រាជធានីភ្នំពេញ ៖ បុរសអ្នកបើកម៉ូតូកង់បីម្នាក់បានរងរបួសធ្ងន់ដោយបាក់ជើងទាំងសងខាង ចំណែកកូនប្រុសស្រី២នាក់បានរងរបួសស្រាល ខណៈពេលបើកម៉ូតូរ៉ឺម៉កកង់បីឆ្លងផ្លូវត្រូវរថយន្តកាមរីឆ្លាមបុកយ៉ាងពេញទំហឹង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ តុលា ២០១៥ នៅចំណុចមុខខ្លោងទ្វារចូលវត្តគោកខ្សាច់ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូរ៉ឺម៉កកង់បីដឹកកូនក្មេងប្រុស-ស្រី២នាក់ ខណៈបត់ឆ្លងផ្លូវឡើងមកផ្លូវជាតិលេខ៣ក៏ត្រូវរថយន្តឆ្លាម១គ្រឿង ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខ ភ្នំពេញ 2R-5994 បុកយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីរងរបួសធ្ងន់ ដោយបាក់ជើងទាំងសងខាង ចំណែកក្មេងៗទាំង២នាក់រងរបួសស្រាល ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុទាំងរថយន្ត និងម៉ូតូរ៉ឺម៉កកង់បីត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ