រាជធានីភ្នំពេញ ៖ នៅថ្ងៃសៅរ៍ទី៣១ តុលា ចុងសប្ដាហ៍នេះ កីឡាករជើងខ្លាំងកម្ពុជា៣រូបនឹងដល់ថ្ងៃជួបប្រកួតជាមួយកីឡាករថៃនៅលើសង្វៀនទូរទស្សន៍អប្សរាហើយ ។ អ្នកនិយមទស្សនាកីឡាប្រដាល់ជាច្រើននាក់កំពុងរង់ចាំអ៊ុតមើលលទ្ធផលតើកីឡាករកម្ពុជាទាំង៣រូបអាចសម្រេចគោលដៅរបស់ខ្លួន ឬយ៉ាងណា ខណៈកីឡាករថៃដែលពួកគេត្រូវជួបនាពេលនោះមិនទាន់ដឹងថាខ្លាំងប៉ុនណានោះ។
គ្រូអន្តរជាតិទី១ កីឡាករកំពែង ខ្មៅ មកពីក្លិបក្រសួងកសិកម្ម ត្រូវជួបប្រកួតជាមួយកីឡាករថៃឈ្មោះ VE TAN ក្នុងប្រភេទទម្ងន់៥៣គីឡូក្រាម ។ កីឡាករថៃរូបនេះមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរម្ដងណាឡើយ ប៉ុន្តែអ្នករៀបចំការប្រកួតប្រចាំស្ថានីយទូរទស្សន៍អប្សរាអួតថា គេគឺជាអ្នកប្រដាល់ជើងខ្លាំងលំដាប់ជួរមុខមួយរូបនៅប្រទេសថៃ ដែលមិនងាយនរណាយកឈ្នះដោយស្រួលឡើយ ។ ចំណែក កំពែង ខ្មៅ ពេលនេះកំពុងឡើងកូដខ្លាំង ព្រោះមួយរយៈមកនេះការប្រកួតរបស់គេកម្រចាញ់ណាស់ មិនតែប៉ុណ្ណោះគេថែមទាំងធ្វើឱ្យអ្នកប្រដាល់ជើងចាស់មួយចំនួនញាក់សាច់គ្រប់គ្នាទៀតផង។ កំពែង ខ្មៅ មានផ្លែកែង និងជង្គង់ល្អគួរសម ចលនាវាយចេញក៏រហ័សរហួនថែមទៀត ប៉ុន្តែអ្នកប្រដាល់ខ្ចីវស្សារូបនេះ មិនហ៊ានអួតទុកមុនពីលទ្ធផលចុងក្រោយនោះទេ ។ ដូច្នេះមានតែរង់ចាំមើលការប្រកួតជាក់ស្ដែងប៉ុណ្ណោះទើបអាចដឹងច្បាស់។
គូអន្តរជាតិទី២ កីឡាករម៉ន លីហួរមកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោក ប្រកួតជាមួយកីឡាករថៃឈ្មោះ SATHANFA ក្នុងប្រភេទទម្ងន់៥៨គីឡូក្រាម ។ ម៉ន លីហួរ មួយរយៈមកនេះត្រូវអ្នកតាមដានការប្រកួតភាគច្រើនចាត់ទុកថា ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបប៉ុន្តែសម្រាប់ការប្រកួតលើកនេះមិនដឹងថា គេអាចទៅរួចឬអត់ ដោយសារកីឡាករថៃរូបនេះមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរ មិនដឹងថាថ្វីដៃប្រកួតរបស់គេខ្លាំងដល់កម្រិតណា0x017d7 ទោះបីយ៉ាងណា ក្រុមអ្នកវិភាគមួយចំនួនអះអាងថា កីឡាករថៃដែលឆ្លងដែនមកប្រកួតនៅស្រុកខ្មែរពេលនេះសុទ្ធតែខ្លាំងស្ទើរតែទាំងអស់ ។ ដូច្នេះបើកីឡាករម្ចាស់ស្រុកហ៊ានតែមើលស្រាលលើគេច្បាស់ជាស៊យធំមិនខាន ។
គូអន្តរជាតិទី៣ កីឡាករបាង កាយ៉ាក មកពីក្លិបកីឡាប្រដាល់ខេត្តកោះកុង ជួបប្រកួតជាមួយកីឡាករថៃឈ្មោះ JORM HOTក្នុងប្រភេទទម្ងន់៥៨គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះ ក៏មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរ ប៉ុន្តែល្បីថាខ្លាំង ដូច្នេះការប្រកួតលើកនេះគេសង្ឃឹមឈ្នះច្រើន ។ ទោះបីយ៉ាងណា បាង កាយ៉ាក ត្រៀមស្វាគមន៍ជានិច្ច ព្រោះតាមរយៈបទពិសោធន៍ប្រកួតនៅលើសង្វៀនជាយដែនរាប់ភ្លេច សមត្ថភាពត្រឹម JORM HOT មិនជាបញ្ហាអ្វីសម្រាប់រូបគេនោះឡើយ ។
ចំណែកគូប្រកួតមិត្តភាពធម្មតាវិញកីឡាករ ស៊ូ ប៉ាន់យ៉ា មកពីសមាគមកីឡាប្រដាល់ខេត្តកោះកុង ជួបប្រកួតជាមួយកីឡាករគួន សុវណ្ណ មកពីក្លិបសុភានូមានជ័យ ។ កីឡាករសៀវ សំណាង មកពីសមាគមកីឡាប្រដាល់ខេត្តកោះកុង ប្រកួតជាមួយកីឡាករសាន លីណា មកពីក្លិបសុភានូមានជ័យ និងកីឡាករសែន រ៉ាដូ មកពីសមាគមកីឡាប្រដាល់ខេត្តកោះកុង ប្រកួតជាមួយកីឡាករសាំង គឺម មកពីក្លិបអេភូថងកីឡា ៕
ចែករំលែកព័តមាននេះ