ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​កំណត់​ម៉ោង​ចូល​ទស្សនា​​រមណីយដ្ឋាន​អង្គរ​ចាប់ពី​ដើមឆ្នាំ​២០១៦​

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​កំណត់​ពេលវេលា​ចាប់ពី​ថ្ងៃ​ទី​១ មក​រា ២០១៦ ដើម្បី​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលទស្សនា និង​ចេញ​​ពី​ទស្សនា​​ប្រាសាទអង្គរវត្ត និង​ស្រះស្រង់ រួម​ទាំង​ប្រាសាទ​ចំនួន​២​ទៀត

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​កំណត់​ពេលវេលា​ចាប់ពី​ថ្ងៃ​ទី​១ មក​រា ២០១៦ ដើម្បី​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលទស្សនា និង​ចេញ​​ពី​ទស្សនា​​ប្រាសាទអង្គរវត្ត និង​ស្រះស្រង់ រួម​ទាំង​ប្រាសាទ​ចំនួន​២​ទៀត ដាច់​ដោយឡែក​ពី​ប្រាសាទ​ដ៏​ទៃ ដែល​ស្ថិត​ក្នុង​រមណីយដ្ឋាន​អង្គរ ។ នៅ​ក្នុង​នោះ​រួម​មាន ប្រាសាទអង្គរវត្ត និង​ស្រះស្រង់ បើក​ឱ្យ​ចូល​ទស្សនា​ចាប់ពី​ម៉ោង​៥​ព្រឹក ដល់​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​, ប្រាសាទភ្នំបាខែង និង​ប្រាសាទប្រែរូប នឹង​បើក​ឱ្យ​ចូល​ទស្សនា​ចាប់ពី​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៧​យប់ ។ ដោយឡែក​ប្រាសាទ​ផ្សេង​ទៀត​គឺ​បើក​ឱ្យ​ចូល​ទស្សនា​ពី​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ដល់​ម៉ោង​៥ និង​៣០​នាទី​ល្ងាច  ។

លោក ឡុ​ង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា ការ​កំណត់​ម៉ោង​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត និង​ស្រះស្រង់​, ប្រាសាទភ្នំបាខែង និង​ប្រាសាទប្រែរូប ខុស​ពី​ប្រាសាទ​ដទៃ​នោះ ដោយសារ​ប្រាសាទ​ទាំងនេះ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អាច​ធ្វើ​ដំណើរ​ទៅ​មើល​ថ្ងៃ​​រះ និង​ថ្ងៃ​​លិច​ ចំ​ពេលវេលា​ល្អ ។ ការ​កំណត់​ម៉ោង​ចូល​ទស្សនា​ប្រាសាទ​ខាងលើ ក្រៅពី​ដើម្បី​សម្រួល​ដល់​ការ​ទស្សនា ក៏​ដើម្បី​ធានា​នូវ​សណ្តាប់ធ្នាប់ សុវត្ថិភាព​ប្រាសាទ និង​ភ្ញៀវ​ទេសចរ​ផង​ដែរ ។

លោក ឡុ​ង កុសល បាន​បន្ត​ទៀត​ថា ហេតុនេះ​អាជ្ញាធរ​ជាតិ​អប្សរា សូម​ជូនដំណឹង​ដល់​គ្រប់​ក្រសួង មន្ទីរ ស្ថាប័ន​ជាតិ​-​អន្តរជាតិ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ មគ្គុទ្ទេសក៍​ទេសចរណ៍ សមាគម​សណ្ឋាគារ ក្រុមហ៊ុន​ទេសចរណ៍ សមាគម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ អ្នក​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ពី​ព័ត៌មាន​នេះ ដើម្បី​ងាយស្រួល​ក្នុង​ការ​អនុវត្ត​ការងារ និង​រៀបចំ​ដំណើរ​កម្សាន្ត​ទៅ​កាន់​រមណី​ដ្ឋា​ន​អង្គរ ប្រកបដោយ​ភាព​រីករាយ​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា ការ​កំណត់​ម៉ោង​ទស្សនា​រមណីយដ្ឋាន​អង្គរ​ជា​ថ្មី​នេះ ធ្វើ​ទៅ​តាម​ការ​សំណូមពរ​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍ ។ លោក​បញ្ជាក់​បន្ថែម​ថា នេះ​ជា​ការ​កំណត់​ម៉ោង​សម្រាប់​ទស្សនា​អង្គរ មិនមែន​កំណត់​ចំនួន​មនុស្ស​ចូល​ទស្សនា​នោះ​ទេ ។

សូម​បញ្ជាក់​ថា រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា​ប៉ូ​ល​ទេសចរណ៍​ទី​១ ក្នុង​គោលដៅ​ទេសចរណ៍​វប្ប​ធម៌ និង​ធម្មជាតិ បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចូល​មក​ទស្សនា​រាប់​លាន​នាក់​ជារៀង​រាល់​ឆ្នាំ និង​បន្ត​កើនឡើង​ឥត​ឈប់​ឈរ ។ យោង​តាម​ទិន្ន័យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ បាន​ជិត​៦០​លាន​ដុល្លារ កើនឡើង​២,៨៨​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ ៕