នាវាចម្បាំងអាមេរិក១គ្រឿងកាលពីថ្ងៃទី២៧ តុលា បានចូលទៅក្បែរប្រជុំកោះសិប្បនិមិត្តកសាងដោយក្រុងប៉េកាំងក្នុងសមុទ្រចិនខាងត្បូង ដែលញ៉ាំងឱ្យមានការថ្កោលទោសដោយខឹងសម្បាពីសំណាក់អាជ្ញាធរចិន ដែលបរិហារថា នេះជាការគំរាមកំហែងមួយដល់អធិបតេយ្យភាពរបស់ចិន ។
អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងការពារប្រទេសអាេមរិកគូសបញ្ជាក់ប្រាប់ AFP ថា នាវាបាញ់គ្រាប់មីស៊ីល USS LASSEN កាលពីព្រឹកថ្ងៃទី២៧ តុលា បានបើកបរក្នុងដែនទឹកជុំវិញកោះមួយ ក្នុងចំណោមប្រជុំកោះទាំងនេះដែលចិនអះអាងថា ជារបស់ខ្លួនក្នុងតំបន់ប្រជុំកោះមានជម្លោះស្ប្រាតលីបែបនេះ នាំឱ្យចិនសម្តែងពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ។
ក្នុងសេចក្តីប្រកាសមួយ លោក LU KANG អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងថា នាវាចម្បាំងអាមេរិកបានចូលដោយខុសច្បាប់ ហើយគ្មានការអនុញ្ញាតរបស់ចិន ក្នុងដែនទឹកជុំវិញប្រជុំកោះនោះ ហើយទង្វើបែបនេះគំរាមកំហែងដល់អធិបតេយ្យភាពរបស់ចិន និងបណ្តាផលប្រយោជន៍សន្តិសុខរបស់ខ្លួន ។
អ្នកនាំពាក្យរូបនោះបន្តថា បណ្តាផ្នែកទាក់ទិនយោងតាមច្បាប់តាមដាននាវានេះ បន្ទាប់មកធ្វើការព្រមានមួយ ។ រដ្ឋាភិបាលចិននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពបង្កហេតុ ។
ចិនចាត់ទុកជាដែនទឹករបស់ខ្លួន តំបន់មួយមានចម្ងាយ១២ម៉ាយជុំវិញកោះទាំងឡាយដែលខ្លួនកសាងនៅតំបន់ប្រជុំកោះស្ប្រាតលី ។ ក៏ប៉ុន្តែសហរដ្ឋអាមេរិកបដិសេធការទាមទារនេះដោយវាយតម្លៃថា ចិនពុំអាចបង្កើតអធិបតេយ្យមួយលើដែនទឹកយុទ្ធសាស្ត្រទាំងនោះដែលក្រុងប៉េកាំងមានជម្លោះដែនដីដ៏ចម្រូងចម្រាស់ជាមួយបណ្តាប្រទេសអាស៊ីជិតខាងឡើយ ។ អ្នកទទួលខុសត្រូវអាមេរិកម្នាក់អះអាងនាពេលមុននេះថា យើងនឹងធ្វើប្រតិបត្តិការជាទម្លាប់នៅសមុទ្រចិនខាងត្បូង ហើយយើងនឹងបើកបរក្នុងដែនទឹកអន្តរជាតិពេលយើងចង់ធ្វើ ៕
ចែករំលែកព័តមាននេះ