រាជធានីភ្នំពេញ ៖ បើកបរខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនមួយបត់ស្តាំបុករថយន្តហាយឡែនឌ័របើកស្របទិសគ្នាបណ្តាលឲ្យក្រពឹតទ្វារក្រោយចំហៀងខាងឆ្វេងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៧ តុលា នៅកែងផ្លូវលេខ២៧១និងលេខ១៨៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-0671 ជារថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន បើកតាមផ្លូវលេខ២៧១ ពីត្បូងទៅជើង ស្របគ្នាជាមួយរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T-5593 បើកបរដោយបុរសម្នាក់វ័យជិត៥០ឆ្នាំ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កបើកបរស្របគ្នាជាមួយរថយន្តរងគ្រោះលុះមកដល់ចំណុចខាងលើរថយន្តបង្កបានបត់ស្តាំដោយខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យបត់ទៅកៀរបុករថយន្តរងគ្រោះក្រពឹតទ្វារក្រោយចំហៀងខាងឆ្វេង តែមិនបង្កឲ្យមានអ្នក រងរបួសទេ ។
ក្រោយពេលកើតហេតុ ភាគីទាំងពីរបានចរចាគ្នារាប់ម៉ោង ទើបខាងរថយន្តបង្កយល់ព្រមយករថយន្តដែលខូចខាតទៅជួសជុលដើម្បីបញ្ចប់រឿង ៕


ចែករំលែកព័តមាននេះ