រាជធានីភ្នំពេញ ៖ ការផ្តល់សេវាឥណទានជូនអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាមានការប្រកួតប្រជែងគ្នាខ្លាំង ខណៈគ្រឹះស្ថានដែលមានអាជ្ញាប័ណ្ណផ្តល់ប្រាក់កម្ចីកើនឡើងចំនួន៤៧ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបចំនួន៥៤ ។ គ្រឹះស្ថានមួយចំនួនបានរៀបចំយុទ្ធសាស្ត្រ និងបង្កើតផលិតផលថ្មីៗបន្ថែមទៀតដើម្បីប្រកួតប្រជែងក្នុងការផ្តល់សេវាឥណទាននៅឆ្នាំបន្ទាប់ និងទទួលបានអតិថិជនថ្មីបន្ថែមទៀត ។
ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ លោក ម៉ម ជឿន បានមានប្រសាសន៍ថា ៖ «សព្វថ្ងៃនេះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើន ហើយបានប្រកួតប្រជែងគ្នាខ្លាំងធ្វើឲ្យការផ្តល់កម្ចីមានការប្រែប្រួលធ្លាក់ចុះដោយអន្លើ ។ ស្ថាប័នមួយចំនួនមានការកែប្រែលក្ខខណ្ឌក្នុងការខ្ចី ជាកត្តាធ្វើឲ្យអត្រាប្រាក់កម្ចីជារួមមានការធ្លាក់ចុះទាំងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ ហើយវាជាសញ្ញាល្អមួយសម្រាប់អតិថិជន» ។
លោកបន្តថា ៖ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នាពេលកន្លងមកបានធ្វើប្រតិបត្តិការទាក់ទងនឹងប្រាក់បញ្ញើ ។ យើងសង្កេតឃើញថា មានកំណើនល្អនៅក្នុងទីផ្សារ ដោយមានកត្តារួមផ្សំច្រើនដូចជា កត្តាសេដ្ឋកិច្ច និង អេ អឹម ខេ ផ្ទាល់ ។ ជាក់ស្តែង នៅឆ្នាំ២០១៤ អេ អឹម ខេ ទទួលបានប្រាក់សន្សំចំនួន៤០លានដុល្លារ ហើយនៅឆ្នាំ២០១៥ កើនឡើងរហូតដល់៦០លានដុល្លារ ។ ចំណែកប្រាក់កម្ចីវិញកើនពី៩៨លានដុល្លារនៅឆ្នាំ២០១៤ រហូតដល់១១៨លានដុល្លារ គិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០១៥»។
លោកបញ្ជាក់ថា ៖ «អេ អឹម ខេ មានអតិថិជនទទួលប្រាក់កម្ចីប្រមាណ៣៣ម៉ឺននាក់ និងអតិថិជនសន្សំមានជាង១២ម៉ឺននាក់ បើធៀបនឹងពេលមុន គឺមានចំនួនកើនឡើង ជាពិសេសសម្រាប់អតិថិជនដាក់បានប្រាក់សន្សំ ។ ការកើនឡើងនេះ ខ្ញុំយល់ថា ដោយសារអតិថិជនមានជំនឿចិត្តមកលើ អេ អឹម ខេ ក្នុងការផ្តល់ជូននូវភាពងាយស្រួលនៃការដក ឬដាក់ប្រាក់សន្សំ ។ អេ អឹម ខេ ក៏បានផ្តល់ជូននូវម៉ាស៊ីន ATM ចំនួន៦៥គ្រឿងសម្រាប់ប្រើប្រាស់នៅទូទាំងប្រទេសផងដែរ» ។
ទាក់ទងនឹងយុទ្ធសាស្ត្រទៅថ្ងៃអនាគតបើតាមលោក ម៉ម ជឿន មានប្រសាសន៍ថា៖ «រយៈពេល៥ឆ្នាំខាងមុខ អេ អឹម ខេ មានផែនការបង្កើនសាច់ប្រាក់ចំនួន៣៥០លានដុល្លារ និងត្រូវការអតិថិជនជាង៣០ម៉ឺននាក់ទៀត ។ ដើម្បីសម្រេចឱ្យបានផែនការនេះ យើងមានយុទ្ធសាស្ត្រចំនួន៣គឺ ៖ ការថែទាំអតិថិជនចាស់ ការចាប់យកអតិថិជនថ្មី និងគុណភាពនៃប្រាក់កម្ចី» ។
លើសពីនេះទៀត ក៏មានការពង្រីកបណ្តាញការិយាល័យ ពង្រឹងសមត្ថភាពបុគ្គលិក ពង្រឹងការផ្សព្វផ្សាយ និងការយល់ដឹងរបស់អតិថិជនលើផលិតផលរបស់ អេ អឹម ខេ ផងដែរ ។ អេ អឹម ខេ នឹងបន្តដាក់ម៉ាស៊ីន ATM នៅតាមអនុសាខាសក្តានុពលដើម្បីបង្កើនភា្នក់ងារឲ្យបានគ្រប់ភូមិដើម្បីបង្កើនប្រាក់សន្សំ ។
លោកបណ្ឌិត ប៊ុន មុនី ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា លីមីតធីត និងជាប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ដែរថា ៖ «ការផ្តល់ប្រាក់កម្ចីក្នុងវិស័យមីក្រូហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននេះ គឺមានការប្រកួតប្រជែងគ្នា ព្រោះកម្ពុជាអនុវត្តរបបសេដ្ឋកិច្ចទីផ្សារសេរី ។ សកម្មភាពប្រកួតប្រជែងទាំងនេះ គឺជាកត្តាល្អសម្រាប់ទីផ្សារនៅស្រុកខ្មែរយើង ដែលធ្វើឲ្យគ្រឹះស្ថាននីមួយៗខិតខំពង្រឹងនូវក្របខ័ណ្ឌវិជ្ជាជីវៈក្នុងការប្រកួតប្រជែងគ្នា មានន័យថា ជាការផ្តល់សេវាកម្មឲ្យកាន់តែល្អដល់ប្រជាពលរដ្ឋដែលប្រើសេវាកម្មធនាគារ ។ ចំពោះតម្លៃវិញ គេនៅតែធ្វើឲ្យល្អប្រសើរដើម្បីទទួលបានជំនឿទុកចិត្តពីអ្នកប្រើប្រាស់» ។
លោកបន្តទៀតថា ៖ «ក្នុងពេលកន្លងមកសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកប្រមាណជា៣៩គ្រឹះស្ថាន ។ នៅក្នុងឆ្នាំ២០១៥ តាមរយៈធនាគារជាតិនៃកម្ពុជា នឹងអនុញ្ញាតឱ្យផ្តល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានថ្មីៗជាច្រើនទៀត ។ ប៉ុន្តែបើតាមខ្ញុំដឹង ក្រៅផ្លូវការថា មានគ្រឹះស្ថានកើនឡើងប្រហែល១០ផ្សេងទៀត ដែលខ្ញុំគិតថា ជាការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកចម្រើន និងមានជំនឿទុក ចិត្ត ។ គ្រឹះស្ថានថ្មីទាំងនោះត្រូវរៀនសូត ពីក្របខ័ណ្ឌវិជ្ជាជីវៈក្នុងការផ្តល់សេវាកម្មនេះឲ្យ បានដល់ប្រជាពលរដ្ឋ ដែលធានាបាននូវការរីកចម្រើនប្រកបដោយ ចីរភាព» ។
លោកបញ្ជាក់ផងដែរថា ៖ «នៅត្រីមាសទី២ ក្នុងឆ្នាំ២០១៥កន្លងមក ប្រាក់ទុនរបស់សមាគមបានកើនឡើងជាង២ពាន់៤០០លានដុល្លារសម្រាប់ផ្តល់ជូនអតិថិជន ។ ប្រាក់បញ្ញើក្នុងស្ថាប័នទាំង៧ ដែលទទួលបានអាជ្ញាប័ណ្ណនោះត្រូវបង្កើនទុនរហូតដល់១ពាន់លានដុល្លារ។ អតិថិជនដែលបានខ្ចីប្រាក់មានជាង១លាន៧សែនគ្រួសារ ចំណែកអ្នកផ្ញើប្រាក់មានជាង១លាន២សែនគ្រួសារ ។ ចំនួននៃការប្រែប្រួលនេះជាមធ្យម ខ្ញុំមើលឃើញថា អាចនឹងប្រែប្រួលប្រមាណពី៣០% ទៅ៤០% ក្នុងមួយឆ្នាំ» ។
សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត បើតាមលោកបណ្ឌិតឱ្យដឹងថា ៖ «មានតួលេខរីកចម្រើនខ្ពស់ជាងសមាគមបន្តិច បើយើងគិតជាភាគរយ ដោយយើងរំពឹងថា នឹងពង្រីកប្រាក់ទុនរបស់យើងក្នុងមួយឆ្នាំប្រហែលជា៥០%បន្ថែមទៀត រីឯប្រាក់បញ្ញើអាចកើនឡើង៦០% ។ ចំពោះអតិថិជនផ្ញើប្រាក់ និងអ្នកខ្ចីប្រាក់ ក៏មានចំនួនកើនឡើងច្រើនជាងតួលេខរបស់សមាគមផងដែរ ។ ការកើនឡើងទាំងនេះដោយសារតែយើងមានយុទ្ធសាស្ត្រសមស្របធ្វើឲ្យអតិថិជនមានជំនឿទុកចិត្តកាន់តែខ្លាំងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត សព្វថ្ងៃនេះ» ។
លោកបន្តថា ៖ «ស្ថាបនាលីមីតធីតមានសាខាសរុបទាំងអស់ចំនួន១៤៩កន្លែងនៅទូទាំងប្រទេស ហើយមកដល់បច្ចុប្បន្ននេះ យើងនៅតែពង្រីកខ្លួនតាមខេត្ត-ក្រុងចាស់ៗបន្ថែមទៀត មានន័យថា យើងនឹងដាក់នៅតាមស្រុក ឬឃុំ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋរស់នៅតាមជនបទ» ។
ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកជំទាវ អ៊ុក ម៉ាលី បានមានប្រសាសន៍ក្នុងពិធីបើកសម្ពោធគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នាពេលថ្មីៗនេះថា ៖ «វិស័យមីក្រូហិរញ្ញវត្ថុកំពុងតែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋរហូតដល់តំបន់ជនបទ ។ ការរីកចម្រើនទាំងនេះអាចឆ្លុះបញ្ចាំងបានតាមរយៈការពង្រីកបណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងប្រទេស ក្នុងនោះមានការិយាល័យប្រតិបត្តិការថ្នាក់ស្រុកមានចំនួន២.៧២០ការិយាល័យ ប៉ុស្តិ៍សេវានៅថ្នាក់ឃុំចំនួន១៨.០៨៦ និងនៅថ្នាក់ភូមិចំនួន១០៩.៧០០ប៉ុស្តិ៍សេវា» ។
លោកជំទាវបន្តថា ៖ «ឥណទានសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គិតត្រឹមឆមាសទី១ ឆ្នាំ២០១៥ បានកើនឡើង២០,៤៥% ធៀបនិងឆមាសទី២ ឆ្នាំ២០១៤ គឺចាប់ពី៨.២១៩ពាន់លានរៀល ដល់១០.០៦៤ពាន់លានរៀល ដែលបានផ្តល់ជូនអតិថិជនខ្ចីប្រាក់ក្នុងប្រព័ន្ធគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រមាណ១.៨៤៥.៨០៨នាក់។ រហូតមកដល់ពេលនេះ កម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៥៤ ក្នុងនោះគិតទាំងគ្រឹះស្ថានកំពុងបើកដំណើរការផងដែរ ។ ក្នុងចំណោម៥៤មីក្រូហិរញ្ញវត្ថុនេះ មាន៧គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចទទួលប្រាក់បញ្ញើបាន ។ ដោយឡែក គ្រឹះស្ថានចំនួន៤៧ផ្សេងទៀតបានត្រឹមតែផ្តល់ប្រាក់កម្ចីប៉ុណ្ណោះ» ។
លោកជំទាវគូសបញ្ជាក់ថា ៖ «ជាធម្មតា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបើកដំបូងមិនអាចទទួលប្រាក់បញ្ញើបានទេ បានត្រឹមតែផ្តល់ឥណទានប៉ុណ្ណោះ ។ លុះត្រាតែគ្រឹះស្ថាននោះដំណើរការល្អរយៈពេល៣ឆ្នាំជាប់គ្នាៗ ហើយមានតុល្យភាព និងការរីកចម្រើននោះ ទើបធនាគារជាតិអាចផ្តល់ឲ្យគ្រឹះស្ថាននោះមានសិទ្ធិទទួលប្រាក់បញ្ញើបាន» ៕


ចែករំលែកព័តមាននេះ