រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសពីរនៅលើពិភពលោក ដែលបានធ្វើការកែទម្រង់មួយចំនួនទាក់ទងនឹងទំនុកចិត្តនៃការផ្គត់ផ្គង់អគ្គិសនី និងភាពងាយស្រួលក្នុងការចាប់ផ្តើមធុរកិច្ច ដែលធ្វើឲ្យកម្ពុជានៅតែមានបរិយាកាសល្អប្រសើរផ្នែកធុរកិច្ច ។
លោក អាឡាសាន សូ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៨ តុលា នៅទីស្នាក់ការធនាគារពិភពលោកនៅកម្ពុជាថា ៖ «កម្ពុជាមានការរីកចម្រើនច្រើនក្នុងការជំរុញឲ្យបរិយាកាសផ្នែកធុរកិច្ចមានលក្ខណៈកាន់តែល្អប្រសើរជាងមុន។ ការរីកចម្រើនទាំងនេះ នឹងជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការលើកកម្ពស់ការវិនិយោគលើផ្នែកធុរកិច្ច និងការបង្កើតការងារ» ។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានចេញផ្សាយមានចំណងជើងថា «ការធ្វើធុរកិច្ចឆ្នាំ២០១៦ ៖ ការវាស់វែងអំពីគុណភាព និងប្រសិទ្ធភាព» បង្ហាញថា ក្នុងចំណោមប្រទេសចំនួន១៨៩ កម្ពុជាត្រូវបានគេចាត់ចំណាត់ថ្នាក់លេខរៀងទី១២៧ ក្នុងឆ្នាំ២០១៥ បន្ទាប់ពីចំណាត់ថ្នាក់ទី១៣៣ នៅឆ្នាំ២០១៤ ។
លោក Jean Arlet សហនិពន្ធរបាយការណ៍ ការធ្វើធុរកិច្ចឆ្នាំ២០១៦ មានប្រសាសន៍ដែរថា ៖ «របាយការណ៍នេះមិនបានវិភាគលើអំពើពុករលួយ និងស្ថិរភាពនយោបាយដែលប៉ះពាល់លើដំណើរការអាជីវកម្មទេ ប៉ុន្តែមើលទៅលើការអនុវត្តអាជីវកម្ម ។ ចំពោះប្រទេសកម្ពុជា បរិយាកាសធុរកិច្ចមានភាពប្រសើរច្រើន ដែលសហគ្រិនបច្ចុប្បន្នប្រើប្រាស់ពេលវេលាតិចក្នុងការចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ហើយមានលទ្ធភាពក្នុងការប្រើប្រាស់អគ្គិសនី ដែលធ្វើឲ្យសហគ្រិនមានពេលច្រើន ក្នុងការគិតគូរសកម្មភាពចម្បងរបស់អាជីវកម្មរបស់ពួកគេ» ។
នៅក្នុងរបាយការណ៍ដដែលបង្ហាញថា កម្ពុជាបានកែលម្អរយៈពេលដែលត្រូវចំណាយនេះ ដើម្បីចាប់ផ្តើមធុរកិច្ច និងកាត់បន្ថយចំនួននៃនីតិវិធីដែលចាំបាច់ ។ នាពេលអនាគត កម្ពុជានឹងមានឱកាសធ្វើឲ្យប្រសើរឡើងលើបរិយាកាសធុរកិច្ចបន្ថែមទៀត ជាពិសេស ការលុបចោលលក្ខខណ្ឌតម្រូវឲ្យមានដើមទុនអប្បបរមាដើម្បីចាប់ផ្តើមដំណើរការធុរកិច្ចថ្មីមួយ ។ ក្នុងរបាយការណ៍នេះបង្ហាញថា ការចាប់ផ្តើមអាជីវកម្មនៅកម្ពុជាមានភាពស្រួល ដោយសារការកាត់បន្ថយដំណើរការចុះឈ្មោះក្រុមហ៊ុនពី១១ដំណាក់កាលមកត្រឹមតែ៧ដំណាក់កាល និងកាត់បន្ថយរយៈពេលក្នុងការចុះបញ្ជីពី១០១ថ្ងៃ ទៅ៨៧ថ្ងៃវិញ ព្រមទាំងបង្កើនសមត្ថភាពក្នុងការផ្គត់ផ្គង់អគ្គិសនី ។ ទន្ទឹងនឹងនេះ កម្ពុជាមានភាពប្រសើរឡើងនៃសន្ទស្សន៍ភាពទុកចិត្តនៃការផ្គត់ផ្គង់ និងតម្លាភាពនៃពន្ធពី០មក២ និងសូចនាករ ក្នុងការទទួលសេវាអគ្គិសនីពីចំណាត់ថ្នាក់១៥៦ មកត្រឹមចំណាត់ថ្នាក់ ១៤៥ ។
លោក ស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យមានប្រសាសន៍ថា ៖ «បរិយាកាសផ្នែកធុរកិច្ចនៅកម្ពុជា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះមានភាពប្រសើរឡើងច្រើន ។ ទោះបីជាយ៉ាងណា ក៏មានផលលំបាកដែរ ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម ។ បើយើងនិយាយពីការចុះឈ្មោះវិញ វានៅតែលំបាក។ វានឹងជួយបានច្រើនលើក្រដាសស្នាម និងការរត់ឯកសារ បើសិនជាក្រសួងពាណិជ្ជកម្មអាចអនុវត្តគម្រោងចុះឈ្មោះតាមអនឡាន និងនាយកដ្ឋានពន្ធដារអាចអនុវត្តគម្រោង
ការបង់ពន្ធអាជីវកម្មតាមអនឡាន ។ ទោះបីជាយ៉ាងណា សមត្ថភាពសហគ្រាសខ្នាតតូច និងមធ្យមនៅមានកម្រិតនៅឡើយទាក់ទងនឹងសេវាកម្មអនឡាន» ។
លោកបន្តទៀតថា ៖ «បញ្ហាធនធាន មនុស្ស និងថ្លៃដើមផលិតកម្ម ក៏ជាផ្នែកមួយនៃបញ្ហា បរិយាកាសផ្នែកធុរកិច្ចនៅកម្ពុជាផងដែរ ។ ទោះបីជាហេដ្ឋារចនាសម្ព័ន្ធមានភាពប្រសើរឡើងក្តី ប៉ុន្តែនៅតែខ្វះខាតដដែល ជាពិសេស សមាហរណកម្មពីតំបន់ជនបទ មកតំបន់មានសហគ្រាស និងរោងចក្រមិនទាន់គ្រប់គ្រាន់» ៕


ចែករំលែកព័តមាននេះ