រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងទាំងពីរដោយសាររថយន្តម៉ាកហាយឡិនឌ័រមួយគ្រឿងដែលបើកបរដោយបុរសវ័យចំណាស់ម្នាក់ទើបតែចាក់សាំងរួចជាន់ហ្គាហោះទៅបុកដួលផ្ទប់នឹងថ្ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៧ តុលា ២០១៥ នៅក្នុងស្ថានីយប្រេងឥន្ធនៈតូតាល់ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៤៣០ កែងនិងផ្លូវលេខ៤៣២ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ កង សុនីន អាយុ៣២ឆ្នាំ មុខបរជាជាងជួសជុលរថយន្ត មានទីលំនៅផ្ទះលេខ ៦៤ ផ្លូវលេខ២០៣ ភូមិត្នោតជ្រុំ៤ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា C110 ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ១M-០៧៦១ ចូលមកចាក់សាំង ចំណែកអ្នកបើកបរថយន្តបង្កមានឈ្មោះ ហ៊ុន កុសល ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅផ្ទះលេខ ៤ ផ្លូវបេតុង ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានបើករថយន្តម៉ាកហាយឡិនឌ័រ ព៌ណស្ករ ពាក់ស្លាកលេខភ្នំពេញ២AC-៤០៨៧ មួយគ្រឿងចេញពីចាក់សាំងបានជាន់ហ្គាទៅមុខក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលកំពុងតែចាក់សាំងខាងមុខពេញទំហឹងតែម្តង៕




ចែករំលែកព័តមាននេះ