ខេត្តកំពង់ឆ្នាំង ៖ វត្ថុបុរាណជា កងជើងទេវរូប មានទម្ងន់ជាង១,៦គីឡូក្រាម ត្រូវបានលោក ញ៉ែម សុភាវី ប្រធានការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រគល់ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីរក្សាទុក ។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំសហការីទៅទទួលយកវត្ថុបុរាណនោះ បានប្រាប់ឲ្យដឹងថា វត្ថុបុរាណដែលបានទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង គឺជា «កងជើងទេវរូបស្រី» ធ្វើពីលោហៈ មានស្ពាន់ ដែក និងលង្ហិន។ វត្ថុនេះ បានកសាងតាមរចនាបថ ក្រោយសម័យអង្គរ គឺក្រោយសតវត្សទី១៨ មានទម្ងន់១,៦គីឡូក្រាម (១គីឡូ៦ខាំ) ។ វត្ថុបុរាណនេះ មិនមានតម្លៃប៉ុន្មាននោះទេ តែវាមានតម្លៃកក្នុងវប្បធម៌ប្រវត្តិសាស្ត្រ ។ លោកមិនបានដឹងថា វត្ថុបុរាណនេះ គឺបានមកពីណានោះទេ គ្រាន់តែដឹងថា លោកមកទទួលពីស្នងការដ្ឋាននគរបាលខេត្ត ដើម្បីយកទៅរក្សាទុកជាមរតវប្បធម៌ជាតិតែប៉ុណ្ណោះ ។

តើប្រភពកងជើងទេវរូប នេះមកពីណា…?
បើតាមប្រភពពីមន្ត្រីនគរបាលមួយរូបសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ វត្ថុបុរាណជាកងជើងទេវរូបនេះ គឺយកមកពីក្នុងផ្ទះដែលត្រូវភ្លើងឆេះ បង្កឡើងដោយបុរសជាប្តីដែលសម្លា.ប់ប្រពន្ធ និងកូនៗ រួចដុតផ្ទះកម្ទេចចោល នៅក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ កាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ។

តាមការស្រាវជ្រាវនូវបទល្មើសមនុស្សឃា.តដោយចេតនា ដែលឈានដល់ការសម្លា.ប់ប្រពន្ធ និងកូនចំនួន៤នាក់ខាងលើ ក៏បានដឹងរឿងដាច់ដោយឡែកមកថា ក្រោយពេលឈ្មោះ នន់ សារ៉េត មកយកឈ្មោះ អៀន សុខ ជាស្ត្រីមេម៉ាយមានកូន៣នាក់ធ្វើជាប្រពន្ធ ពួកគេបានខិតខំរកស៊ី និងបានចំណងដៃស្នេហ៍១ទៀតគឺកូនប្រុសអាយុ២ឆ្នាំដែលស្លា.ប់ក្នុងហេតុការណ៍នោះដែរ ។ មានថ្ងៃមួយ ពេលចាប់ផ្តើមជីកដីសាងសង់ផ្ទះ ក៏បានប្រទះឃើញ «កងទេវរូប» ១ហ្នឹង រួចក៏យកទៅរក្សាទុក ក្រោយមកបុរសជាប្តីក៏ធ្វើគ្រូទស្សន៍ទាយ និងព្យាបាលជំងឺជាបន្តបន្ទាប់រហូតមក ។

បន្ទាប់មកក៏បានដឹងថា មានគេចង់ទិញ «កងជើងទេវរូប» ខាងលើនេះហើយ បុរសជាប្ដីក៏ចង់លក់ ដើម្បីយកលុយសងបំណុលមេក្រូហិរញ្ញវត្ថុ ដែលនៅជំពាក់ជាង២ម៉ឺនដុល្លារ គ្រាន់តែការប្រាក់ត្រូវបង់ ១ខែជាង២លានរៀល ប៉ុន្តែប្រពន្ធមិនព្រមលក់ ទើបមានទំនាស់នឹងគ្នារ៉ាំរ៉ៃរហូតមក ។

មានអ្វីប្លែកនោះ ក្រោយពេលភ្លើងឆេះផ្ទះសម្លា.ប់មនុស្ស៥នាក់ (ម្តាយ និងកូនៗ៤នាក់) លោក ឃុំ ស៊ាំ ក្រុមប្រឹក្សាឃុំខុនរ៉ង ស្រុកបរិបូរណ៌ បានឱ្យដឹងថា៖ យប់ថ្ងៃកើតហេតុ គឺថ្ងៃទី៩ ខែឧសភានោះ ក្រោយពេលអគ្គិភ័យស្ងប់បន្តិច លោកក៏បានឲ្យប្រជាការពារដឹកឈ្មោះនន់ សារ៉េត ទៅ មណ្ឌលសុខភាព ព្រោះតែស្លុតនឹងហេតុការណ៍ខ្លាំងពេក ។ ស្រាប់តែព្រឹកឡើងថ្ងៃទី១០ ខែឧសភា គាត់ឃើញឈ្មោះនន់ សារ៉េត មកដល់ផ្ទះកន្លែងកើតហេតុវិញ ហើយមិនឃើញចាប់អារម្មណ៍នឹងសាកស.ពដែលស្លា.ប់រណូករណែលនោះទេ បែរជាដើររកវត្ថុបុរាណ គឺ «កងជើងទេវរូប»ទៅវិញ ។

ប្រភពដដែលបន្តថា លោកបានឃើញឈ្មោះ នន់ សារ៉េត បានយកវត្ថុបុរាណពីកណ្ដាលផ្ទះ ក្នុងគំនរដែក រួចក៏បានកាន់មកអង្គុយនៅខាងក្រៅ ។ គាត់ឃើញបែបនេះ ក៏ឱ្យយកទៅទុកខាងក្នុងវិញទៅ ព្រោះនគរបាលបច្ចេកទេស គេមកធ្វើកោសល្យវិច័យឥឡូវហើយ ទើបឃើញឈ្មោះនន់ សារ៉េត យកវត្ថុបុរាណនោះ ទៅដាក់លើរានទេវតាដែលឆេះអស់ខ្លះ នៅមុខផ្ទះ ។
លោកមិនដឹងថា៖ ការពិតមិនមែនភ្លើងឆេះផ្ទះនោះទេ គឺជាស្នាដៃឈ្មោះ នន់ សារ៉េត ត្រូវជាប្តី និងជាឪពុកចុង ដែលជាអ្នកដុតសម្លា.ប់មនុស្សរហូតដល់ទៅ៥នាក់ ចឹងហើយបានមិនឃើញចាប់អារម្មណ៍និងប្រពន្ធកូន បែរជាមកចាប់អារម្មណ៍នឹងវត្ថុបុរាណនោះទៅវិញ។

តើការយកវត្ថុបុរាណមកដាក់ក្នុងផ្ទះនាំឱ្យក្តៅក្រហាយក្នុងគ្រួសារ ដូចការសន្និដ្ឋាន លោកមេឃុំមែនទេ ?
បើតាមការបញ្ជាក់ពីលោក ចាន់ អាន មេឃុំខុនរ៉ង ស្រុកបរិបូណ៌ ដែលបានប្រាប់ភ្នាក់ងារយើងនៅព្រឹកថ្ងៃទី១៣ ខែឧសភានេះថា គាត់ដឹង «កងជើងទេវរូប» នេះមិនមែនបានមកពីការជីកដីសាងសង់ផ្ទះនោះទេ គឺបានមកពីការចាក់អាចម៍ដីក្នុងស្រែ ដើម្បីធ្វើផ្ទះ ។
លោកមេឃុំខុនរ៉ង បានបញ្ជាក់ថា «២នាក់នេះ បានរៀបសែនយកគ្នាជាប្តីប្រពន្ធជាង៤ឆ្នាំមកហើយ គឺនៅឆ្នាំ២០១៧ ។

ក្រោយមកក៏បានទិញដីស្រែសុទ្ធសាធ ហើយបានចាក់ដីមួយឆ្នាំបន្តិច ៗ ដើម្បីរៀបចំធ្វើផ្ទះ ។ លុះចុងក្រោយ ពេលចាក់ដីហើយ រថយន្តចេញផុតទៅ បុរសជាប្ដីក៏បានយកចបមកកាយដី ពង្រាបឲ្យស្មើ ហើយក៏បានប្រទះឃើញ «កងជើងទេវរូប» មួយនេះ ហើយបុរសជាប្តីនោះ ក៏បានយកទៅរក្សាទុក ។ លុះក្រោយមកទៀត បុរសជាប្តីនោះក៏បានយកមកបង្ហាញគាត់ជាមេឃុំថា មានគេចង់ទិញ និងក្រោយមកទៀត ឮថាលក់មិនដាច់ទេ ព្រោះជាវត្ថុមិនសុទ្ធ លោកដឹងត្រឹមប៉ុណ្ណឹង ។

ចំណែកនៅម្ដុំផ្ទះរបស់គ្រួសារខាងលើ មានទួលមួយឈ្មោះ ទួលអ្នកតារាជ មានចម្ងាយប្រមាណ៣០ ម៉ែត្រពីខាងជើងផ្ទះរងគ្រោះ តែគ្មានកំណាយអ្វីផ្ដេសផ្ដាស នោះទេ។ ជាមួយនឹងអំពើមនុស្ស.ឃាត ស្លា.ប់ទាំងគ្រួសារ ដោយសារស្នាដៃប្តីនេះដែរ លោក ចាន់ អាន មេឃុំខុនរ៉ង ក៏បានចំណាប់អារម្មណ៍ថា របស់បុរាណយកមកទុកនៅផ្ទះអាចជារឿងក្តៅក្រហាយ ធ្វើឲ្យគ្រួសារបែកបាក់ នេះបើតាមជំនឿពីដើមតរៀងមក ។ អ្វីបានជាគាត់ហ៊ាននិយាយដូច្នេះ ព្រោះចាប់តាំងពីឈ្មោះ នន់ សារ៉េត មកបានប្រពន្ធនៅទីនេះ ជាមនុស្សស្លូតបូត សុភាពរាបសារ ចេះគោរពចាស់ទុំ មើលទៅមិនសមជាមនុស្សកោងកាច ចិត្តដាច់ សម្លា.ប់ប្រពន្ធកូនបែបនេះឡើយ នេះបែបដោយសារ រឿងវត្ថុក្តៅក្រហាយមែនទេដឹង?
គួររំលឹកថា ៖ ចម្លើយសារភាពបុរសជាប្តី ក្រោយពេលដុតផ្ទះសម្លា.ប់ម្តាយ និងកូនតូចៗ៤នាក់ ៕








ចែករំលែកព័តមាននេះ