រាជធានីភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី៣១ តុលា កីឡាករ មឿង សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សកីឡា និងកីឡាករ រឿង សោភ័ណ្ឌ មកពីក្លិបមកុដរាជសីហ៍ នឹងត្រូវជួបប្រកួតជាមួយកីឡាករថៃ នៅលើសង្វៀនទូរទស្សន៍ស៊ីធីអិន ។ អ្នកនិយមទស្សនាកីឡាប្រដាល់ជាច្រើននាក់កំពុងរង់ចាំអ៊ុតមើលថា តើកីឡាករទាំងពីរអាចសម្រេចគោលដៅឬយា៉ងណា ខណៈកីឡាករថៃដែលពួកគេត្រូវជួបនាថ្ងៃស្អែកហាក់ដូចជាមានសមត្ថភាពពិបាកផ្តួលអីុចឹងនោះ ។
ការប្រកួតនៅថ្ងៃសៅរ៍នោះ កីឡាករ មឿង សុខហ៊ុច នឹងជួបប្រកួតជាមួយកីឡាករថៃឈ្មោះ នីវវាំងចាន់ ប៉ាកនផនសុរិន ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ខណៈ រឿង សោភ័ណ្ឌ ត្រូវជួបប្រកួតជាមួយកីឡាករថៃឈ្មោះឆ្លាមដាំស៊ីតហ្វាំងម៉ៃ ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ អ្នកប្រដាល់ថៃទាំង២រូបនេះអត់មានអ្នកណាស្គាល់ពីប្រវត្តិប្រកួតរបស់ពួកគេច្បាស់លាស់ឡើយ ។ ប៉ុន្តែលោក ម៉ា សេរី អ្នកគ្រប់គ្រងកម្មវិធីកីឡាប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន ប្រាប់ថា ពួកគេទាំង២សុទ្ធតែជាជើងខ្លាំង មានប្រវត្តិប្រកួតនៅលើសង្វៀនយា៉ងជោកជាំ ។
មឿង សុខហ៊ុច ថ្វីដ្បិតតែមួយរយៈមកនេះមិនសូវលេចមុខនៅលើសង្វៀនញឹកញាប់ដូចមុនមែន ប៉ុន្តែថ្វីដៃប្រកួតនៅលើសង្វៀនរបស់គេនៅតែខ្លាំងដដែល ។ បើនិយាយពីអ្នកប្រដាល់នៅស្រុកខ្មែរវិញ កម្រមានអ្នកណាទប់ទល់ជាមួយគេបានណាស់ ទើបមួយរយៈមកនេះបាត់មុខពីលើសង្វៀនដោយសារគ្មានគូប្រកួត ។ វត្តមានរបស់កីឡាកររូបនេះនៅលើសង្វៀនលើកនេះបានធ្វើឱ្យអ្នកតាមដានការប្រកួតភាគច្រើនមានការចាប់អារម្មណ៍យា៉ងខ្លាំង ។ មឿង សុខហ៊ុច មានផ្លែកែងនិងជង្គង់ល្អ ឯស្នៀតកណ្តាប់ដៃនិងស្នៀតជើងរបស់គេកាន់តែអស្ចារ្យថែមទៀត។ ពេលវាយចេញម្តងៗមានទម្ងន់ធ្ងន់បើគូប្រកួតបណ្តោយឱ្យវាយត្រូវច្បាស់ជាដួលងើបលែងរួចមិនខាន ។ ប៉ុន្តែការប្រកួតលើកនេះគេមិនទាន់ហ៊ានធានាទុកមុនថាយ៉ាងណានោះឡើយ ព្រោះគូប្រកួតរបស់គេមិនដែលមកប្រកួតនៅស្រុកខ្មែរទាល់តែសោះ ។
រឿង សោភ័ណ្ឌ ជាអ្នកប្រដាល់ដែលមានស្នៀតកណ្តាប់ដៃឆ្វេងល្អ រាល់ពេលវាយចេញម្តងៗមានសភាពរហ័សនិងត្រូវចំគោលដៅថែមទៀតផង ។ ប៉ុន្តែគេមិនហ៊ានមើលស្រាលលើអ្នកប្រដាល់ថៃម្នាក់នេះទេ ព្រោះតាមការឱ្យដឹង ឆ្លាមដាំស៊ីត ហ្វាំងម៉ៃ មានប្រវត្តិប្រកួតនៅលើសង្វៀនមិនធម្មតា ជាពិសេសក្នុងចំណោមអ្នកប្រដាល់ទម្ងន់ធ្ងន់ដូចគ្នាកម្រមានអ្នកណាបង្ក្រាបគេបានណាស់ ។ ដូច្នេះគូនេះអាចស៊ីសងគ្នាបានគ្រាន់តែគេមិនទាន់ដឹងមុនថា អ្នកណាខ្លាំងជាងអ្នកណា ។ ចាំមើល រឿង សោភ័ណ្ឌ យកឈ្នះកីឡាករថៃរូបនេះបានដោយរបៀបណា ?
ចំណែកគូប្រកួតមិត្តភាពធម្មតាវិញមាន កីឡាកររិទ្ធ ប្រាក់ប៊ិន មកពីក្លិបកងពលតូចលេខ៧០ ប្រកួតជាមួយកីឡាករ សង គង់ មកពីក្លិបអេភូថងកីឡា ។ កីឡាករ មាស ច័ន្ទមាន មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយកីឡាករ សុខ ចិន្តា មកពីក្លិបឃ្លាំងមឿងកីឡា និងកីឡាករ ដួង ស្រេង មកពីក្លិបសាលវ័ន្តកីឡា ប្រកួតជាមួយកីឡាករ នី សមសក្តិ មកពីក្លិបខ្លារិនមានរិទ្ធ ៕


ចែករំលែកព័តមាននេះ