ទាហានអីុរ៉ង់ច្រើននាក់បានត្រូវស្លាប់តាំងពីដើមខែតុលាមក នៅស៊ីរីជាសញ្ញានៃការហក់ចូលកាន់តែខ្លាំងរបស់ប្រទេសនេះ ដើម្បីជួយទ្រទ្រង់រួមជាមួយរុស្ស៊ីដល់របបលោកប្រធានាធិបតីបាចា អាល់អាសាដ ។
ចាប់តាំងពីថ្ងៃទី៩ តុលា មក ការស្លាប់របស់ទាហានអីុរ៉ង់១៥នាក់នៅស៊ីរីត្រូវបានប្រកាសនៅក្រុងតេហេរ៉ង់ ក្នុងនោះមានសមាជិកកងឆ្មាំបដិវត្តន៍ជាកងកម្លាំងពិសេសប្រមាណជា១០នាក់ ។ នេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១ ជាឆ្នាំចាប់ផ្តើមជម្លោះនៅស៊ីរី ដែលអីុរ៉ង់ប្រកាសជាផ្លូវការពីចំនួនជនរងគ្រោះបែបនេះ ។ ក្នុងចំណោមទាហានអីុរ៉ង់ដែលស្លាប់ទាំងនេះមានមេបញ្ជាការជាន់ខ្ពស់ម្នាក់នៃកងឆ្មាំបដិវត្តន៍ ឧត្តមសេនីយ៍ HOSSEIN HAMEDANI ជាវីរបុរសនៃសង្គ្រាមអីុរ៉ង់-អីុរ៉ាក់ (១៩៨០-១៩៨៨) ដែលស្លាប់ដោយសារការវាយប្រហាររបស់ពួកជីហាដ ក្រុមរដ្ឋអិុស្លាមនៅតំបន់អាឡែប ព្រមទាំងវរសេនីយ៍ឯក២រូបទៀត ។
ក្រោយការស្លាប់របស់ឧត្តមសេនីយ៍រូបនេះកាលពីថ្ងៃទី៨ តុលា រូបធំៗរបស់លោកត្រូវបានដាក់តាំងតាមបណ្តោយមហាវិថីនានា និងនៅតាមបណ្តាឧទ្យានក្រុងតេហេរ៉ង់ ដើម្បីជាការគោរពចំពោះវិញ្ញាណក្ខន្ធរបស់លោក ។
អ្នកស្លាប់ឯទៀតៗត្រូវបានអាជ្ញាធរអីុរ៉ង់ថា ជាពួកអ្នកស្ម័គ្រចិត្ត ដែលការពារផ្នូររបស់បណ្តាកូនចៅ ព្រះមហាម៉ាត់នៅស៊ីរី ។
ប្រទេសអីុរ៉ង់ពុំបានប្រកាសជាផ្លូវការពីការបញ្ជូនកងទាហានទៅស៊ីរីឡើយ ដោយអះអាងថា បញ្ជូនទៅតែបណ្តាទីប្រឹក្សាយោធាជាសមាជិកកងឆ្មាំបដិវត្តន៍ ។ ក្រោមបញ្ជារបស់បណ្តាទីប្រឹក្សាទាំងនេះមានការចូលរួមប្រយុទ្ធរបស់ពួកជីវពលស៊ីអីុតហេសប៊ុលឡាហ៍លីបង់ ព្រមតាំងពួកអ្នកស្ម័គ្រចិត្តអីុរ៉ង់ អីុរ៉ាក់ និងអាហ្វហ្គានីស្ថាន ។
តាមទូរទស្សន៍រដ្ឋ ជនលេខ២នៃកងឆ្មាំបដិវត្តន៍ ឧត្តមសេនីយ៍ HOSSEIN SALAMI ថ្លែងកាលពីយប់ថ្ងៃទី២៦ តុលា ថា កងទ័ពស៊ីរីចាប់ផ្តើមតាំងពីច្រើនខែមកហើយ នូវការកសាងឡើងវិញ ហើយស្នើសុំជំនួយបន្ថែមជាទីប្រឹក្សា ។ បែបនេះយើងបានបង្កើនចំនួនទីប្រឹក្សាយោធារបស់យើង ហើយលទ្ធផលទើបយើងមានអ្នកស្លាប់ច្រើននៅស៊ីរី ដែលតាមពិតមិនជាច្រើន តែច្រើនជាងកាលពីមុន ។ ឧត្តមសេនីយ៍រូបនេះបន្តថា បណ្តាទីប្រឹក្សាយោធាអីុរ៉ង់ទាំងនេះពុំអាចស្ថិតនៅតែក្នុងបន្ទប់ ដោយពួកគេត្រូវមានវត្តមាននៅតាមទីលានដែរ ។
ក្រុងតេហេរ៉ង់ពុំដែលបង្ហាញពីតួលេខផ្លូវការនៃវត្តមានអីុរ៉ង់នៅស៊ីរីឡើយ ក៏ប៉ុន្តែអ្នកទទួលខុសត្រូវអាមេរិកម្នាក់អះអាងកាលពីពាក់កណ្តាលខែតុលាថា មានទាហានអីុរ៉ង់ ឬយុទ្ធជនជួយទ្រទ្រង់ដោយអីុរ៉ង់រហូតដល់២.០០០នាក់ ចូលរួមនៅជិតទីក្រុងអាឡែប ក្នុងការវាយលុកមួយប្រឆាំងបណ្តាក្រុមឧទ្ទាម ។
ការវាយលុកនេះត្រូវបានសម្របសម្រួលជាមួយរបបលោកអាសាដ និងរុស្ស៊ីដែលធ្វើយុទ្ធនាការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា ប្រឆាំងបណ្តាក្រុមឧទ្ទាមប្រដាប់អាវុធ ក្នុងនោះមានក្រុមរដ្ឋអិុស្លាមផង ។
កងទ័ពស៊ីរីអះអាងកាលពីថ្ងៃទី២៧ តុលា ថា បណ្តាយន្តហោះតួកគី កាតា និងអេមីរ៉ាត់អារ៉ាប់រួម បានដឹកយុទ្ធជនក្រុមរដ្ឋអិុស្លាម៥០០នាក់ទៅកាន់ទីក្រុងអាដេនរបស់យេម៉ែន ។ ក្នុងសេចក្តីប្រកាសមួយ កងទ័ពស៊ីរីនិយាយថា យុទ្ធជនក្រុមរដ្ឋអិុស្លាម៥០០នាក់ដែលប្រយុទ្ធនៅស៊ីរីបានដកថយចេញពីប្រទេសក្រោមការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លារបស់រុស្ស៊ី ។
រដ្ឋាភិបាលស៊ីរីចាប់តាំងពីយូរមកហើយ ចោទប្រកាន់ប្រទេសតួកគី កាតា និងអារ៉ាប៊ី សាអ៊ូឌីត ថា ជួយទ្រទ្រង់ដល់បណ្តាក្រុមភេរវករនៅស៊ីរីតាំងពីចាប់ផ្តើមជម្លោះនៅទីនោះមក ។
ចំណែកខាងផ្នែកការទូតវិញ សហរដ្ឋអាមេរិកប្រកាសកាលពីថ្ងៃទី២៧ តុលា ថា អីុរ៉ង់ជាសម្ព័ន្ធមិត្តនៃរបបក្រុងដាម៉ាស់អាចចូលរួមក្នុងការចរចាស្តីពីវិបត្តិស៊ីរី ដោយទន្ទឹមនឹងនេះលើកឡើងពីឆន្ទៈរបស់ខ្លួនបង្កើនការវាយប្រហារប្រឆាំងពួករដ្ឋអិុស្លាម ។ សហរដ្ឋអាមេរិកក៏លើកឡើងផងដែរពីលទ្ធភាពបញ្ជូនកងកម្លាំងពិសេសទៅស៊ីរី ៕


ចែករំលែកព័តមាននេះ