រាជធានីភ្នំពេញ ៖ ចោរឆក់កាបូបពីរនាក់ធ្វើសកម្មភាពបានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួនត្រូវសមត្ថកិច្ចល្បាតប្រទះឃើញបានជិះម៉ូតូដេញបុកធ្វើឱ្យជនសង្ស័យភ័យជិះម៉ូតូទៅបុករោងការរបស់គេ បង្កឱ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋពេញមួយភូមិចេញមកឡោមព័ទ្ធដេញចាប់បានជនសង្ស័យទាំង២នាក់នេះវាយឡើងទ្រមខ្លួនទើបឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៨ តុលា ២០១៥ ស្ថិតនៅចំណុចផ្សារគីឡូលេខ៤ តាមបណ្តោយផ្លូវលេខ១៣៨ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
ស្ត្រីរងគ្រោះមានឈ្មោះ លឹមថូ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ក្រោយសាលាសន្ធរម៉ុក បានឲ្យដឹងថា មុនពេលកើតហេតុនាងចេញពីបុណ្យគេនៅខេត្ត ដោយជិះម៉ូតូជាមួយប្អូនប្រុសម្នាក់ត្រឡប់មកផ្ទះវិញ ដោយកាន់កាបូបដៃមួយនៅជាប់នឹងដៃ ស្រាប់តែកំពុងតែជិះម៉ូតូធ្វើដំណើរតាមផ្លូវលេខ ១៣៨ ក្នុងទិសដៅពីកើតទៅលិច ក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ស៊េរីចាស់ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AH- 1176 ជិះមកក្បែរម៉ូតូរបស់គាត់ ហើយធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចពួកគេក៏ជិះម៉ូតូគេចខ្លួន តែពេលនោះគាត់ព្យាយាមស្រែកឱ្យគេជួយ ស្របពេលនោះក៏មានសមត្ថកិច្ចកំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានឃើញដូចនេះជិះម៉ូតូដេញតាមបុកធ្វើឱ្យជនសង្ស័យភ័យជិះម៉ូតូទៅបុករោងការរបស់គេបណ្តាលឱ្យដួលម៉ូតូបង្កឱ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋពេញមួយភូមិចេញមកឡោមព័ទ្ធចាប់ជនសង្ស័យនេះភ្លាមៗ ។
ប្រជាពលរដ្ឋបានបញ្ចេញកំហឹងយ៉ាងចាស់ដៃទៅលើជនសង្ស័យទាំងពីរនាក់ដែលចាប់បាននោះ ទើបប្រគល់ឱ្យសមត្ថកិច្ចជាក្រោយ។ ស្ត្រីរងគ្រោះបានបន្តទៀតថា ចំពោះលុយក្នុងកាបូបនោះ គឺគ្មានច្រើនទេមាន១០ដុល្លារ និងទូរស័ព្ទចិនមួយគ្រឿងប៉ុណ្ណោះ ។
ជនសង្ស័យដែលឃាត់ខ្លួនបានជាអ្នកបើកម៉ូតូមានឈ្មោះ ចាន់រ៉ា ហ្គូល ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងម្នាក់ទៀតជាអ្នកឆក់មានឈ្មោះ ឆាយវិរៈ ភេទប្រុស អាយុ២៨ ឆ្នាំ ស្នាក់នៅជាមួយគ្នា៕





ចែករំលែកព័តមាននេះ