្មានអ្នកនៅជិតទេ គឺមានតែក្រុមគ្រូពេទ្យ ដែលបានជួយបង្កើត ព្រមទាំងថ្នាក់ថ្នមប្រៀប ដូចជាប្ដីរបស់ខ្លួនយ៉ាងដូច្នោះ។ នេះគឺជាសន្ដានចិត្តមួយដ៏ល្អប្រពៃរបស់ក្រុមឆ្មប ដែលបានបន្តថែរក្សាស្ត្រីជាម្ដាយ និងទារិកា ដោយធ្វើយ៉ាងណា ឱ្យពួកគាត់ មានសុខភាពល្អ និងបានឆាប់ជាសះស្បើយ ពីជំងឺ ត្រឡប់ទៅកាន់លំនៅឋានវិញ៕ ចាន់ ថេត





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ