ប្រទេសបារាំងអះអាងថា ក្នុងមហាសន្និសីទស្តីពីបរិយាកាសនាថ្ងៃទី៣០ វិច្ឆិកា ខាងមុខនេះ នៅក្រុងប៉ារីសនឹងមានវត្តមានរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលដល់៨០រូបចូលរួម ក្នុងនោះមានប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីឥណ្ឌា លោកណារេនដ្រា ម៉ូឌី ជាដើម ។
រដ្ឋមន្ត្រីការបរទេសបារាំង លោក LAURENT FABIUS ថ្លែងទៅកាន់សារព័ត៌មានកាលពីថ្ងៃទី២៧ តុលា ថា សម្រាប់ថ្ងៃទី៣០ វិច្ឆិកា ជាថ្ងៃដំបូងនៃសន្និសីទនេះនឹងមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលច្រើនរូបចូលរួម ដោយយើងទទួលរួចហើយនូវការឆ្លើយតបជាវិជ្ជមានរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល៨០រូប ក្នុងនោះមានប្រធានាធិបតីអាមេរិក ចិន នាយករដ្ឋមន្ត្រីឥណ្ឌា ប្រធានាធិបតីអាហ្វ្រិកខាងត្បូង និងប្រេស៊ីល ព្រមទាំងនាយករដ្ឋមន្ត្រីកាណាដា ។ លោកបញ្ជាក់ថា បណ្តាមេដឹកនាំអឺរ៉ុបក៏នឹងមានវត្តមានដែរ ។
ប្រទេសបារាំងដែលនឹងដឹកនាំធ្វើសន្និសីទនេះសង្ឃឹមសម្រេចបានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដើម្បីកម្រិតការកើនកម្តៅបរិយាកាស ហើយបានអញ្ជើញមេដឹកនាំរបស់រដ្ឋ១៩៥ ឱ្យចូលរួមក្នុងការចរចាគ្នា ៕
ចែករំលែកព័តមាននេះ