ក្រោយការបោះឆ្នោតប្រកបដោយសន្តិវិធីបំផុតនៃប្រវត្តិសាស្ត្រកូឡុំប៊ី ស្រាប់តែកើតមានការវាយប្រហារមួយរបស់ពួកឧទ្ទាមក្រុម ELN បណ្តាលឱ្យមនុស្សស្លាប់ដល់ទៅ១២នាក់ និងរបួស៣នាក់ ព្រមទាំងបាត់ខ្លួន៦នាក់កាលពីថ្ងៃទី២៦ តុលា ។
ប្រធានាធិបតីកូឡុំប៊ី លោកហ្សង់ ម៉ានុយអែល សាន់តូស ក្នុងបទអន្តរាគមន៍តាមទូរទស្សន៍មួយនៅវិមានប្រធានាធិបតី CASA DE NARINO ក្រុងបូហ្គោតាថ្លែងថា ខណៈយើងធ្វើការបោះឆ្នោតដោយសន្តិវិថី ហើយក្នុងសភាពស្ងប់ស្ងាត់បំផុតពុំធ្លាប់មានរយៈពេលចុងក្រោយនេះ ក្រុមឧទ្ទាម ELN បានសម្លាប់នាថ្ងៃទី២៦ តុលា នៅ GUICAN ខេត្តបូយ៉ាកា ភាគខាងកើតប្រទេសនូវទាហានរបស់យើង១១នាក់ និងប៉ូលិសម្នាក់ ។
សមាជិកកងកម្លាំងសន្តិសុខទាំង១២នាក់នេះស្លាប់ពេលមានការវាយប្រហារដោយគ្រឿងផ្ទុះមួយរបស់ពួកឧទ្ទាមក្រុមកងទ័ពរំដោះជាតិ ELN ខណៈពួកគេមានភារកិច្ចយាមការពារសន្លឹកឆ្នោតក្រោយការបោះឆ្នោតតំបន់ និងក្រុងនាពេលមុននេះ ។
បន្ទាប់មករដ្ឋមន្ត្រីការពារប្រទេសកូឡុំប៊ី លោក LUIS CARLOS VILLEGAS អះអាងម្យ៉ាងទៀតថា ទាហាន៣នាក់បានត្រូវរបួស ហើយមនុស្ស៦នាក់ទៀតបាត់ខ្លួន ក្នុងនោះមានសមាជិកកងកម្លាំងសន្តិសុខ៣នាក់ ភ្នាក់ងារបោះឆ្នោត២នាក់ និងមគ្គុទេសក៍ម្នាក់នៃសហគមន៍ជនជាតិដើមអ៊ូវ៉ា ។ ការវាយប្រហារនេះកើតមាននៅភូមិជនជាតិដើមបាជីរ៉ា ក្នុងសង្កាត់ GUICAN ដែលនៅទីនោះកងកម្លាំងសន្តិសុខយាមការពារសន្លឹកឆ្នោតនៃការិយាល័យបោះឆ្នោត២ ។
លោកប្រធានាធិបតីសាន់តូស ដែលរដ្ឋាភិបាលលោកចាប់ផ្តើមពីខែមករា ឆ្នាំ២០១៤មក ធ្វើការចរចារៀបចំសម្រាប់ការចរចាសន្តិភាពជាមួយក្រុមឧទ្ទាម ELN ជាក្រុមឧទ្ទាមទី២របស់កូឡុំប៊ី ដែលមានយុទ្ធជនប្រមាណ២.៥០០នាក់ បានបរិហារចំពោះការវាយប្រហារនោះថា បែបនេះបង្ហាញថា ក្រុម ELN ពុំបានយល់ថា យើងកំពុងស្ថិតក្នុងពេលសន្តិភាព ពុំមែនក្នុងពេលសង្គ្រាមឡើយ ។ ប្រសិនបើក្រុម ELN យល់ថាជាមួយអំពើបែបនោះ ខ្លួននឹងបានចំណេញខាងនយោបាយ ឬពង្រឹងទស្សនៈវិស័យនៃការចរចាជាយថាហេតុនេះ គេពិតជាយល់ខុសទាំងស្រុងហើយ ។ វាពិតជាទទួលលទ្ធផលផ្ទុយស្រឡះ ។ ខ្ញុំបានចេញបញ្ជាដល់រដ្ឋមន្ត្រីការពារប្រទេសឱ្យបង្កើនការខិតខំប្រឹងប្រែង និងបង្កើនសកម្មភាពយោធាប្រឆាំងនឹងក្រុមឧទ្ទាមនេះ ។
ម្យ៉ាងទៀត រដ្ឋាភិបាលលោកសាន់តូស ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១២ មក បានធ្វើការចរចាជាមួយក្រុមឧទ្ទាមធំកងកម្លាំងបដិវត្តន៍កូឡុំប៊ី FARC ដែលមានយុទ្ធជនប្រមាណ៧.០០០នាក់ ។ ភាគីទាំង២សន្យាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាស្ថាពរមួយមុនថ្ងៃទី២៣ មីនា ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ