រាជធានីភ្នំពេញ ៖ ខណៈពេលរាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅប្រទេសបារាំង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានផ្ដល់កម្ចីចំនួន៧០លានអឺរ៉ូដល់កម្ពុជា សម្រាប់គម្រោងសាងសង់ប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី ។
បើតាមហ្វេសប៊ុករបស់អាជ្ញាធរអគ្គិសនីកម្ពុជា ក៏ដូចជាហ្វេសប៊ុកផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ៖ «AFD បានផ្ដល់ប្រាក់កម្ចីចំនួន៧០លានអឺរ៉ូដល់កម្ពុជា ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងលោក Jacques Moineville អគ្គនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គិសនីកម្ពុជា ដើម្បីអភិវឌ្ឍន៍ក្នុងវិស័យអគ្គិសនីកម្ពុជា» ។
គម្រោងប្រាក់កម្ចីនេះ នឹងត្រូវបានអគ្គិសនីកម្ពុជាយកមកអភិវឌ្ឍន៍ជូនពលរដ្ឋ ដោយសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់១១៥គីឡូវ៉ាត់ ចំនួន៩៥គីឡូម៉ែត្រ ពីក្រុងកំពង់ចាមទៅតំបន់ព្រែក ប្រសព្វជាមួយអនុស្ថានីយថ្មីនៅទីនោះ បូករួមទាំងខ្សែបញ្ជូនរង២២គីឡូវ៉ាត់ ប្រវែង១១០គីឡូម៉ែត្រ សាងសង់ខ្សែបញ្ជូនតង់ស្យង់ខ្ពស់២៣០គីឡូវ៉ាត់ ប្រវែងសរុប៧០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិលទៅស្រុកបទុមសាគរ និងនៅក្នុងក្រុងខេមរភូមិន្ទ ជាមួយអនុស្ថានីយថ្មីចំនួន៤ ព្រមទាំងខ្សែបញ្ជូនរង២២គីឡូវ៉ាត់ ប្រមាណ១០៥គីឡូម៉ែត្រ ។
លោក វិចទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ៖ «ថវិការបស់ AFD ចំនួន៧០លានអឺរ៉ូនេះ កម្ពុជានឹងយកសាងសង់ខ្សែបញ្ជូនពីរាជធានីភ្នំពេញទៅកំពង់ចាម ដែលមានតង់ស្យុង១១៥គីឡូវ៉ាត់ ។ ខ្សែបញ្ជូននេះមានសារប្រយោជន៍ដើម្បីលើកកម្ពស់សន្តិសុខថាមពលនៃការផ្គត់ផ្គង់។ ការសាងសង់ខ្សែបញ្ជូននេះ ក្នុងគោលបំណងឱ្យមានការងាយស្រួលក្នុងការផ្គត់ផ្គង់អគ្គិសនីឱ្យបានដល់ទីជនបទ ហើយយើងសង្ឃឹមថា ខ្សែនេះអាចលើកកម្ពស់ផលប្រយោជន៍សម្រាប់អ្នករស់នៅតាមដងទន្លេភាគខាងលិច ចាប់ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះជាច្រើនគ្រួសារ ក្នុងនោះក៏អាចលើកកម្ពស់ស្ថានភាពសិប្បកម្ម និងឧស្សាហកម្មខ្នាតតូច និងធំនៅតំបន់នោះបានផងដែរ» ។
លោកបន្តថា ៖ «សព្វថ្ងៃនេះ បណ្ដាញអគ្គិសនីជាតិបានតភ្ជាប់លើបណ្ដាខេត្តចំនួន១៥ ហើយចំពោះខេត្តដែលមិនទាន់បានតពីបណ្ដាញជាតិ ក៏មានអគ្គិសនីឯកជនជាម៉ាស៊ីនភ្លើង រឺតពីប្រទេសជិតខាងផងដែរ ។ ធ្វើយ៉ាងណា យើងនឹងតភ្ជាប់អគ្គិសនីពីបណ្ដាញជាតិឱ្យបានទាំង២៥រាជធានី-ខេត្ត ។ បុ៉ន្តែពេលនេះ ក៏បានភ្ជាប់បានលើសពីពាក់កណ្ដាលហើយ គឺនៅសល់តែ១០ខេត្តទៀតប៉ុណ្ណោះ ដែលមិនទាន់បានតភ្ជាប់ជូន។ អគ្គិសនីកម្ពុជា ក៏បានប្រឹងប្រែងវិនិយោគខាងអគ្គិសនី ជាពិសេសការតភ្ជាប់បណ្ដាញតែម្ដង» ។
លោកបញ្ជាក់ថា ៖ «បើតាមផែនការ និងគោលដៅច្បាស់លាស់របស់ប្រទេសកម្ពុជា នៅឆ្នាំ២០២០ នឹងមានតបណ្ដាញអគ្គិសនីជូនដល់គ្រប់ភូមិទាំងអស់ទូទាំងប្រទេសឱ្យមានអគ្គិសនីប្រើប្រាស់ បុ៉ន្តែមិនមែនមានន័យថា គ្រប់ផ្ទះទាំងអស់មានអគ្គិសនីប្រើប្រាស់នោះទេ ព្រោះនៅពេលតភ្ជាប់តាមផ្ទះ ត្រូវការចំណាយបន្ថែមទៀត ។ បើតាមការព្យាករ អាច៧០%នៃប្រជាពលរដ្ឋទាំងអស់អាចប្រើប្រាស់អគ្គិសនីបាន» ។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសបារាំងនាពេលនេះ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានារវាងភាគីបារាំង និងកម្ពុជា រួមមាន ៖
១-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទាន មានទឹកប្រាក់៩លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ។
២-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទាន មានទឹកប្រាក់១១លានអឺរ៉ូ សម្រាប់គម្រោងសាងសង់សាលាជាតិ បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។
៣-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទាន មានទឹកប្រាក់១៤លានអឺរ៉ូ សម្រាប់គម្រោងពង្រីងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជំហានទី២ និង
៤-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទាន មានទឹកប្រាក់៧០លានអឺរ៉ូ សម្រាប់គម្រោងសាងសង់ប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីនៅខេត្តកំពង់ចាម ក្រចេះ និងកោះកុង ៕


ចែករំលែកព័តមាននេះ