ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន គូសបញ្ជាក់កាលពីថ្ងៃទី២៨ តុលា ថា ជោគជ័យក្នុងការតស៊ូប្រឆាំងភេរវកម្មនៅស៊ីរីនៅតែជាអាទិភាពមុនរាល់ការចរចាជាក់ស្តែងស្តីពីការបង្រួបបង្រួមខាងនយោបាយក្នុងប្រទេសកំពុងមានសង្គ្រាមនេះ ។
លោកពូទីន អះអាងថា ប្រាកដណាស់ ការតស៊ូប្រឆាំងសត្រូវរួមគឺភេរវកម្មគឺជាអាទិភាពបច្ចុប្បន្ន ។ មានតែក្រោយការយកឈ្នះលើភេរវកម្មឬយ៉ាងហោចណាស់ធ្វើឱ្យបណ្តាក្រុមភេរវកម្ម និងជ្រុលនិយមរងការវាយសំពងយ៉ាងដំណំបំផុត ទើបគេនឹងអាចនិយាយពីភាពលម្អិតសម្រាប់ដំណោះស្រាយនយោបាយមួយនៅស៊ីរី ។
ប្រមុខរដ្ឋរុស្ស៊ីអះអាងបែបនេះពេលជួបជាមួយអធិការបតីរង និងរដ្ឋមន្ត្រីសេដ្ឋកិច្ច និងថាមពលអាល្លឺម៉ង់ លោក SIGMAR GABRIEL ។ ពេលជួបសន្ទនាគ្នានោះ លោកពូទីន រំលឹកជាថ្មីពីការជួយទ្រទ្រង់របស់រុស្ស៊ីដល់ដំណោះស្រាយនយោបាយមួយនៃវិបត្តិស៊ីរី ដោយពន្យល់ថា រដ្ឋត្រូវតែពង្រឹងក្នុងប្រទេស ហើយបណ្តារចនាសម្ព័ន្ធរបស់រដ្ឋក៏ត្រូវស្តារឡើងវិញដែរ ។ គេចាំបាច់ត្រូវជំរុញដំណើរការនយោបាយ ហើយទីចុងបំផុតដោះស្រាយបណ្តាបញ្ហាចម្រូងចម្រាស់ជាអន្តរជាតិ ។
លោកអាសាដ ចោទពួកលោកខាងលិចថា ជួយទ្រទ្រង់ភេរវកម្ម
ប្រធានាធិបតីស៊ីរី លោកបាចា អាល់អាសាដ កាលពីថ្ងៃទី២៨ តុលា បានចោទប្រកាន់ប្រទេសលោកខាងលិចជាច្រើនថា ជួយទ្រទ្រង់ភេរវកម្មនៅស៊ីរី ។ លោកធ្វើការចោទប្រកាន់បែបនេះពេលបណ្តាប្រទេសធំៗក្នុងតំបន់ និងពិភពលោកត្រៀមជួបប្រជុំគ្នា ដើម្បីនិយាយពីវិបត្តិស៊ីរីក្នុងសប្តាហ៍នេះ ។
ពេលជួបជាមួយគណៈប្រតិភូសភាបារាំងមួយលោកអាសាដ អះអាងថា ប្រទេសជាច្រើនក្នុងតំបន់ និងពួកលោកខាងលិច ក្នុងនោះមានបារាំងផងដែរ បន្តជួយទ្រទ្រង់ភេរវកម្ម ហើយជួយខាងនយោបាយដល់បណ្តាអង្គការភេរវកម្មនៅស៊ីរី និងក្នុងតំបន់ ។
ប្រធានាធិបតីស៊ីរីគូសបញ្ជាក់ពីតួនាទីសំខាន់ដែលបណ្តាសមាជិកសភាអាចដើរ ដើម្បីជួយកែប្រែនយោបាយរបស់រដ្ឋាភិបាលបារាំង ហើយជួយទ្រទ្រង់ដល់សន្តិសុខ និងស្ថេរភាពតំបន់ ។
បណ្តាសមាជិកសភាបារាំងថ្លែងថា អស់លោកនឹងធ្វើរាល់ការខិតខំប្រឹងប្រែងតាមដែលអាចធ្វើទៅបាន ដើម្បីកែប្រែនយោបាយរបស់បារាំងសំដៅសម្រាលការឈឺចាប់របស់ពលរដ្ឋស៊ីរី ។
នេះពុំមែនជាទស្សនកិច្ចលើកដំបូងរបស់បណ្តាសមាជិកសភាបារាំងនៅស៊ីរីឡើយ ។ កាលពីខែកក្កដាកន្លងទៅ បណ្តាសមាជិកសភាបារាំងក៏ធ្លាប់មកជួបជាមួយលោកអាសាដ នៅក្រុងដាម៉ាស់ដែរ ។
អ្នកការទូតជាន់ខ្ពស់អាមេរិក រុស្ស៊ី អីុរ៉ាក់ តួកគី អីុរ៉ង់ អេហ្ស៊ីប និងអារ៉ាប៊ី សាអ៊ូឌីត ត្រូវជួបប្រជុំគ្នានាថ្ងៃទី៣០ តុលា នៅទីក្រុងវីយែន ដើម្បីពិភាក្សាពីវិបត្តិស៊ីរី ៕
ចែករំលែកព័តមាននេះ