ប្រទេសអារ៉ាប់រួម ៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអារ៉ាប់រួម (UAE) បានបង្ហើបកាលពីថ្ងៃអាទិត្យថា ៖ «សេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថា នឹងប្រសើរឡើងវិញនៅឆ្នាំ២០១៦ខាងមុខនេះ ស្របពេលដែលប្រទេសចិន និងបណ្តាប្រទេសដទៃទៀតនឹងរីកលូតលាស់លឿនជាងមុន» ។
លោក Sultan Al-Mansouri បានលើកឡើងក្នុងកិច្ចប្រជុំកំពូលនៃមហាសន្និបាតសេដ្ឋកិច្ចពិភពលោក ដែលប្រារព្ធធ្វើឡើងនៅទីក្រុងឌូបៃ កាលពីថ្ងៃអាទិត្យនេះថា ៖ «សេដ្ឋកិច្ចសាកលលោកនឹងរើបឡើងវិញយ៉ាងជាក់លាក់សម្រាប់ឆ្នាំ២០១៦ ឬក៏ឆមាសដំបូងនៃឆ្នាំក្រោយ ។ តាមការរំពឹងទុក សេដ្ឋកិច្ចចិននឹងរើបឡើងវិញ ហើយនៅតាមតំបន់ដទៃទៀតជុំវិញពិភពលោក ក៏ដូចគ្នាដែរ» ។
លោកសង្កត់ធ្ងន់ថា ៖ «កម្រិតតម្លៃប្រេងនាពេលបច្ចុប្បន្ននេះ គឺស្ថិតក្នុងរង្វង់៥០ដុល្លារក្នុងមួយបារ៉ែល ដែលជាការប្រកួតប្រជែងសម្រាប់អារ៉ាប់រួម និងផ្នែកនៅសេសសល់លើពិភពលោក ។ ប៉ុន្តែក៏មានការប៉ាន់ប្រមាណពីការរើបឡើងវិញផងដែរក្នុងតម្លៃប្រេងនឹងកើតមានឡើងផងដែរ» ។
លោកបន្តថា ៖ «អារ៉ាប់រួមមានផែនការច្បាស់លាស់មួយនៃការបង្កើនការកាត់បន្ថយភាគហ៊ុនប្រេងបន្ថែមទៀត ក្នុងផ្នែកសេដ្ឋកិច្ចប្រមាណជា១០% នៅក្នុងអំឡុងពេល១៥ឆ្នាំ ទៅ២០ឆ្នាំក្រោយ» ។
បច្ចុប្បន្ននេះ វិស័យប្រេងស្មើនឹង២៩% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់អារ៉ាប់រួម គឺស្ថិតក្នុងអត្រា៧% នៃប្រេងបម្រុងទុកដែលគេបានដឹងនៅលើពិភពលោក ។
កាលពីសប្តាហ៍មុន លោក Mssood Ahmed អគ្គនាយកអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំតំបន់អាស៊ីកណ្តាល និងមជ្ឈិមបូព៌ា ថ្លែងថា ៖ «អារ៉ាប់រួមនឹងចុះបញ្ជីឱនភាពលើពន្ធអាករ៣,៥% នៃ GDP ដែលអាចបង្កើនបន្ថែមនាឆ្នាំខាងមុខទៀត ក្នុងករណីតម្លៃប្រេងគ្មាននិន្នាការរើបឡើង» ៕
ចែករំលែកព័តមាននេះ