ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលស្រុកមង្គលបូរី បានបិទហាងគុយទាវមួយកន្លែង ភ្នំធំ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ចេញ-ចូលហូបបិទនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅជាប់របងវិទ្យាល័យភ្នំធំ ស្ថិតភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់ថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ ឈ្មោះ លី តូ ភេទប្រុស អាយុ ៣៩ឆ្នាំ (មានមុខរបបដឹកអង្កាមលក់) រស់នៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ហើយត្រូវបានរដ្ឋបាលក្រុងសិរីសោភ័ណ បិទលំនៅដ្ឋានជាបណ្តុះអាសន្ន និងយកអ្នកវិជ្ជមាន ទៅព្យាបាលមណ្ឌលទឹកថ្លា។
លោកបានបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ លី តូ រកស៊ីដឹកអង្កាមពីខេត្តបាត់ដំបង មកខេត្តបន្ទាយមានជ័យ ហើយតែងចូលហូបគុយទាវហាងឆៃម៉ៃ ជាប់របងវិទ្យាល័យភ្នំធំ ទើបរដ្ឋបាលស្រុកមង្គលបូរី បានបិទជាបណ្តុះអាសន្ន ដើម្បីបង្ការទប់ស្កាត់កូវីដ១៩។
លោក រ័ត្ន ដាស៊ីណង់ បានអំពាវនាវអ្នក ដែលស្និទស្នាល និងជិតដិតជាមួយអ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ លី តូ ត្រូវចូលខ្លួនយកសំណាក់ធ្វើតេស្ត ដើម្បីបង្ការទប់ស្កាត់កូវីដ១៩ ដើម្បីបង្ការទប់ស្កាត់កូវីដ១៩ មិនអោយរីករាលដាល ក្នុងសហគមន៍៕ ប៊ុន ធឿន





ចែករំលែកព័តមាននេះ