ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បន្ត​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​វិស័យ​ស្រូវ​អង្ករ​ដើម្បី​កំណត់​ម៉ាក​យីហោ​អង្ករ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​អង្ករ​របស់​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​ៗ​គ្នា និង​មាន​ច្រើន​ប្រភេទ នោះ ក្រសួងពាណិជ្ជកម្ម និង​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​វិស័យ​ស្រូវ​អង្ករ បាន​ជួប​ពិភាក្សា​គ្នា​ផ្តោត​លើ​ប្រធានបទ «​តើ​ការ​ដាក់​ម៉ាក​យីហោ​ត្រឹមត្រូវ​មួយ អាច​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​» ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌​មាននៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យា​ល់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ តុលា​ថា ៖ «​យើងខ្ញុំ​ចូលរួម​ជា​និច្ច​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​ធ្វើ​យ៉ាងណា ឱ្យ​មានការ​ទទួលស្គាល់​ម៉ាក​អង្ករ​កម្ពុជា ព្រោះ​អង្ករ​យើង​បាន​ជាប់​លេខ​១ ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​ៗ​គ្នា ។ ក៏​ប៉ុន្តែ​ដោយសារ​អង្ករ​កម្ពុជា​មាន​ច្រើន​ប្រភេទ​ពេក អុ​ី​ចឹ​ង​ហើយ ថ្ងៃនេះ​យើង​បាន​ពិភាក្សា​គ្នា​រក​នីតិវិធី​ផ្សព្វផ្សាយ​អង្ករ​កម្ពុជា​តាម​វិធី​ណា ?

យើង​នឹង​បន្ត​ចូលរួម​ជាមួយ​ផ្នែក​ឯកជន និង​រាជរដ្ឋាភិបាល ជា​ពិសេស ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ជំរុញ​ម៉ាក​អង្ករ​នេះ​ឲ្យ​បាន​ច្បាស់ ។ ការ​ដាក់​ម៉ាក់​អង្ករ​នេះ យើង​កំពុង​តែ​សិក្សា ហើយ​នៅ​ឆ្នាំ​២០១៦ គេ​នឹង​ពិនិត្យ​ឡើង​វិញ​ទាំងអស់ ដោយ​បាន​សហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ CIF និង​ក្រុមហ៊ុន​ដៃគូ​អភិវឌ្ឍ​នានា ដែល​បាន​ផ្តល់​គំនិត​ដល់​យើង​ថា តើ​គួរ​ដាក់​ម៉ាក​មួយ​ណា ? ផ្ការំដួល ផ្កាម្លិះ សែន​ពិដោរ តើ​យើង​គួរ​ដាក់​របៀប​ម៉េច​ដើម្បី​ឲ្យ​គេ​ស្គាល់​ថា ជា​របស់​ខ្មែរ​ពិតប្រាកដ​» ។

លោក​ទេស​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖ «​អត្ថប្រយោជន៍​នៃ​ការ​ដាក់​ម៉ាក​អង្ករ​កម្ពុជា​នេះ គឺ​ដើម្បី​ឱ្យ​គេ​ទទួលស្គាល់​ម៉ាក​អង្ករ​ផង និង​អាច​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​ជាង​អង្ករ​ធម្មតា ។ ឧទាហរណ៍ ប្រេង​អូ​លីវ ត្រូវ​គេ​កំណត់​ម៉ាក​មួយ​ត្រឹមត្រូវ និង​មាន​អតិថិជន​ជា​ច្រើន​ទទួលស្គាល់​ពី​គុណភាព​របស់​វា ។ ក្រៅពី​មាន​យីហោ​ច្បាស់លាស់​ហើយ យើង​ក៏​មានការ​វេច​ខ្ចប់ និង​ស្លាក​សញ្ញា​ឡូ​ហ្គូ​ត្រឹមត្រូវ ដែល​មានការ​ទទួលស្គាល់​ពី​ក្រសួងពាណិជ្ជកម្ម​ថា ផលិតផល​ដែល​ពលរដ្ឋ​ផលិត​ឡើង​ត្រឹមត្រូវ មានគុណ​ភាពល្អ នឹង​ជួយ​ធ្វើ​ឱ្យ​តម្លៃ​លក់​ផលិតផល​ពួក​គាត់​កើនឡើង​មួយ​កម្រិត​ថែម​ទៀត​» ។​ល​។

លោក​បន្ត​ទៀត​ថា ៖ «​ដើម្បី​ចូលរួម​កាត់​កាត់​បន្ថយ​ការ​ចំណាយ​របស់​ក្រុមហ៊ុន អ្នក​ផលិត​អង្ករ​សម្រាប់​នាំ​ចេញ​ក្នុង​ពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​ពិចារណា​រក​នីតិវិធី​បញ្ចុះតម្លៃ​ភ្លើង ។ ធ្វើ​យ៉ាងណា ឲ្យ​ចុះថ្លៃ​លើ​ការ​ដឹក​ជញ្ជូន រក​ទីផ្សារ​ជូន​ពលរដ្ឋ រក​ឃ្លាំង​ដើម្បី​ឲ្យ​ពួក​គាត់​ផលិត​បាន​ទុកដាក់​បាន​ត្រឹមត្រូវ កុំ​ឲ្យ​ឈ្មួញកណ្តាល​ឲ្យ​តម្លៃ​ស្រូវ​អង្ករ​របស់​កសិករ​ទាប​ពេក ព្រោះតែ​យើង​គ្មាន​ឃ្លាំង​សម្រាប់​ស្តុក​» ។

លោក​ទេស​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា ៖ «​គុណភាព​អង្ករ​ខ្មែរ​អាច​ប្រកួតប្រជែង​ជាមួយ​អង្ករ​បរទេស​បាន ។ សូមកុំ​យក​អង្ករ​ប្រទេស​ជិតខាង​មក​លាយ​ជាមួយ​អង្ករ​ខ្មែរ រួច​ថា​ជា​អង្ករ​ខ្មែរ សូមកុំ​យក​អង្ករ​គេ​ទៅ​លក់​នៅ​បរទេស​ថា ជា​អង្ករ​របស់​ខ្មែរ មិន​អាច​ទេ កុំ​ធ្វើ​អីុ​ចឹ​ង ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទាំងមូល ។ ខ្ញុំ​សូម​សំណូមពរ​ដល់​អ្នក​នាំ​ចេញ​អង្ករ​ខ្មែរ​ទាំងអស់ សូមកុំ​យក​អង្ករ​បរទេស​មក​លាយ​ជាមួយ​អង្ករ​ខ្មែរ សូម​ថែ​គុណភាព និង​មុខមាត់​ប្រទេស​ជាតិ​យើង ទើប​អាច​ជួយ​កសិករ​ខ្មែរ​បាន​ទាំងអស់​គ្នា និង​សូមកុំ​យក​មានបាន​តែ​ម្នាក់ឯង ព្រោះ​ពលរដ្ឋ​រាប់​លាន​នាក់​បាន​ខិតខំ​ផលិត​អង្ករ​ឱ្យ​មានគុណ​ភាពល្អ​ជាប់​លេខ​១ ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​ៗ​គ្នា​» ៕