រាជធានីភ្នំពេញ ៖ យុវជន២ក្រុមដេញវាយគ្នាតាមផ្លូវរត់ចូលក្នុងក្លឹបវើរដាន់ដើម្បីឱ្យសន្តិសុខជួយធ្វើឲ្យមានការប្រវាយប្រតប់គ្នារងរបួសបែកមុខបែកមាត់២នាក់ និងសន្តិសុខម្នាក់បែកក្បាល កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ តុលា ២០១៥ តាមបណ្តោយផ្លូវ២៧១ នៅចំណុចក្លឹបវើរដាន់ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូ២គ្រឿងម៉ាកNet ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BW-4672 និងម៉ូតូមួយគ្រឿងទៀតម៉ាកNet ពណ៌ផ្កាឈូក អត់ស្លាកលេខ ដេញវាយយុវជនរងគ្រោះ១ក្រុមទៀតមានគ្នា៣នាក់តាំងពីម្តុំមន្ទីរពេទ្យព្រះកុសុមៈ ធ្វើឲ្យជនរងគ្រោះភ័យជិះម៉ូតូទៅដល់ចំណុចមុខក្លឹបវើរដាន់រត់ឱ្យសន្តិសុខយាមនៅមុខជួយ ក៏ត្រូវជនបង្កឈប់ម៉ូតូរត់ទៅវាយជនរងគ្រោះដល់ក្នុងក្លឹបទៀត ទើបធ្វើឲ្យមានការប្រវាយប្រតប់គ្នាបណ្តាលឱ្យរងរបួសជនបង្ក២នាក់ និងសន្តិសុខម្នាក់បែកក្បាល ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់បងប្អូន ក្រៅពីនេះរត់គេចខ្លួនបាត់អស់ហើយ ។
ជនបង្កដែលរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់បងប្អូន ដែលបងឈ្មោះ ជឹម បូរិទ្ធ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ មុខរបរដឹកតំណាប់ផ្លែឈើយកទៅលក់តាមផ្សារ និងប្អូនឈ្មោះ ជឹម វីរៈ អាយុ១៧ឆ្នាំ មុខរបរនិងស្នាក់នៅជាមួយគ្នា ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានមកដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនបង្កបាន២នាក់បងប្អូនយកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគនរបាលទឹកល្អក់៣ ៕
ចែករំលែកព័តមាននេះ