រាជធានីភ្នំពេញ ៖ ក្រោយការបរាជ័យរបស់ឈាន ហុង ក្រោមរន្ទះជើងមហាទម្ងន់របស់កីឡាករថៃនៅក្នុងព្រឹត្តិការណ៍ជើងឯកស៊ីម៉ង់អូដ្ឋ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន មន្ត្រីទទួលបន្ទុករៀបចំការប្រកួតរបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានបង្ហាញការសោកស្ដាយភ្លាមៗថា កីឡាកររូបនេះបានបាត់បង់ឱកាសតំណាងជាតិទៅប្រកួតនៅក្នុងប្រទេសថៃធ្វើឲ្យប៉ុស្ដិ៍លេខ៥ខកចិត្តមិនតិចទេ។
លោកសេង កដិកា អ្នករៀបចំការប្រដាល់ប្រចាំនៅប៉ុស្ដិ៍លេខ៥ បានប្រាប់កោះសន្តិភាព ក្រោយបញ្ចប់ការប្រកួតថា ព្រឹត្តិការណ៍ដណ្ដើមជើងឯកស៊ីម៉ង់អូដ្ឋ ថ្វីបើលោកបានដាក់កីឡាករកម្ពុជា៦រូប និងថៃ២រូបឲ្យឡើងប្រកួតដណ្ដើមជើងឯកគ្នា ប៉ុន្តែគោលដៅដែលលោកចង់បានគឺកីឡាករកម្ពុជាប៉ុណ្ណោះសម្រាប់ឲ្យឡើងកាន់តំណែងកំពូលនោះ ។ ក្នុងចំណោមកីឡាករទាំង៨រូបលោកថា ជើងខ្លាំង២រូបគឺកីឡាករថៃ MeerachaiMenayuthin និងកីឡាករឈាន ហុង នឹងមានម្នាក់ក្លាយជាជើងឯកនៅក្នុងព្រឹត្តិការណ៍នេះ។ យ៉ាងណាក៏ដោយ លោកចង់ឲ្យកីឡាករកម្ពុជាទទួលបានជ័យជម្នះច្រើនជាង ដោយសារតែប៉ុស្ដិ៍លេខ៥មានបំណងលើកស្ទួយវិស័យប្រដាល់នៅលើឆាកអន្តរជាតិ ក្រោមការសហការជាមួយប៉ុស្ដិ៍ទូរទស្សន៍ថៃ ។ ការបរាជ័យរបស់ ឈាន ហុង លោកថា គឺជាការបើកឱកាសឲ្យកីឡាករថៃកាន់ពាន ហើយក៏ជាការបាត់បង់គម្រោងដែលលោកគូសវាសសម្រាប់ជំហានបន្តផងដែរ ។ លោកនិយាយថា៖ «មិនថាខ្ញុំលម្អៀងទេ ប៉ុន្តែនៅពេលកីឡាករ ឈាន ហុង ធ្លាក់អញ្ចឹង គឺប្រហែលជាថៃកាន់ពានហើយ ។ អញ្ចឹងបើថៃកាន់ពាន ខ្ញុំពិតជាមិនដឹងត្រូវរៀបចំការប្រដាល់ជាមួយប៉ុស្ដិ៍ថៃយ៉ាងម៉េចទេ បន្ទាប់ពីចប់ការប្រកួតជើងឯកហ្នឹង!» ។ លោកថា តាមគម្រោង ប្រសិនបើកីឡាករកម្ពុជាក្លាយជាម្ចាស់ជើងឯក នោះលោកនឹងបញ្ជូនឲ្យទៅប្រកួតនៅក្នុងប្រទេសថៃ ដូចគ្នានឹងប៉ុស្ដិ៍លេខ៥បានទទួលកីឡាករថៃឲ្យមកប្រកួតបែបនេះដូចគ្នាក្នុងពេលខាងមុខ ។ ប៉ុន្តែនៅពេលកីឡាករឈាន ហុង ធ្លាក់មកនៅលេខ៣ លោកថា ផែនការដែលបានជជែកជាមួយថៃ គឺពិតជាសម្រេចឡើង ។
យោងតាមកិច្ចព្រមព្រៀងជាមួយសហព័ន្ធថៃ និងទូរទស្សន៍ប៉ុស្ដិ៍ថៃ លោកអះអាងថា បើការប្រកួតជើងឯកស៊ីម៉ង់អូដ្ឋត្រូវបានបញ្ចប់ដោយកីឡាករកម្ពុជាលើកពាន នោះកីឡាករកម្ពុជានឹងមានកិត្តិយសចេញទៅប្រកួតនៅក្នុងប្រទេសថៃ ក្នុងនាមតំណាងជាតិ និងជាម្ចាស់ជើងឯកដើម្បីបង្ហាញស្នាដៃលើឆាកអន្តរជាតិ។ ប៉ុន្តែប្រសិនបើកីឡាករថៃក្លាយជាម្ចាស់ជើងឯកវិញ កីឡាករថៃក៏បានឡើងប្រកួតបែបនេះដែរ ប៉ុន្តែវាហាក់ដូចជាគ្មានប្រយោជន៍ចំពោះកម្ពុជាដែលជាអ្នកប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ទៅវិញ។ លោកមានប្រសាសន៍ថា៖«ការប្រកួតហ្នឹងយើងដាក់ថៃឲ្យមកប្រកួតគឺដើម្បីឲ្យកីឡាករកម្ពុជាដែលឈ្នះកាន់តែមានកិត្តិយស និងអាចដាក់ប្រកួតនៅក្នុងព្រឹត្តិការណ៍ធំៗនៅថៃបាន ។ សម្រាប់កីឡាករកម្ពុជាយើងសង្ឃឹមតែឈាន ហុងម្នាក់ទេ ដល់ពេលគាត់ធ្លាក់ខ្ញុំយល់ថាអត់មានអ្នកឈ្នះMeerachaiMenayuthinទេ ដោយសារតែការប្រកួតវិលជុំកន្លងមក យើងឃើញថាគាត់ស៊ីកីឡាករខ្មែរទាំងអស់!»។ ទោះជាការប្រកួតជើងឯកស៊ីម៉ង់អូដ្ឋនៅសល់មួយសប្ដាហ៍ចុងក្រោយ ដែលជាការប៉ះគ្នារវាងកីឡាករវ៉ាន់ ចាន់វ៉េត និងកីឡាករថៃដើម្បីយកលេខ១ និងលេខ២ នៅសប្ដាហ៍ក្រោយ និងកីឡាករឈាន ហុង ប៉ះជាមួយថៃ ប៊ុនហាន យកលេខ៣ និងលេខ៤ ក៏លទ្ធផលជាក់ស្ដែងលោកថា ទំនងជាមិនខុសពីអ្វីដែលលោកព្យាករនោះឡើយ។ លោកយល់ថា កីឡាករថៃនឹងឈរលេខ១ដោយសារតែផ្អែកតាមសមត្ថភាពគឺ វ៉ាន់ ចាន់វ៉េត នឹងពិបាកទៅរួច ហើយកីឡាករឈាន ហុង នឹងបានលេខ៣ដោយស្វ័យប្រវត្តិ ដោយសារតែកីឡាករថៃ ប៊ុនហាន មានរបួសបាក់ដៃមិនអាចមកប្រកួតបានតាមការកំណត់ទុក ។ យ៉ាងណាក៏ដោយ លោកថា ប្រសិនបើ វ៉ាន់ ចាន់វ៉េត អាចឈ្នះកីឡាករថៃ ហើយឈរតំណែងជើងឯកមែន នោះលោកពិតជាបង្ហាញមោទនភាពដើម្បីបញ្ជូនចេញឲ្យទៅប្រកួតជាមួយកីឡាករបរទេសនៅក្នុងប្រទេសថៃ ។ លោកនិយាយថា៖«ព្រឹត្តិការណ៍ហ្នឹងឲ្យតែខ្មែរយើងឈ្នះ ប៉ុស្ដិ៍លេខ៥នឹងបញ្ជូនឲ្យទៅប្រកួតនៅក្នុងប្រទេសថៃភ្លាមក្នុងនាមជាជើងឯក ប៉ុន្តែការប៉ះគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្របើជាឈាន ហុង ខ្ញុំសង្ឃឹមច្រើនជាង តែវ៉ាន់ ចាន់វ៉េត គឺទាល់តែចាំអ៊ុតសិន!» ។
កាលពីថ្ងៃសៅរ៍នោះ បើកីឡាករឈាន ហុងឈ្នះកីឡាករថៃ នោះនឹងឡើងមកប្រកួតជាមួយវ៉ាន់ ចាន់វ៉េត យកលេខ១ លេខ២ ដែល១០០ទាំង១០០គឺគេជ្រើសយកឈាន ហុង។ ម្យ៉ាងផ្អែកតាមការប្រកួតនាថ្ងៃនោះ កីឡាករកម្ពុជាឈាន ហុងក៏មានប្រៀបជាងដាច់ទៅលើកីឡាករថៃផងដែរ បន្ទាប់ពីមានឱកាសវាយឲ្យកីឡាករថៃបាក់ខ្ទង់ច្រមុះតាំងពីទឹកទី១ ។ ប៉ុន្តែ ចុងបញ្ចប់កីឡាករថៃនៅតែជាអ្នកបន្តទៅកាន់វគ្គផ្ដាច់ព្រ័ត្រដដែល ដោយសារឈាន ហុង គេចមិនផុតប៉ុន្មានជើងដ៏ខ្លាំងរបស់គូប្រកួត ហើយបណ្ដាលឲ្យសន្លប់។ អញ្ចឹងហើយទើបធ្វើឱ្យអ្នកទស្សនាសោកស្ដាយចំពោះការបាត់បង់ឱកាសនោះ ។ វាក៏ជារឿងដ៏កម្រផងដែរដែលអ្នករៀបចំព្រឹត្តិការណ៍មួយនេះ បញ្ចេញទស្សនៈខកចិត្តចំពោះការធ្លាក់ចេញរបស់ឈាន ហុង ដែលមិនខុសពីបើកផ្លូវឲ្យកីឡាករថៃក្លាយជាម្ចាស់ជើងឯកនោះទេ ។
ការប្រកួតបញ្ចប់នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ទី៧ វិច្ឆកា ដោយកីឡាករវ៉ាន់ ចាន់វ៉េត ក៏បានបង្ហាញជំហរដូចគ្នាថា ពិបាកយកឈ្នះកីឡាករថៃក្នុងវគ្គផ្ដាច់ព្រ័ត្រនោះដែរ ៕
ចែករំលែកព័តមាននេះ