រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡាមួយគ្រឿងបើកឡើងសួនច្បារក្បែររង្វង់មូលជ្រោយចង្វារថ្មីទាំងកំរោលដោយសាតែម្ចាស់រថយន្តជាស្ត្រីស្រាស្រវឹងជោកជាំ និងឃត់សមត្ថកិច្ចមិនឱ្យស្ទូចរថយន្តរបស់ខ្លួន កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ តុលា ២០១៥ នៅផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2D-9743 បើកដោយស្ត្រីម្នាក់ដែលស្រវឹងស្រាជោកជាំ ក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុជាផ្លូវកោងបួងចង្កូតមិនទាន់ក៏បុកឡើងសួនច្បារទាំងកំរោលបណ្តាលឱ្យរថយន្តដាច់កាឡេកង់មុខបើកទៅមុខលែងរួច បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែង រួចស្ទូចយករថយន្តទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕


ចែករំលែកព័តមាននេះ