អ.ស.ប គូសបញ្ជាក់កាលពីថ្ងៃទី២៦ តុលា ថា មនុស្សយ៉ាងតិច១២០.០០០នាក់រត់ភៀសខ្លួនដោយសារការប្រយុទ្ធគ្នានៅខេត្តអាឡែប ខេត្តហាម៉ា និងខេត្តអីុដលីប ស៊ីរី តាំងពីដើមខែតុលានេះមក ។
អ្នកនាំពាក្យម្នាក់នៃការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ អ.ស.ប លោកស្រី VANESSA HUGUENIN ថ្លែងប្រាប់ AFP នៅក្រុងហ្សឺណែវថា បណ្តាភ្នាក់ងារមនុស្សធម៌ពេលនេះយល់ថា មនុស្សយ៉ាងតិច១២០.០០០នាក់រត់ភៀសខ្លួននៅខេត្តអាឡែប ខេត្តហាម៉ា និងខេត្តអីុដលីប តាំងពីដើមខែតុលាមក ដោយសារការប្រយុទ្ធគ្នា ដែលនៅបន្ត ។ លោកស្រីបញ្ជាក់ថា តួលេខអ្នករត់ភៀសខ្លួនមានដល់៥០.០០០នាក់ កាលពីសប្តាហ៍មុន ។
ជម្លោះនៅស៊ីរីដែលបណ្តាលឱ្យមនុស្សស្លាប់ជាង២៥០.០០០នាក់ ហើយចាប់តាំងពីខែមីនា ឆ្នាំ២០១១ មក ប្រែក្លាយទៅជាសង្គ្រាមមួយកាន់តែស្មុគស្មាញ ដោយមានការលោតចូលរបស់តួអង្គជាច្រើន ។ តួអង្គចុងក្រោយគេគឺរុស្ស៊ីដែលបានប្រកាសកាលពីថ្ងៃទី២៦ តុលា ថា បានធ្វើការវាយប្រហារលើបណ្តាគោលដៅ៩៤របស់ពួកភេរវកររយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនោះជាការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាបំផុត តាំងពីរុស្ស៊ីចាប់ផ្តើមធ្វើអន្តរាគមន៍ពីថ្ងៃទី៣០ កញ្ញា មក ។ ការវាយប្រហារទាំងនេះមានជាពិសេសនៅខេត្តអាឡែប ហាម៉ា និងអីុដលីប ៕
ចែករំលែកព័តមាននេះ