រុមហ៊ុនអាកាសចរណ៍អង់គ្លេសគូសបញ្ជាក់ថា យន្តហោះប៊ូអីុង៧៣៧-៤០០មួយគ្រឿងរបស់ក្រុមហ៊ុន BRITISH AIRWAYS ដែលដឹកមនុស្ស១០០នាក់បានបែកកង់មួយពេលចុះចត កាលពីថ្ងៃទី២៦ តុលា លើផ្លូវចុះឡើងនៃយន្តហោះឯព្រលានយន្តហោះអន្តរជាតិ OR TAMBO ជិតទីក្រុងចូហាណេស្បួរ អាហ្វ្រិកខាងត្បូង ក៏ប៉ុន្តែពុំបណ្តាលឱ្យមានអ្នករងរបួសឡើយ ។
មនុស្ស១០០នាក់ ក្នុងនោះមានអ្នកដំណើរ៩៤នាក់ និងសមាជិកក្រុមយានិក៦នាក់ជិះក្នុងយន្តហោះនេះរបស់ក្រុមហ៊ុន BRITIS H AIRWAYS ដែលហោះមកពីទីក្រុង PORT ELIZABETH ហើយជួបប្រទះនឹងគ្រោះថ្នាក់ ពេលចុះចតនាវេលាថ្ងៃត្រង់ ។ លោក IRIK VENTER ប្រធានអគ្គនាយករបស់ក្រុមហ៊ុន COMAIR ជាសាខារបស់ BRITISH AIRWAYS នៅអាហ្វ្រិកខាងត្បូងថ្លែងថា យន្តហោះនេះចុះចតធម្មតាតែក្រុមយានិកចាប់អារម្មណ៍ដែលយន្តហោះរេចុះឡើងខុសពីទម្លាប់ ព្រោះតែកង់យន្តហោះផ្នែកខាងឆ្វេងមួយផ្ទុះបែក ។ អ្នកដំណើរទាំងអស់ និងបណ្តាសមាជិកក្រុមយានិកពុំមាននរណាម្នាក់រងរបួសឡើយ ។
រូបភាពនានាបង្ហោះតាមបណ្តាញសង្គមបង្ហាញយន្តហោះនេះផ្អៀងម្ខាង ដោយស្លាបខាងឆ្វេងរបស់វាប៉ះនឹងដី ។ ក្រោយគ្រោះថ្នាក់នេះផ្លូវចុះឡើងរបស់ព្រលានយន្តហោះ OR TAMBO ជាព្រលានយន្តហោះធំជាងគេបំផុតរបស់អាហ្វ្រិកខាងត្បូងបានបិទបណ្តោះអាសន្ន ញ៉ាំងឱ្យជើងហោះហើរមួយចំនួនជួបការយឺតយ៉ាវប្រមាណមួយម៉ោង ៕
ចែករំលែកព័តមាននេះ