ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់រងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅក្នុងថ្លុកឈាម ដោយសារតែជិះម៉ូតូលឿនទៅបុកឆ្កែដែលរត់ឆ្លងផ្លូវ បណ្តាលឱ្យដួលបោកក្បាលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ តុលា ២០១៥ នៅមុខការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
មន្ត្រីនគរបាលចរាចរណ៍ខេត្ត បានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ថា អាយុ៤៨ឆ្នាំ រស់នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ មុនពេលកើតហេតុ បុរសរងគ្រោះជិះម៉ូតូម៉ាកហុងដា ធុនសេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខញ២៣០២ភព១ មួយគ្រឿង តែម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ដោយស្ថានភាពស្រវឹងផងនោះ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានឆ្កែមួយក្បាលរត់កាត់មុខក៏បុកពេញមួយទំហឹងបណ្តាលឱ្យដួលបោកក្បាលទៅនឹងថ្នល់កៅស៊ូរបួសធ្ងន់ហូរឈាមពេលថ្នល់និងសន្លប់ស្តូកស្តឹង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចទូស័ព្ទហៅរថយន្តសង្គ្រោះមន្ទីរពេទ្យមកដឹកបុរសរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ករណីនេះ សមត្ថកិច្ចនិយាយថាមកពីអ្នកបើកបរម៉ូតូបើកក្នុងស្ថានភាពស្រវឹង និងបើកលឿនពេកហួសល្បឿនកំណត់មិនប្រុងប្រយ័ត្នក៏បុកឆ្កែបណ្តាលឱ្យរងរបួសក្បាលធ្ងន់តែម្តង និងដោយសារតែគេមិនពាក់មួកសុវត្ថិភាព ។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅក្នុងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ៕


ចែករំលែកព័តមាននេះ