យោងតាមប្រភពព័ត៌មានយោធាមួយថា ឧទ្ធម្ភាគចក្រមួយគ្រឿងជាមួយមនុស្សជិះ២៣នាក់ បានធ្លាក់កាលពីថ្ងៃទី២៧ តុលា ក្នុងដែនទឹកនៃឆ្នេរសមុទ្រក្រុងអាល់ម៉ាយ៉ា ចម្ងាយ២៥គីឡូម៉ែត្រ ខាងកើតរដ្ឋធានីលីប៊ី ក្រុងទ្រីប៉ូលី ។
ប្រភពនេះគូសបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលប្រើសម្រាប់សង្គ្រោះតាមផ្លូវអាកាសនេះ បានធ្លាក់ក្នុងដែនទឹកនៃឆ្នេរសមុទ្រអាល់ម៉ាយ៉ា ពេលដឹកមនុស្ស២៣នាក់ ក្នុងនោះមានបណ្តាអ្នកទទួលខុសត្រូវយោធាផង ។ សាកសពមនុស្ស១២នាក់រហូតមកទល់ពេលនេះត្រូវបានស្រង់ចេញពីទឹក ក្នុងនោះរួមទាំងសាកសពលោក HOSEIN BODAYA និងលោក DUHAIN AL RAMMAH អ្នកទទួលខុសត្រូវយោធានៃក្រុមចម្រុះជីវពល FAJR LIBYA ដែលត្រួតត្រារដ្ឋធានីលីប៊ីផង ។
ប្រភពនេះបន្តថា ប្រហែលជាគ្មានមនុស្សណាម្នាក់នៅរស់រានមានជីវិតឡើយ ព្រោះឧទ្ធម្ភាគចក្រនេះធ្លាក់ក្នុងសមុទ្រ ហើយរកឃើញលិចបាត់ក្នុងតំបន់ទឹកជ្រៅមួយ ។
វរសេនីយ៍ឯក ALI SHEIKHY អ្នកនាំពាក្យយោធារបស់ក្រុមចម្រុះ FAJR LIBYA គូសបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះរងការបាញ់ប្រហារនៅអាល់ម៉ាយ៉ា ទើបបណ្តាលឱ្យវាធ្លាក់ ។
ប្រទេសលីប៊ីជួបប្រទះនឹងវិបត្តិធ្ងន់ធ្ងរមួយជាមួយការធ្លាក់ចុះដុនដាបនៃសភាពការណ៍សន្តិសុខចាប់តាំងពីការផ្តួលរំលំរបបលោកមូអាម៉ា កាដាហ្វី ដោយសារការជួយធ្វើអន្តរាគមន៍របស់ពួកលោកខាងលិចពីឆ្នាំ២០១១មក ។ ប្រទេសនេះក៏ជួបវិបត្តិនយោបាយធ្ងន់ធ្ងរផងដែរ ជាមួយរដ្ឋាភិបាល២ និងសភា២ ដែលប្រឆាំងគ្នាដោយរដ្ឋាភិបាលមួយមានទីតាំងនៅរដ្ឋធានីទ្រីប៉ូលី ហើយរដ្ឋាភិបាលមួយទៀតទទួលស្គាល់ដោយសហគមន៍អន្តរជាតិមានទីតាំងនៅទីក្រុង TOBROUK ភាគខាងកើតប្រទេស ។ ក្រោយការដួលរលំនៃរបបលោកកាដាហ្វី មក ប្រទេសសំបូរប្រេងកាតនេះពុំអាចបង្កើតរដ្ឋអំណាចកណ្តាលដែលខ្លាំងមួយបានឡើយ ។ អ.ស.ប បានខិតខំរៀបចំឱ្យមានការចរចារវាងភាគីលីប៊ីផ្សេងៗចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤មក ក៏ប៉ុន្តែជម្លោះនៅបន្តទោះបីមានការចុះហត្ថលេខាលើបទឈប់បាញ់គ្នារវាងបណ្តាភាគីដែលច្បាំងគ្នាក្តី ៕
ចែករំលែកព័តមាននេះ