មន្ទីរប៉ង់តាហ្គោនរាយការណ៍កាលពីថ្ងៃទី២៧ តុលា ថា ក្រុមហ៊ុនការពារអាមេរិក NORTHROP GRUMMAN នឹងផលិតនាពេលខាងមុខនេះ នូវយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលមានរង្វង់ប្រតិបត្តិការឆ្ងាយជំនាន់ថ្មីជាកុងត្រាមួយមានទឹកប្រាក់ដល់ទៅជិត៥០ពាន់លានអឺរ៉ូ ។
យោងតាមបណ្តាអ្នកទទួលខុសត្រូវនៃមន្ទីរប៉ង់តាហ្គោនការបញ្ជាទិញផ្តោតលើយន្តហោះធុននេះច្រើនបំផុត១០០គ្រឿង ដែលក្នុង១គ្រឿងៗមានតម្លៃ៥១១លានអឺរ៉ូ ហើយអាចដាក់ឱ្យប្រើប្រាស់ចាប់ពីពាក់កណ្តាលទសវត្សឆ្នាំ២០២០ទៅ ។
អនាគតយន្តហោះទម្លាក់គ្រាប់បែកនេះមានឈ្មោះថា LRSB ឬ B-3 ដែលគ្រោងផលិតសម្រាប់ជំនួសកងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចាស់ៗធុន B-52 ដែលប្រើក្នុងសម័យសង្គ្រាមត្រជាក់ពិសេសក្នុងសង្គ្រាមនៅវៀតណាម ដែលអាយុកាលរបស់យន្តហោះទាំងនេះគឺ៥១ឆ្នាំហើយ ព្រមទាំងយន្តហោះធុន B-1 ដែលដាក់ឱ្យប្រើប្រាស់កាលពីទសវត្សឆ្នាំ១៩៨០ ។
រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក ASHTON CARTER ឱ្យដឹងថា គម្រោងនេះគ្រោងវិនិយោគទឹកប្រាក់យ៉ាងច្រើនក្នុងវិស័យបច្ចេកវិទ្យាដែលទំនើបបំផុត ហើយយន្តហោះទាំងនោះអាចផ្ទុកគ្រាប់បែក និងគ្រាប់មីស៊ីលក្នុងចំនួនច្រើន និងអាចហោះហើរក្នុងចម្ងាយផ្លូវយ៉ាងឆ្ងាយ ។ ទិសដៅគឺបង្កើនសមត្ថភាពការពារអាកាសដូចគ្នានឹងរុស្ស៊ី ព្រមទាំងចិន ដែលបោះវិនិយោគទឹកប្រាក់យ៉ាងមហាសាល ដើម្បីបំពាក់បណ្តាប្រព័ន្ធមីស៊ីល និងរ៉ាដា ដែលសុក្រិតបំផុត ។
ក្រុមហ៊ុនយក្សប៊ូអីុង និង LOCKHEED MARTIN បានបដិសេធគម្រោងនេះទើបធ្លាក់លើក្រុមហ៊ុន NORTHROP ។ លោក RICHARD ABOULAFIA ជាអ្នកជំនាញការម្នាក់ខាងយន្តហោះធ្លាប់និយាយកាលពីពាក់កណ្តាលខែកញ្ញាថា យន្តហោះយុទ្ធសាស្ត្រនាពេលអនាគតនេះមានសណ្ឋានដូចស្លាបហោះមួយដូចគ្នានឹងយន្តហោះធុន B-2 ដែរ ។ B-2 កសាងដោយក្រុមហ៊ុន NORTHROP ហើយដាក់ឱ្យប្រើប្រាស់តាំងពីដើមទសវត្សឆ្នាំ១៩៩០ ។ វាអាចហោះបានយ៉ាងខ្ពស់បំផុត តែមានល្បឿនពុំលឿនជាងសំឡេងឡើយ ៕
ចែករំលែកព័តមាននេះ